ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ គោលនយោបាយ​ដែល​កំណត់​ដោយ​រដ្ឋាភិបាល​ថ្មី​របស់​មី​យ៉ា​ន់​ម៉ា នឹង​កំណត់​ជោគវាសនា​នៃ​ឧស្សាហកម្ម​ស្រូវ​អង្ករ​របស់​ប្រទេស​នេះ ។ នេះ​បើ​យោង​តាម​សហព័ន្ធ​ស្រូវ​អង្ករ​មី​យ៉ា​ន់​ម៉ា (MRF) ។

ផលិតផល​កសិកម្ម នឹង​ត្រូវ​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​លើ​ជំនួយ​របស់​រដ្ឋាភិបាល​នា​ពេល​ខាង​មុខ ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក Chit Khine បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​សហព័ន្ធ​ស្រូវ​អង្ករ កាលពី​ថ្ងៃ​ទី​៥ កុម្ភៈ កន្លង​មក ។

លោក Chit Khine ថ្លែង​ទៀត​ថា ៖ « សហព័ន្ធ​ស្រូវ​អង្ករ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​សេចក្តីព្រាងច្បាប់ ចាប់តាំងពី​សហព័ន្ធ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០០៩​មក​ម្ល៉េះ និង​សង្ឃឹមថា រដ្ឋាភិបាល​មក​ពី​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ នឹង​អនុម័ត​លើ​គោលនយោបាយ​នេះ » ។

គួរ​រំឭក​ផង​ដែរ​ថា មី​យ៉ា​ន់​ម៉ា​ធ្លាប់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ប្រទេស​ដែល​មាន​ស្រូវ​អង្ករ​ធំ​ជាងគេ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី ។ មិនតែប៉ុណ្ណោះ បច្ចុប្បន្ន មី​យ៉ា​ន់​ម៉ា​ក៏​មាន​សក្តានុពល​ធ្វើ​ជា​អ្នក​ផលិត​ស្រូវ​អង្ករ​ដ៏​ធំ​មួយ ប៉ុន្តែ​ចាំបាច់​ត្រូវការ​វិនិយោគ​បន្ថែម​ទៀត ។

លោក Chit Khine បន្ត​ថា ៖ « ពួក​យើង​ត្រូវការ​កញ្ចប់​ថវិកា​បន្ថែម​ទៀត​ដើម្បី​អភិវឌ្ឍ​វិស័យ​ស្រូវ​អង្ករ​នេះ ។ ជា​មូលដ្ឋាន បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​មាន​តែ​កញ្ចប់​ថវិកា​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ​ដែល​អាច​ជួយ​ដោះស្រាយ​បាន » ។

កញ្ចប់​ថវិកា​ក្នុង​ឆ្នាំ​ក្រោយ​នេះ ត្រូវ​បាន​សម្រេច​ដោយ​រដ្ឋាភិបាល​រួច​ហើយ ប៉ុន្តែ​នៅ​ពេល​ដែល​រដ្ឋាភិបាល​ឡើង​កាន់កាប់​តំណែង​នៅ​ខែមីនា​ខាង​មុខ កញ្ចប់​ថវិកា​នេះ​គួរតែ​ត្រូវ​បាន​បង្កើត​ឡើង ។ ម្យ៉ាងទៀត ក្រសួង​ដែល​ពាក់ព័ន្ធ​គួរ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ដើម្បី​ផ្លាស់​ប្តូរ​កញ្ចប់​ថវិកា​នៃ​វិស័យ​កសិកម្ម ។

លោក Chit Khine បាន​បន្ថែម​ទៀត​ថា ៖ « ដើម្បី​ធ្វើ​ពង្រាង​ច្បាប់​គោលនយោបាយ​ស្រូវ​អង្ករ ពួក​យើង​ត្រូវ​ប្រមូល​ទិន្នន័យ​ពី​តំបន់​ដាំ​ដំណាំ​ស្រូវ ទិន្នន័យ​នៃ​ការ​ប្រើប្រាស់​ក្នុងស្រុក និង​នាំ​ចេញ​អង្ករ​ស្រូវ​ផង​ដែរ ។ ពេល​នេះ​យើង​កំពុង​តែ​ដុតដៃដុតជើង​សិក្សា​ពី​ការ​ព្យាករ » ។

ចំណែក​អគ្គនាយករង​សហព័ន្ធ​ស្រូវ​អង្ករ លោក Soe Tun said ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ៖ « លោក​មិន​បាន​រំពឹង​ខ្ពស់​នោះ​ឡើយ ។ អ្វី​ដែល​សំខាន់ គឺ​ថវិកា​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ចាស់ បាន​អនុម័ត​ពី​កញ្ចប់​ថវិកា​ដែល​នឹង​ត្រូវ​ផ្តល់​ឲ្យ​នៅ​ឆ្នាំ​នេះ ។ ពួក​យើង​ត្រូវ​ចាំ​មើល​សិន​ថា តើ​រដ្ឋាភិបាល​ថ្មី​នឹង​ព្យាយាម​ផ្លាស់​ប្តូរ​ចំនួន​នៃ​កញ្ចប់​ថវិកា​នេះ​ដែរ​ឬ​អត់ » ។

ប្រសិនបើ​រដ្ឋាភិបាល​ថ្មី​អនុម័ត​ច្បាប់​ថ្មី​ដែល​នឹង​ជួយ​ដល់​វិស័យ​កសិកម្ម​នោះ វា​ជា​រឿង​ដែល​ល្អ​បំផុត ។ នៅ​មុន​ពេល​បោះ​ឆ្នោត គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​បាន​និយាយ​ថា ខ្លួន​នឹង​ធ្វើ​កំណែទម្រង់​លើ​វិស័យ​កសិកម្ម​ដើម្បី​ផ្តួចផ្តើម​ការ​ធ្វើ​កសិកម្ម​បែប​ទំនើប និង​ផ្តល់​ជំនួយ​ដល់​កសិករ​ខ្នាត​តូច​សម្រាប់​បង្កើត​ផលិតកម្ម​របស់​ពួក​គេ​បន្ថែម​ទៀត ។

ទោះជា​យ៉ាងណា នៅ​ក្នុង​កិច្ចប្រជុំ​សហព័ន្ធ​ស្រូវ​អង្ករ​មី​យ៉ា​ន់​ម៉ា អគ្គលេខាធិការ​ទូទៅ​បាន​មាន​ប្រសាសន៍​ថា ៖ « រដ្ឋាភិបាល​មិន​គួរ​ចំណាយ​ប្រាក់​ច្រើន​ហួស​កម្រិត​នៅ​ឆ្នាំ​ក្រោយ​ឡើយ ខណៈ​ដែល​កញ្ចប់​ថវិកា​ត្រូវ​បាន​សម្រេច​រួច​ហើយ​ក្តី ។ ប៉ុន្តែ​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​តែ​ដំឡើង​កញ្ចប់​ថវិកា​នៅ​ឆ្នាំ​២០១៨ ខាង​មុខ » ។

អគ្គនាយករង​សហព័ន្ធ​ស្រូវ​អង្ករ​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ថា ៖ « មី​យ៉ា​ន់​ម៉ា​បាន​ពឹងផ្អែក​លើ​ការ​នាំ​ចេញ​ស្រូវ​អង្ករ​ទៅ​កាន់​ចិន​ខ្លាំង​ពេក ដែល ការ​នាំ​ចេញ​នេះ​មិន​ទាន់​ស្របច្បាប់​នៅឡើយ​ទេ ពីព្រោះ​មន្ត្រី​ខាង​ប្រទេស​ចិន​មិន​ទាន់​បាន​ចរចា​សម្រេច​ពី​ចំនួន និង​ពន្ធ ជាមួយ​ក្រសួងកសិកម្ម​មី​យ៉ា​ន់​ម៉ា​នៅឡើយ​ទេ » ។

ជាមួយ​គ្នា​នេះ នៅ​ពេល​កិច្ច​ពិភាក្សា​ត្រូវ​បាន​បញ្ចប់ ការ​ដឹក​ជញ្ជូន​ជា​ផ្លូវការ​នឹង​ត្រូវ​ឆ្លងកាត់​ពី​ម៉ា​ឡា​កា ទៅ​កាន់​កំពង់​ផែ​ចិន​តែ​ម្តង ។ ក្នុង​នោះ​ដែរ ការ​លក់​ស្រូវ​អង្ករ​នៅ​តាម​បណ្តោយ​ព្រំដែន​ចិន និង​មី​យ៉ា​ន់​ម៉ា មាន​ចំនួន​៨៤០.៨០៤​តោន ស្មើនឹង​៩៣% នៃ​ការ​នាំ​ចេញ​សរុប ៕