លោក វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាល ស្តីពីថវិកាកម្មវិធី និងអង្គភាពថវិកា សម្រាប់គ្រូបង្គោល និងមន្រ្តីមកពីក្រសួង ស្ថាប័ននានា

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្ដុះបណ្ដាលលើកទី៧ ស្ដីពីថវិកាកម្មវិធី និងអង្គភាពថវិកា សម្រាប់គ្រូបង្គោល និងមន្រ្តីថវិកានៃក្រសួង ស្ថាប័នក្រោមអធិបតីភាព របស់លោកវង្សី វិស្សុត រដ្ឋមន្ត្រីស្ដីទី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិធីនេះបានធ្វើព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសណ្ឋាគឡឺរ៉ូយ៉ាល់ ។

លោក វង្សី វិស្សុត បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងស្របតាមឯកសារ “ទស្សនាទានស្តីពីទិសដៅយុទ្ធសាស្ត្រ នៃការទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៣-២០២០” ក្នុងគោលបំណងចំបង គឺកែប្រែប្រព័ន្ធថវិកាឱ្យក្លាយទៅជា “ឧបករណ៍គោលនយោបាយ” យ៉ាងពិតប្រាកដក្នុងការវិភាជ និងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការសំណូមពរ និងបំណងប្រាថ្នារបស់ប្រជាជន។ ប្រព័ន្ធថវិកាថ្មីនេះ គឺមានគោលដៅផ្ទេរសិទ្ធអំណាចនៃការអនុវត្តថវិកា ពីក្រសួងសេដ្ឋកិច្ច្និងហិរញ្ញវត្ថុ ទៅក្រសួង ស្ថាប័នពាក់ព័ន្ធ និងការផ្ទេរអំណាចផ្ទៃក្នុងក្រសួងនីមួយៗ ទៅតាមអង្គភាពថវិកាជាបណ្តើរៗ និងការផ្ទេរអំណាចអនុវត្តថវិកា ទាំងស្រុងទៅអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធ។

លោកបានបន្តលើកឡើងថា ការឈានទៅប្រព័ន្ធថវិកាថ្មីនេះ គឺមិនមែនមានន័យថាប្រព័ន្ធថវិកាចាស់អន់នោះទេ ក៏ប៉ុន្តែប្រព័ន្ធចាស់ ពុំមានការ វាសវែង និងការកំណត់ការទទួលខុសត្រូវច្បាស់លាស់។ ដូចនេះ ប្រពន្ធថវិកាថ្មីនឹងជួយពង្រឹង និងបង្កើតឱ្យមានបន្ទាត់គណនេយ្យភាព, និងការតាមដាន វាយតម្លៃ និងការធ្វើរបាយការណ៍លទ្ធផលនៃការអនុវត្តថវិកាបានច្បាស់លាស់ ជាពិសេសគឺដើម្បីធ្វើឱ្យការចំណាយឱ្យចំមុខ មានការសន្សំសំចៃ មានប្រសិទ្ធភាព ។

លោកបានលើកឡើងថា ជារួមនៅក្នុងរយៈពេលកន្លងមក យើងបានរៀបចំថវិកា កម្មវិធីបានទាន់ ពេលវេលានិងកាន់តែមានគុណភាព ល្អមួយកម្រិតហើយ ទោះបីនៅមានបញ្ហាប្រឈមខ្លះៗ ពាក់ព័ន្ធនឹង ការរៀបចំរចនាសម្ព័ន្ធកម្មវិធី និងការកំណត់អង្គភាពថវិកាយ៉ាងណាក្តី។ ដូច្នោះ ត្រូវបន្តពង្រឹងការអនុវត្ត ថវិកាឱ្យមានប្រសិទ្ធភាព សំដៅធ្វើយ៉ាងអនុវត្តឱ្យបាននូវស្មារតី នៃការរៀបចំថវិកាទៅតាមកម្មវិធី នីមួយៗ។ ពិតណាស់ថា យើងទាំងអស់គ្នានៅមានបញ្ហាប្រឈមច្រើនចំពោះមុខ នៅលើដំណើរ របស់យើង ដែលត្រូវការរួមគ្នាដោះស្រាយ គឺ ធ្វើផង ដោះស្រាយផង ជាពិសេសការៀបចំបញ្ចប់នូវ ឯកសារក្របខណ្ឌគតិយុត្តិចាំបាច់នានាមួយចំនួន។

លោកបានសង្កត់ធ្ងន់ថា ការបណ្តុះបណ្តាលនេះ គឺមានសារៈសំខាន់ណាស់ នៅក្នុងការធានាភាព ជោគជ័យនៅក្នុងការកែទម្រង់ប្រព័ន្ធថវិកា ដែលជាផ្នែកមួយដ៏សំខាន់ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុនៅកម្ពុជា។ ដូច្នោះ ការចូលរួមរបស់ក្រសួងទាំង ១១ នេះ សុទ្ធតែជាក្រសួង ស្ថាប័នដែលដើរ តួនាទីយ៉ាងសំខាន់វិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ពិតជាមានសារៈសំខាន់ ក្នុងការផ្តល់ផ្តល់សេវា សាធារណៈផ្សេងៗ ជូនប្រជាជន។

គួរបញ្ជាក់ផងដែរថា នៅឆ្នាំ ២០១៥ រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តសាកល្បង នូវថវិកាកម្មវិធី ពេញលេញ នៅក្រសួង ស្ថាប័នចំនួន ១០ និងនៅតាមមន្ទីរជំនាញរាជធានី-ខេត្តពាក់ព័ន្ធ។ នៅឆ្នាំ ២០១៦ នេះយើងបានពង្រីកវិសាលភាពអនុវត្តទៅកាន់ក្រសួង ស្ថាប័នចំនួន ១៥ និងមន្ទីរជំនាញ រាជធានីពាក់ព័ន្ធបន្ថែមទៀតដែលធ្វើឱ្យចំនួនក្រសួង ស្ថាប័ន ថវិកាកម្មវិធី កើនដល់ ២៥ ក្រសួង ស្ថាប័ន ហើយស្រូបយកថវិកាចរន្តប្រមាណជាង ៥៥%។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្តីពីថវិកាកម្មវិធី និងអង្គភាពថវិកា សម្រាប់គ្រូបង្គោល និងមន្រ្តីថវិកានៃក្រសួង ស្ថាប័ននិងមន្ទីរជំនាញរាជធានី ខេត្តពាក់ព័ន្ធ ចំនួន ៦ លើករួចមកហើយដោយបានបណ្ដុះបណ្ដាលគ្រូបង្គោលសរុបចំនួន ៣៥៥ នាក់ និង មន្រ្ដីជំនាញ សរុបចំនួន ២ ២៧៧ នាក់ ។ ចំពោះ វគ្គបណ្តុះបណ្តាលលើកទី ៧ នេះនឹងធ្វើការបណ្តុះបណ្តាល គ្រូបង្គោលចំនួន ៥៥ នាក់និងមន្រ្តីជំនាញថវិកា ចំនួន៤៩៥ នាក់ ដែលអញ្ជើញមកពីក្រសួង ស្ថាប័ន ចំនួន ១១ ដែលនឹងត្រូវចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញ និងអង្គភាពថវិកា នៅឆ្នាំ ២០១៧ ខាងមុខនេះ ៕

លោក វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាល ស្តីពីថវិកាកម្មវិធី និងអង្គភាពថវិកា សម្រាប់គ្រូបង្គោល និងមន្រ្តីមកពីក្រសួង ស្ថាប័ននានា

លោក វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាល ស្តីពីថវិកាកម្មវិធី និងអង្គភាពថវិកា សម្រាប់គ្រូបង្គោល និងមន្រ្តីមកពីក្រសួង ស្ថាប័ននានា

លោក វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាល ស្តីពីថវិកាកម្មវិធី និងអង្គភាពថវិកា សម្រាប់គ្រូបង្គោល និងមន្រ្តីមកពីក្រសួង ស្ថាប័ននានា

លោក វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាល ស្តីពីថវិកាកម្មវិធី និងអង្គភាពថវិកា សម្រាប់គ្រូបង្គោល និងមន្រ្តីមកពីក្រសួង ស្ថាប័ននានា