សពជន រងគ្រោះ ចុងក្រោយ ដែលបានបាត់ខ្លួន ក្នុងករណីលិច ទូកនេសាទក្នុងសមុទ្រ កាលពីថ្ងៃទី៧ នៅខាងត្បូងកោះសារាំង បានរកឃើញហើយ

កំពត៖ ប្រធានសហគមន៍ អ្នកនេសាទដូនតោក លោកឡុង សេន បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល កាលពីព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ នេះថា សពជនរងគ្រោះ ឈ្មោះត្មាត ឌុលឡោះ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុង/ខេត្តកំពត ត្រូវបានខាងអាជ្ញាធរវៀតណាម ប្រទះឃើញអណ្តែតលើ ទឹកសមុទ្រ កាលពីម៉ោង១២ថ្ងៃត្រង់ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ ចំណុចខាងត្បូងកោះភូកុក ឬ(កោះត្រល់) ចំងាយប្រមាណ ៥គីឡូម៉ែត្រ ស្ថិតក្នុងស្រុកភូកុក

 ខេត្តគៀងយ៉ាង ប្រទេសវៀតណាម ហើយបានស្រង់យកមក តំកល់ទុកនៅលើ ដែនកោះត្រល់ រង់ចាំខាង អាជ្ញាធរខ្មែរ ទៅទទួលយក។

លោកឧត្តមសេនីយ៍ត្រី ទូច ពលះ អនុប្រធាននាយកដ្ឋាន នគរបាលព្រំដែនទឹក និងជាប្រធានបង្ក្រាប បទល្មើសដែនសមុទ្រ ខេត្តកំពត-កែប បានឲ្យដឹងថា សពជនរងគ្រោះ ចុងក្រោយ ឈ្មោះត្មាត ឌុលឡោះ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ បានរកឃើញហើយ នៅខាងត្បូងកោះត្រល់។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវកម្លាំងក្រោមឱវាទរបស់លោក រួមជាមួយក្រុមគ្រួសារជនរងគ្រោះ កំពុងជិះទូកទៅទទួលយក សាកសពមក ភូមិកំណើតវិញ។

គួរបញ្ជាក់ថា ករណីលិចទូកនេសាទ ដោយសារប៉ះខ្យល់ខ្លាំង និងរលកធំៗ កាលពីយប់ ថ្ងៃទី៧ ខែគុម្ភះ ឆ្នាំ២០១៦ ចំណុច ក្នុងសមុទ្រ ខាងត្បូងកោះសារាំង ស្ថិតក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត បណ្តាលឲ្យមនុស្សទាំងអស់២នាក់នៅលើទូក បានបាត់ខ្លួន។ រហូតមកដល់ ម៉ោង២រសៀល ថ្ងៃទី១០ ខែគុម្ភះ ឆ្នាំ២០១៦ សពជនរងគ្រោះ ឈ្មោះណាប់ ម៉ើត ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុង និងខេត្តកំពត ត្រូវបានរកឃើញ នៅក្បែកោះក្រាស់ នៃដែនសមុទ្រ ដោយឡែក សពជនរងគ្រោះ ឈ្មោះត្មាត ឌុលឡោះ ខាងលើ បានរកឃើញ កាលពីថ្ងៃត្រង់ម្សិលមិញ៕

សពជន រងគ្រោះ ចុងក្រោយ ដែលបានបាត់ខ្លួន ក្នុងករណីលិច ទូកនេសាទក្នុងសមុទ្រ កាលពីថ្ងៃទី៧ នៅខាងត្បូងកោះសារាំង បានរកឃើញហើយ

សពជន រងគ្រោះ ចុងក្រោយ ដែលបានបាត់ខ្លួន ក្នុងករណីលិច ទូកនេសាទក្នុងសមុទ្រ កាលពីថ្ងៃទី៧ នៅខាងត្បូងកោះសារាំង បានរកឃើញហើយ