គ.ប.ម ដាក់ឃុំ-សង្កាត់ ចំនួន១០០ សម្រាប់ឈរឈ្មោះ បោះឆ្នោត ឃុំ-សង្កាត់ ឆ្នាំ២០១៧

ភ្នំពេញ៖  គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលជាគណបក្សទើបបង្កើតថ្មី មិនទាន់ទាំងដល់១ឆ្នាំផងនោះ បានប្រកាសឲ្យដឹងថា នឹងដាក់ឃុំ-សង្កាត់ ចំនួន១០០ ដើម្បីឈរឈ្មោះឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យ នៅឆ្នាំក្នុងឱកាសបោះឆ្នោត ឃុំ-សង្កាត់ ឆ្នាំ២០១៧ខាងមុខនេះ។

ជាមួយនឹងការដាក់នូវ ឃុំ-សង្កាត់ ទាំង១០០នោះ គណបក្សថ្មីមួយនេះ ក៏បានដាក់ចេញនូវគោលនយោបាយ របស់ខ្លួនចំនួន ៣ផងដែរ សម្រាប់ឲ្យឃុំ-សង្កាត់ ដែលខ្លួនបានឈ្នះ នោះមានភាពរីកចម្រើន និងសុវត្ថិភាព ដោយទី១. មេឃុំ និងមេភូមិល្អ, ទី២. គ្រូពេទ្យល្អ គ្រូបង្រៀនល្អ គ្រូកសិកម្មល្អគ្រប់គ្រាន់ និងទី៣. នគរបាលល្អ។

 ថ្លែងក្នុងសន្និសីទ សារព័ត៌មានស្តីពី ការបង្ហាញលទ្ធផល សកម្មភាពឆ្នាំ២០១៥ និងលើកទិសដៅសម្រាប់ ការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ ប្រធានគណបក្ស ប្រជាធបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ បានឲ្យដឹងថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គ្រោងបណ្តុះបណ្តាលប្រជាពលរដ្ឋ ដែលចាប់អារម្មណ៍ ចង់ចូលជាសមាជិក គណបក្សប្រហែលមកពី ២០០ឃុំ-សង្កាត់ ។

លោកបានបន្តថា “ប៉ុន្តែយើងមិនគិតថា ឃុំទាំងអស់ហ្នឹង ទាំង២០០ហ្នឹង ចូលរួមប្រកួត ប្រជែងទាំងអស់នោះទេ យើងនឹងសម្រាំង យកតែឃុំណា ដែលគាត់ត្រៀម លក្ខណៈបានល្អ ក្នុងការប្រកួតប្រជែង មានសមាជិក ជំហ៊រគ្រប់ចំនួន មានសមាជិក គាំទ្រច្រើនគួរសម ហើយមានគោលនយោបាយ អភិវឌ្ឍន៍មូលដ្ឋាន ឃុំគាត់ច្បាស់លាស់ អីចឹងមានលក្ខណៈ ត្រៀមប្រកួតប្រជែង ១០០ឃុំ”។

 លោក យ៉ង សាំងកុមារ ប្រធានកម្មវិធី ពង្រឹងសមត្ថភាព អ្នកដឹកនាំមូលដ្ឋាន នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលជាតំណែងថ្មីក្នុងបក្ស បន្ទាប់ពីលាឈប់ធ្វើជាប្រធានអង្គការសេដាក បានលើកឡើងថា បើសិនជាមេឃុំ មេភូមិ មិនមានទស្សនៈវិស័យវែងឆ្ងាញក្នុងការដឹកនាំសហគមន៍ មេភូមិ មេឃុំគិតពីរឿងបក្ស គិតបម្រើរើមេខាងលើជាងសហគមន៍ខ្លួនឯង បញ្ហានេះនឹងមិនអាចធ្វើឲ្យភូមិឃុំមានការអភិវឌ្ឍបាននោះទេ។

 អតីតប្រធានអង្គការជំនាញកសិកម្មរូបនេះ បានបន្តថា “បើយើងនៅតែរបៀបហ្នឹង ២០ឆ្នាំទៀត ៣០ឆ្នាំទៀត យើងមិនអាចឃើញភូមិឃុំ ឃើញតំបន់ជនបទហ្នឹងមានការអភិវឌ្ឍទេ ហើយអាហ្នឹងលទ្ធផលធ្វើឲ្យគម្លាតរវាងជនបទ និងទីក្រុងកាន់តែធំឡើងៗ។ ធ្វើឲ្យមនុស្សជនបទហ្នឹងរត់ចោលស្រុកកាន់តែច្រើន មកនៅទីក្រុងកាន់តែច្រើន និងរត់ទៅធ្វើការនៅប្រទេស”។

 សូមបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បង្កើតឡើងកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥ ដោយពេលនោះ មានតំណាងឃុំរបស់គណបក្សចំនួន១០ បានបោះឆ្នោតឲ្យលោក យ៉េង វីរៈ ធ្វើជាប្រធានបក្ស, លោក ស៊ុន សាមឌឿន ជាអនុប្រធាន, លោក សាម អ៊ិន ជាអគ្គលេខាធិការបក្ស និងលោក ប៉ោ សេដ្ឋា ជាអគ្គហិរញ្ញិក៕

គ.ប.ម ដាក់ឃុំ-សង្កាត់ ចំនួន១០០ សម្រាប់ឈរឈ្មោះ បោះឆ្នោត ឃុំ-សង្កាត់ ឆ្នាំ២០១៧