នាយករដ្ឋមន្រ្តីកម្ពុជាស្នើឲ្យពលរដ្ឋខ្មែរ នៅអាមេរិករួបរួមគ្នា ទោះកាន់បក្ស នយោបាយ ផ្សេងគ្នា

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឲ្យ ប្រជាពលរដ្ឋ ខ្មែររស់ នៅសហរដ្ឋអាមេរិក ត្រូវចេះរួបរួមសាមគ្គីគ្នា បើទោះបីជាពួកគាត់កាន់ និន្នាការគណបក្ស នយោបាយមួយគ្នាក៏ដោយ ក្នុងគោលបំណង ជៀសវាងបង្កជម្លោះ នាំឲ្យខ្មែរបែកបាក់គ្នា។

នេះបើយោងតាមគេហទំព័រ របស់ទូរទស្សន៍ជាតិកម្ពុជា ចេញផ្សាយនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦។

ក្នុងពិធីសំណេះសំណាល ទៅកាន់ បងប្អូនជនរួមជាតិខ្មែរ រស់នៅអាមេរិក សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា “បញ្ហាសំខាន់នៅទីនេះ ធ្វើយ៉ាងណាប្រជាពលរដ្ឋទាំងអស់ ត្រូវចេះគោរព ស្រឡាញ់រាប់អានគ្នាដូចជាបងប្អូនបង្កើត ធ្វើយ៉ាងណាកុំឲ្យបរទេសគេជេរ ដៀងត្មេះតទៅទៀត ដោយសាតែការបង្កជម្លោះ បែកបាក់គ្នាដ៏យូរលង់ណាស់ មកហើយនោះ”។

សម្តេចតេជោនាយករដ្ឋមន្រ្តី បន្តថា កម្ពុជាធ្លាប់តែជាប្រទេសមហាអំណាច ឥឡូវបានក្លាយ ទៅជាប្រទេសមួយ ដែលមានផ្ទៃដីស្ទើរតែប៉ុនបាតដៃ ដោយសារតែការ បែកបាក់គ្នាដោយ សារតែខ្មែរគ្នាឯង ដូចនេះចាប់ពីពេលនេះ តទៅខ្មែរត្រូវតែរួមសាមគ្គីជាកម្លាំងគ្នា ដើម្បីខ្មែរគង់វង្ស រីកចំរើន ពោលគឺមិនត្រូវបង្កជម្លោះជាមួយគ្នា បើទោះបី ជានរណាមួយកាន់បក្សណាក៏ដោយ៕