រដ្ឋមន្ត្រីប្រេង នីហ្សេរីយ៉ា៖ OPEC បង្កើនការប្រុងប្រយ័ត្ន ចំពោះការផលិតប្រេង ដែលហួសប្រមាណ

អាប៊ូចា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ថា លោករដ្ឋមន្ត្រីក្រសួង ប្រេងនីហ្សេរីយ៉ា បានថ្លែងបញ្ជាក់ឲ្យ ដឹងនៅថ្ងៃចន្ទនេះថា ក្នុងនាមជាសមាជិក នៃអង្គការអូពិក (OPEC) គឺបានបង្កើនការ ប្រុងប្រយ័ត្នជុំវិញការ ផលិតប្រេងដែល ហួសប្រមាណ ព្រោះថាតម្លៃប្រេង បានបន្តធ្លាក់ចុះ ជាបន្តបន្ទាប់ ។

គេបានដឹងថា ប្រទេសអារ៉ាប៊ី សាអូឌីត ជាប្រធាននៃអង្គការអូពិក ហើយបើគិតក្នុង អំឡុងពេល ១៨ខែកន្លងមកនេះ តម្លៃប្រេងបានធ្លាក់ចុះពី ៧០ជាងក្នុង១បារ៉ែល មកនៅត្រឹម៣០ដុល្លារ ឬទាបជាងនេះក្នុងមួយបារ៉ែល ។ ដោយសារតែតម្លៃប្រេង បានធ្លាក់ចុះបែបនេះ បានញ៉ាំងឲ្យការផលិត ប្រេងបានជួបនឹងបញ្ហាដែរ បើទោះបីជា មានការកាត់បន្ថយការ ផលិតប្រេងក៏ដោយ ។

ក្នុងនោះមានប្រទេស នីហ្សេរីយ៉ា និងវេនីហ្ស៊ូអេឡា និងអារ៉ាប៊ី សាអូឌីត ដែលបានរក្សានូវ ការផលិតប្រេងដែល ទប់នឹងតម្លៃស្រុតចុះ ។

លោកបានបញ្ជាក់ថា នៅក្នុងខែធ្នូ ខាងមុខ អូពិក នឹងមានកិច្ចប្រជុំសមាជិក ទាំងអស់ដើម្បីលើកយក បញ្ហាតម្លៃប្រេងនៅលើ ទីផ្សារមកពិភាក្សាគ្នា ហើយបណ្តាប្រទេស រៀងៗខ្លួនបានរក្សា នូវការផលិតប្រេង ដោយខ្លួនគេផ្ទាល់ ។ លោករដ្ឋមន្ត្រីប្រេងនីហ្សេរីយ៉ា Emmanuel Ibe Kachiwku បានថ្លែងយ៉ាងដូច្នេះ ប្រាប់ដល់រ៉យទ័រ ៕

រដ្ឋមន្ត្រីប្រេង នីហ្សេរីយ៉ា៖ OPEC បង្កើនការប្រុងប្រយ័ត្ន ចំពោះការផលិតប្រេង ដែលហួសប្រមាណ