កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ច័ន្ទ​ទី​១៥​កុម្ភៈ​នៅ​សហរដ្ឋ​អាមេរិក

កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ច័ន្ទ ទី​១៥ កុម្ភៈ នេះ នា​មជ្ឈមណ្ឌល​ឧទ្យាន​សាន់នីឡែនដ៍ (Sunnylands) ស្ថិត​នៅ​ក្រុង​រេនឆូ ម៉ារាហ្ស (Rancho Mirage) នៃ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។

មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន រយៈពេល​ពីរ​ថ្ងៃ​ដាច់​ដោយឡែក​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក នេះ នឹង​ផ្ដោត​សំខាន់​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម វិនិយោគ វិស័យ​ថាមពល ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម និង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ព្រម​ទាំង​ជជែក​ពិភាក្សា​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​តំបន់​អាស៊ាន​ដែរ។

លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ បាន​អញ្ជើញ​មេ​ដឹក​នាំ​អាស៊ាន​ទាំង​១០ ក្នុង​នោះ​មាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង ទៅ​ចូលរួម​សន្និសីទ​កំពូល​នេះ។

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ចំនួន ៧​រូប កាល​ពី​សប្ដាហ៍​មុន បាន​សរសេរ​លិខិត​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈ​ស្ថានទូត​កម្ពុជា ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតុន ដើម្បី​បង្ហាញ​ក្តី​កង្វល់​របស់​ខ្លួន ដោយ​លើក​ឡើង​អំពី​ស្ថានការណ៍​រំលោភ​បំពាន​ទៅ​លើ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស ពី​សំណាក់​រដ្ឋាភិបាល លោក ហ៊ុន សែន។

មន្ត្រី​ជាន់​ខ្ពស់​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន បដិសេធ​មិន​ទទួល​លិខិត​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក ទាំង ៧​រូប​នោះ ផ្ញើ​បន្ត​ជូន​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទេ ប៉ុន្តែ​មិន​បញ្ជាក់​ពី​មូលហេតុ​អ្វី​ឡើយ។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch = HRW) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញីវយ៉ក (New York) សហរដ្ឋ​អាមេរិក ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក ដាក់​សម្ពាធ​លើ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន នៅ​ពេល​ដែល​លោក​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន នេះ ឲ្យ​គោរព​សិទ្ធិ​សេរីភាព​នៃ​ការ​ជួប​ប្រជុំ​នៅ​កម្ពុជា។

អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង នៅ​សហរដ្ឋ​អាមេរិក ក៏​នឹង​រៀបចំ​បាតុកម្ម​នៅ​ថ្ងៃ​ច័ន្ទ ១៥ កុម្ភៈ នេះ ខណៈ​ដែល លោក ហ៊ុន សែន ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន រយៈពេល​ពីរ​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១៥-១៦ ខែ​កុម្ភៈ នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។