នៅថ្ងៃចន្ទនេះ លោក អូបាម៉ា អញ្ជើញ ជាអធិបតីភាព បើកកិច្ចប្រជុំ អាស៊ាន-អាម៉េរិក នៅរដ្ឋកាលីហ្វ័រនីញ៉ា

រ៉ែនឈូ ម៉ាយរ៉េក ៖ នេះជាថ្ងៃផ្តើមដំបូង នៃការបើកកិច្ច ប្រជុំកំពូល អាស៊ាន-អាម៉េរិក ដែល មានបណ្តាមេដឹកនាំកំពូលៗអាស៊ានចូលរួម និងមានការអញ្ជើញ ជាអធិបតីភាពក្នុង ការបើក កិច្ចប្រជុំកំពូលនេះដោយលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាម៉េរិក នៅរដ្ឋកាលីហ្វ័រ នីញ៉ា សហរដ្ឋអាម៉េរិក ។ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះថាយ៉ាងដូច្នេះ ។

សម្រាប់របៀបវារៈនៃ កិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក ត្រូវបានគេដឹងថា មានការពិភាក្សា លើពាណិជ្ជកម្ម សេដ្ឋកិច្ច តំបន់ និងសន្តិសុខ ។ កិច្ចប្រជុំនេះនឹងផ្លាស់ប្តូរ ទៅកាន់សាន់ ហ្វ្រាន់ស៊ីស្កូ នៅថ្ងៃពុធ ។

កិច្ចប្រជុំកំពូលនេះទៀតសោត គឺនឹងផ្តោតសំខាន់ទៅលើតំបន់អាស៊ីប៉ាស៊ីហ្វិក ។

នៅសណ្ឋាគារ Sunnylands លោក អូបាម៉ា នឹងជាគណៈធិបតីកិត្តិយសក្នុងកិច្ចប្រជុំនេះ ហើយគេនៅចាំបានថា នៅក្នុងខែមិថុនា ឆ្នាំ២០១៣ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បច្ចុប្បន្នធ្លាប់បានធ្វើដំណើរកម្សាន្តនៅលើទឹកដីមួយនេះ ដោយកាលណោះចំ ពេលមានអាកាសធាតុក្តៅកើតឡើង ៕