​លោក ប៊ិ​ញ ជីវ​តុង ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តកំពង់ស្ពឺ​មិន​បង្ក្រាប​ករណី​បូម​ខ្សាច់​ខុសច្បាប់​

ថ្មីៗ​នេះ លោក ប៊ិ​ញ ជីវ​តុង ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តកំពង់ស្ពឺ មិន​ត្រឹមតែ​មិន​បង្ក្រាប​ករណី​បូម​ខ្សាច់​ខុសច្បាប់​នៅក្នុង​ស្រុក​សំរោង​ទង​នោះទេ តែ​ថែមទាំង​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ទីតាំង​ទាំងនោះ​មានច្បាប់​ទៅវិញ ខណៈ​មន្ត្រីក្រោមឱវាទ​របស់លោក​បាន​បង្ហើប​ថា មិនមាន​ច្បាប់​ឡើយ គឺ​កំពុងតែ​បូម​ខ្សាច់​ទាំង​បំពាន​ច្បាប់​។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា ការកាយ និង​បូម​យក​ខ្សាច់ ពុំមាន​ច្បាប់​អនុញ្ញាត កំពុងមាន​ភាពអនាធិបតេយ្យ ក្នុង​ទឹកដី​ស្រុក​សំរោង​ទង ដែល​ធ្វើ​ឲ្យ​មានការ​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន តែ​មន្ត្រី​ជំនាញ​បាន​ត្រឹម​ឆ្លើយ​យករួចខ្លួន​ប៉ុណ្ណោះ​។​

​សកម្មជន​បរិស្ថាន​នៅ​ខេត្តកំពង់ស្ពឺ​បាន​រាយការណ៍​មក​ថា ឈ្មួញ​មាន​ឥទ្ធិពល​ឈ្មោះ លោក ភឿង ប៊​ន  បានធ្វើ​សកម្មភាព​កាយ​យក​ខ្សាច់​នៅក្នុង​ស្រុក​សំរោង​ទង ដោយ​មិនមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​នោះទេ គឺ​គេ​យក​ច្បាប់​កន្លែង​ផ្សេង​ទៅ​កាយ​នៅ​កន្លែង​ថ្មី​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​។ ប្រភព​ដដែល​បាន​បន្តថា ក្រុម​ឈ្មួញ​មានការ​ឃុបឃិត​ជាមួយ លោក ប៊ិ​ញ ជីវ​តុង ជា​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកំពង់ស្ពឺ ទើប​អាច​យក​គ្រឿងចក្រ​ទៅ​ដាក់ ដើម្បី​កាយ​បក​យក​ខ្សាច់ ព្រោះ​បើ​មិន​មានការ​ត្រូវរ៉ូវ​គ្នា ជាមួយ​លោក​ប្រធាន​មន្ទីរ​ឈ្មួញ​មិន​ងាយស្រួល​បំពាន​ច្បាប់​បានឡើយ​។​

គួរ​បញ្ជាក់ថា ទីតាំង​កាយ​យក​ខ្សាច់​ខាងលើ ស្ថិត​ក្នុងភូមិ​រលាំងចក ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ ថៅកែ​កាយ​ខ្សាច់​អត់​ច្បាប់​មាន​ច្រើន​នាក់ តែ​ត្រូវបាន​គេ​ស្គាល់​ច្បាស់​ជាងគេ​មានឈ្មោះ ភឿង ប៊​ន អតីត​ជាម​ន្ត្រី​យោធា​កង​អង្គរក្ស បច្ចុប្បន្ន​ជាម​ន្ត្រី​យោធា​នៅ​ក្រសួងការពារជាតិ​។ ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់ថា ខេត្តកំពង់ស្ពឺ សម្បូរ​កន្លែង​កាយ និង​បូម​ខ្សាច់​ច្រើន​កន្លែង​ក្នុងនោះ​មួយ​ភាគ​ធំ គឺ​សុទ្ធតែ​មិនមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ឡើយ​។​

​មន្ត្រីរាជការ​បម្រើការ​ងារ​នៅ​មន្ទី​រ៉ែ និង​ថាមពល​ខេត្តកំពង់ស្ពឺ បាន​រិះគន់ថា អ្នក​បំពាន​ច្បាប់​សុទ្ធសឹង​ជាម​ន្ត្រី​មានអំណាច និង​ឈ្មួញ​មាន​ឥទ្ធិពល​នៅក្នុង​សង្គម ព្រោះ​បើ​ប្រជាពលរដ្ឋ​ធម្មតា​ក៏​មិនអាច​ទៅរួច​ដែរ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ក៏បាន​ជ្រាប​ពី​ភាពមិនប្រក្រតី​នៅ​ខេត្តកំពង់ស្ពឺ​ផងដែរ តែ​លោក​រដ្ឋមន្ត្រី​បាន​ត្រឹម​រក្សា​ភាព​ស្ងៀមស្ងាត់​ប៉ុណ្ណោះ​ដែល​គេ​សង្ស័យថា​តូច​ស៊ី​តាម​តូចធំ​ស៊ី​តាម​ធំ​៕

20131227_CNPA_2499លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល