ប្រជាពលរដ្ឋ​រិះគន់ថា ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ភូមិ​ត្រពាំង​ឈូក​ជា​រឿង​ដដែលៗ​

ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ គឺជា​តំបន់​ចែកចាយ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ដ៏​ល្បីល្បាញ ហើយ​សមត្ថកិច្ច​បង្ក្រាប​មិនចេះ​អស់​នោះទេ បើទោះបី​ក្នុង​មួយខែៗ​មានការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ក្នុង​តំបន់​នេះ​ជាច្រើនលើក​ក៏ដោយ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា លោក លី សា​វេត អភិបាលខណ្ឌ​សែន​សុខ និង​លោក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ អសមត្ថភាព​ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ក្នុង​ដែនដី​ក្រោម​ការគ្រប់គ្រង​របស់ខ្លួន ទើប​បទល្មើស​កើតឡើង​យ៉ាង​រាលដាល​។ បញ្ហា​នេះ​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មិនគួរ​មើលរំលង​ភាព​អសកម្ម​របស់លោក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ​នោះទេ ព្រោះ​បទល្មើស​គ្រឿងញៀន​ក្នុងភូមិ​ត្រពាំង​ឈូក នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​។

កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៦ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​១០​នាក់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​នៅ​ភូមិ​ត្រពាំង​ឈូក ប្លុក​មុខ​ពេ​ទ្រ​លោកសង្ឃ ដោយ​រឹបអូស​គ្រឿងញៀន​និង​វត្ថុតាង​មួយចំនួន​ផងដែរ​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​ក្នុងចំណោម​ជនសង្ស័យ​ទាំង​១០​នាក់ មាន​២​នាក់​ជាប់​ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​និង​ផ្តល់​ទីតាំង​ប្រើប្រាស់​គ្រឿងញៀន​ច្រើន​ឆ្នាំ​មកហើយ​នៅក្នុង​ភូមិ​ត្រពាំង​ឈូក​នេះ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ជនល្មើស​ម្នាក់​ឈ្មោះ លាង លី អាយុ​៥៧​ឆ្នាំ មាន​មុខរបរ​ចែកចាយ​គ្រឿងញៀន និង​ផ្ដល់​ទីតាំង​ជក់​គ្រឿងញៀន​ក្នុងភូមិ​ត្រពាំង​ឈូក​នេះ​តែម្តង ហើយ​កន្លងមក​សមត្ថ​កិច្ច​ធ្លាប់​ចាប់ខ្លួន​មិនតិចជាង​១០​លើក​នោះទេ​។ គេ​ឆ្ងល់​ថា​ហេតុអ្វី​បានជា​សមត្ថកិច្ច​និង​តុលាការ​ចេះតែ​ដោះលែង​ជននេះ​ឲ្យ​មក​ប្រព្រឹត្ត​បទល្មើស​ដដែលៗ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។

​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ លឹម អ៊ឹម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ផ្ទះជួល​ក្នុងភូមិ​ត្រពាំង​ឈូក ក៏មាន​អាជីព​ជា​អ្នកជួញដូរ​ចែកចាយ​និង​ផ្តល់​ទីតាំង​ប្រើប្រាស់​គ្រឿងញៀន​ក្នុងភូមិ​ត្រពាំង​ឈូក​ដូច​ឈ្មោះ លាង លី ផងដែរ​។ ជនសង្ស័យ​ទាំង​២​នាក់​នេះ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ជាច្រើនលើក ប៉ុន្តែ​ការចាប់ខ្លួន​នោះ​មិនបាន​ប៉ុន្មាន​ផង​ក៏​ឃើញ​មុខ​ពួកគេ​មក​ប្រកបមុខរបរ​ដូច​មុន​ដដែល ដោយ​មិន​ខ្លាច​ការបង្ក្រាប​របស់​ស​ម​ត្ថ​កិច្ច​បន្តិច​ណា​ឡើយ​។ មជ្ឈដ្ឋាន​មួយចំនួន​សង្ស័យថា ពួកគេ​ប្រហែល​ជាមាន​ខ្នងបង្អែក​ធំ​ទើប​សមត្ថកិច្ច និង​តុលា​ការចាប់​លែងៗ​ជាច្រើនលើក ហើយ​ទីបំផុត​ពួកគេ​នៅតែ​ប្រកបមុខរបរ​ខុសច្បាប់​បន្តទៀត​យ៉ាង​សុខ​ស្រួល​។ បញ្ហា​នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ធ្វើការ​ស៊ើបអង្កេត​ឲ្យ​បានច្បាស់លាស់ ដើម្បី​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ក្នុងភូមិ​ត្រពាំង​ឈូក ប្រកបដោយ​ប្រសិទ្ធភាព​៕

mrok-hougលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ