ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ សិរិ​ន​ថន យាង​មក​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​កម្ពុជា ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤ ខែកុម្ភៈ

ភ្នំពេញ: ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ មហា​ចក្រី សិរិ​ន​ថន នៃ​ព្រះរាជាណាចក្រ​ថៃ នឹង​យាង​មក​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ តាម​ការអញ្ជើញ​របស់​សម្តេច​អគ្គមហាសេនាបតី​ត​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជានាចក្រ​កម្ពុជា​។​

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ជូនដំណឹង​កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ​ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹងថា ក្នុងអំឡុងពេល​ព្រះរាជ​ទស្សន ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ មហា​ចក្រី សិរិ​ន​ថន នឹង​យាង​ប​បង្គំ​គាល់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ជួប​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ មហា​ចក្រី សិរិ​ន​ថន នឹង​អញ្ជើញ​/​យាង​ធ្វើជា​អធិបតី​ក​ក្នុង​ព្រះ​រាជពិធី​បញ្ចុះបឋមសិលា​សាងសង់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​នៅ​ខេត្តកំពង់ស្ពឺ​។​
​    ​
​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ មហា​ចក្រី សិរិ​ន​ថន នឹង​លោក​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា នឹង​យាង​/​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ព្រះ​រាជពិធី​ប្រគល់​អគារ​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​ឈើទាល នៅ​ខេត្តកំពង់ធំ​។

​ក្រៅពីនេះ ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ មហា​ចក្រី សិរិ​ន​ថន នឹង​យាង​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​សម្ភោ​ធ​មណ្ឌល​សុខភាព​នៅ​ខេត្ត​រតនៈគីរី និង​ស្លាក​ឈ្មោះ​ថ្មី នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល នៅ​ខេត្តកំពង់ធំ​។ បន្ថែម​ពីនេះ ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ មហា​ចក្រី សិរិ​ន​ថន ក៏​នឹង​យាង​ទត​សាលាបឋមសិក្សា មួយចំនួន នៅតាម​ខេត្ត​នានា​៕​