ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ​៖ លោក​ប៉ុ​ល​ សំ​អឿ​ន ចៅក្រម​សាលាឧទ្ធរណ៍ បាន​សម្រេច​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​ កុម្ភៈ​ ២០១៦ តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជា​បានការ​ដដែល​ពោល​គឺ​បុគ្គលិក​ស្ម័គ្រចិត្ត​បម្រើ​ការងារ​ឲ្យ​អង្គការ​ AIM ​ម្នាក់ ដាក់​ពន្ធនាគារ​៧​ឆ្នាំ ពី​បទ​រួម​ភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​ ពាក់ព័ន្ធ​ការ​ប្រព្រឹត្ត​អំពើអាស​លើ​កុមា​រា​៤​​នាក់ ។ 

ចៅក្រម​សាលាឧទ្ធរណ៍​​បាន​ឲ្យ​ដឹង​ថា ​ជនជាប់ចោទ​រូប​នេះ​ឈ្មោះ​ស៊ឹ​ម​ សំ​ អាយុ​២១​ឆ្នាំ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​កាលពី​អំឡុង​ខែឧសភា ​ឆ្នាំ​២០១៤​ តាម​ពាក្យបណ្ដឹង​របស់​ប្រធាន​អង្គការ ​AIM ។ 

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ កាលពី​អំឡុង​ជនជាប់ចោទ​ធ្វើ​ការងារ​ជា​បុគ្គល​ស្ម័គ្រចិត្ត​អង្គការ AIM ជនជាប់ចោទ​បាន​ប្រព្រឹត្ត​អំពើ​អាស​​លើ​កុមា​រា​៤​នាក់​ ដែល​រស់នៅ​ក្នុង​អង្គការ​នោះ ។  មួយ​រយៈពេល​កន្លង​មក រឿងរ៉ាវ​ទាំងនេះ បែក​ការណ៍រហូត​ប្រធាន​អង្គការ AIM ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន ជនជាប់ចោទ​តែ​ម្ដង ។

ចៅក្រម​តុលាការ​បាន​លើក​ឡើង​ថា ​ដោយឡែក​នា​ពេល​សវនាការ​កាលពី​ថ្ងៃ​ទី​២ ​កុម្ភៈ ឆ្នាំ​២០១៦ ​កន្លង​មក​ ជនជាប់ចោទ​បាន​សារ​ភាព​ថា​​ ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​មែន និងស្នើ​ឲ្យ​តុលាការ​បន្ធូរ​បន្ថយទោស​ ប៉ុន្ដែនៅ​ពេល​ប្រកាស​សាលដីកា សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​តុលាការ​ថ្នាក់​ក្រោម ទុកជា​បានការ​ដដែល​គ្មាន​បន្ធូរបន្ថយ​នោះ​ទេ ។