ក្រៅពី​សម្តេច ហ៊ុន សែន ក៏មាន​បាតុកម្ម​ប្រឆាំង​លោក អូ​បា​ម៉ា រួមទាំង​មេដឹកនាំ​ថៃ ឡាវ និង​វៀតណាម ផងដែរ​

 កាលី​ហ្វ​រ​នីញ៉ា​-​សហរដ្ឋអាមេរិក​៖ ក្រៅពី​ប្រជាជន​កម្ពុជា ប្រជាជន​ថៃ ឡាវ វៀតណាម និង​អាមេរិក​ក៏​ត្រៀម​រៀបចំ​បាតុកម្ម​នៅ​ទីក្រុង Rancho Mirage ដើម្បី​ស្វាគមន៍​មេដឹកនាំ​របស់ខ្លួន​ដែរ​នៅ​ថ្ងៃ​ចន្ទ​ ដែលត្រូវនឹងអង្គារនៅប្រទេសកម្ពុជា​ ក្នុងពេលដែល​មេដឹកនាំ​អាស៊ាន​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាមេរិក អាស៊ាន​។ បាតុកម្ម​នេះ​ធ្វើឡើង​ដើម្បី​ដាក់​គំនៀប​និង​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​លើ​ប្រទេស​អាស៊ាន​ខាងលើ​ឲ្យ​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ ក៏ដូចជា​ប្រឆាំង​កិច្ចព្រមព្រៀង​អន្តរ​ប៉ាស៊ីហ្វិក (TPP) ដែរ​។​

​មនុស្ស​ជាង ១​ពាន់​នាក់​នឹង​ប្រមូល​ផ្តុំគ្នា​នៅ​ថ្ងៃ​ចន្ទ ទី​១៥ កុម្ភៈ​ខាងមុខនេះ​ដើម្បី​ប្រឆាំង​តវ៉ា​មេដឹកនាំ​របស់ខ្លួន​នៅ​ទីក្រុង Rancho Mirage រដ្ឋកា​លី​ហ្វ​រ​នីញ៉ា​។ ប្រជាជន​ដែលជា​បាតុករ​ចូលរួម​បាតុកម្ម​មានមក​ពី​កម្ពុជា វៀតណាម ឡាវ និង​ថៃ​ជាដើម ព្រោះ​ពួកគេ​មិន​ពេញចិត្ត​ចំពោះ​ការអញ្ជើញ​មេដឹកនាំ​អាស៊ាន មាន​ឡាវ វៀតណាម កម្ពុជា និង​ថៃ​ជាដើម​នោះមក​កាន់​សហរដ្ឋអាមេរិក ។  ចំណែក​ក្រុមបាតុករ​ផ្សេងទៀត​ជា​ជនជាតិ​អាមេរិក​បាតុកម្ម​ប្រឆាំង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ដែល​អាមេរិក​ដឹកនាំ​ផងដែរ​។

​កាលពីដើម​សប្តាហ៍​កន្លងទៅ មន្ត្រី​កិច្ចការ​សាធារណៈ​សម្ព័ន្ធ​កម្ពុជា​អាមេរិក​លោក ឈិ​ត បូ​ណា  បាន​បញ្ជាក់ថា នៅ​ថ្ងៃ​ចន្ទ​ស្អែក​ពី​ម៉ោង ១១ ដល់​ម៉ោង ៣​រសៀល បាតុកម្មហិង្សា​របស់​ច​ល​នា​សម្ព័ន្ធ​អាមេរិក  ប្រឆាំង​វត្តមាន​សម្តេច ហ៊ុន សែន នៅ​សហរដ្ឋអាមេរិក និង​ធ្វើយ៉ាងណា​ឲ្យ​សហគមន៍​អន្តរជាតិ​និង​ប្រធានាធិបតី​អាមេរិក​យកចិត្តទុកដាក់​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។  ប៉ុន្តែ​យ៉ាងណាក៏ដោយ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាជន​កម្ពុជា​នៅ​អាមេរិក​នៅ​ទីក្រុង Rancho Mirage  សម្តេច ហ៊ុន សែន បានបញ្ជាក់​ហើយ​ថា បើ​មាន​បាតុកម្ម​ប្រឆាំង​លោក​មែន​លោក នឹង​ទៅ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមបាតុករ និង​មេដឹកនាំ​ក្រុម​ផង​។​

​ចំណែក​ប្រជាជន​ថៃ​ឯណោះ​វិញ ក៏​ត្រៀមខ្លួន​ចូលរួម​ក្នុង​ក្រុមបាតុករ​ចម្រុះ​នេះដែរ ដើម្បី​ប្រឆាំង​វត្តមាន​មេដឹកនាំ​របប​សឹក​ថៃ​លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ចា ដែល​នៅ​បន្តកាន់កាប់​និង​ក្តោប​កាប់​អំណាច​ពេញដៃ​ដោយ​គ្មាន​អ្នកណាម្នាក់​មាន​សិទ្ធិ​រិះគន់​ក្រុម​យោធា​ឡើយ​។

​ចំណែក​ប្រជាជន​ឡាវ និង​វៀតណាម​ក៏​ធ្វើបាតុកម្ម​ប្រឆាំង​វត្តមាន​មេដឹកនាំ​ខ្លួន​នៅក្នុង​ទឹកដី​អាមេរិក​ដូចគ្នា​ដែរ ដោយ​ពួកគេ​មិន​ពេញចិត្ត​ការដឹកនាំ​តាមបែប​សង្គមនិយម​និង​ការ​រឹតត្បិត​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាជន​។ ប៉ុន្តែ​ជារួម​ពួកគេ​នឹង​ប្រមែរ​ប្រមូល​ចូលគ្នា​ជា​ក្រុម​ដើម្បី​បាតុកម្ម​នៅក្បែរ​កន្លែង​ប្រជុំ​ដែល​រៀបចំឡើង​ដោយ​អាជ្ញាធរ​តំបន់ ដោយ​អហិង្សា​។​

​អ្វីដែល​សំខាន់​ជាង​នេះ បើ​យោងតាម​សារព័ត៌មាន​ធំ​បំផុត​ប្រចាំ​តំបន់ Rancho Mirage ប្រជាជន​អាមេរិក​ជាច្រើន​នាក់​ផ្សេងទៀត​ក៏​រៀប​ចំការ​បាតុកម្ម​ដើម្បី​ប្រឆាំង​គម្រោង​សេដ្ឋកិច្ច​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ដែល​ត្រូវបាន​គួ​ភាគី​សម្រេច​បង្កើតឡើង​កាលពី​ខែតុលា​ឆ្នាំមុន​។ កិច្ចព្រមព្រៀង​នេះ​ក្លាយជា​កិច្ចព្រមព្រៀង​ចម្រូងចម្រាស​បំផុត​មួយ ហើយ​ការតវ៉ា​ប្រឆាំង​កើនឡើង​កាន់តែខ្លាំង​ទៀត​។ តែ​ប្រទេស​សមាជិក​ទាំង ១២ មាន​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​៤​ផង​នោះ មាន​ពេលវេលា​ត្រឹម​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​ដើម្បី​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ​។ ហើយ​ពួកគេ​ក៏​នាំគ្នា​ប្រឆាំង​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា រឿង​អនុវត្ត​គោលនយោបាយ​អន្តោប្រវេសន៍ ដោយមាន​ការបណ្តេញចេញ​ជន​អន្តោ​ប្រវេ​ស៍ ពី​អាមេរិក​ច្រើន​ក្នុង​អាណត្តិ​របស់លោក​ជា​ប្រធានាធិបតី​កន្លងមក​ដែរ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​