បទល្មើស​នេសាទ​ក្នុង​ខេត្តកំពង់ឆ្នាំង រាលដាល​កាន់តែខ្លាំង​ដោយសារតែ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មិន​ទប់ស្កាត់​

បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប​នៃ​ខេត្តកំពង់ឆ្នាំង បានកើត​ឡើង​យ៉ាង​ពេញបន្ទុក​ទាំង​នៅក្នុង​រដូវ​បិទ​នេសាទ និង​រដូវ​បើក​នេសាទ ព្រោះ​លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង គិតគូរ​តែ​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ប៉ុណ្ណោះ​។ បញ្ហា​នេះ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​កិ​សកម្ម​រុក្ខាប្រមាញ់​និង​នេសាទ គួរ​ចាត់វិធានការ​លើ​មន្ត្រីជលផល​ក្នុង​ខេត្តកំពង់ឆ្នាំង​ជាបន្ទាន់ ព្រោះ​ពួកគេ​បណ្ដោយ​ឲ្យ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។ លើស​នេះ​ទៅទៀត​ប្រជាពលរដ្ឋ​ក្នុងស្រុក​កំពង់លែង ស្រុក​បរិបូរណ៍ ស្រុក​ជល​គិរី ស្រុក​កំពង់ត្រឡាច និង​ក្រុង​កំពង់ឆ្នាំង បាន​រិះគន់​ចំៗ​ថា បទល្មើស​នេសាទ​គឺជា​ប្រភព​ចំណូល​របស់លោក សោម ភា​រុណ និង​បក្ខពួក​។

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មន្ត្រីជលផល​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​កំពុង​សប្បាយ​ប្រមូល​លុយ​ពី​ក្រុម​ជនល្មើស​ដែល​ប្រើ​ឧបករណ៍​ខុសច្បាប់​ដូចជា ហ៊ុម​សម្រាស់​ចាប់​ត្រី និង​ប្រើ​ឧបករណ៍​ខុសច្បាប់​ផ្សេងៗ​ទៀត​តាម​អំពើ​ចិត្ត​។ ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួ​សារបាន​រិះគន់ថា មន្ត្រី​អាជ្ញាធរ​ឃុំ និង​មន្ត្រី​សហគមន៍​នេសាទ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយ ហើយ​បែរជា​ដើរ​ប្រមូល​លុយ​ពី​ម្ចាស់​សម្រាស់​ក្នុង​មួយកន្លែង​ចាប់ពី​៣៥​ម៉ឺន​រៀល​ឡើងទៅ និង​មានការ​ឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ជល​ផល​។ ហេតុនេះហើយ​ទើប​នៅក្នុង​បឹង​ទន្លេសាប​នៃ​ឃុំ​ផ្លូវ​ទូក និង​ឃុំ​ប្រឡាយ ស្រុក​កំពង់លែង មាន​សម្រាស់​រាប់រយ​ក​ន្លែ​ង​ដែល​ត្រូវ​ក្រុម​ជនល្មើស​ហ៊ុមព័ទ្ធ​ចាប់យក​ត្រី​ដោយមាន​ការឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ច្រើន​ស្ថាប័ន ព្រមទាំង​មន្ត្រី​អាជ្ញាធរ​។

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា សូម្បីតែ​នៅ​តំបន់​ឡូត៍​អភិរក្ស​ក៏មាន​បទល្មើស​ដាក់​សម្រាស់​ហ៊ុមព័ទ្ធ​ចាប់យក​ត្រី​យ៉ាង​អនាធិបតេយ្យ​ដែរ ដោយមាន​មន្ត្រីរដ្ឋបាល​ជលផល មន្ត្រី​យោធា និង​មន្ត្រី​អាវុធហត្ថ ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​។ នៅក្នុង​ឡូត៍​អភិរក្ស​ព្រែក​ស្លត​មានការ​បើកដៃ​ឲ្យ​អ្នក​ប្រើ​ឧបករណ៍​ខុសច្បាប់​ចូលទៅ​ឆក់​ត្រី​ក្នុង​មួយថ្ងៃៗ​រាប់សិប​ទូក ហើយ​ក្នុង​ឧបករណ៍​ឆក់​មួយគ្រឿង​ត្រូវ​បង់លុយ​ឲ្យ​ក្រុម​ការពារ​ឡូត៍​អភិរក្ស​ប្រមាណ​៥០​ម៉ឺន​រៀល​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ក្នុង​ឃុំ​ផ្លូវ​ទូក និង​ឃុំ​ប្រឡាយ ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ភាព​វិនាស​ហិនហោច​ធនធាន​មច្ឆជាតិ​ក្នុង​បឹង​ទន្លេសាប​។ ដូច្នេះ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឲ្យ​បាន​ទាន់ពេលវេលា ព្រោះ​កន្លងមក​ការបង្ក្រាប​របស់លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ពុំមាន​ប្រសិទ្ធភាព​បន្តិច​ណា​ឡើយ​៕

a-fish-ky-500x300 a-fish-ky2-500x300