ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តពោធិ៍សាត់​ ៖​ ផ្ទះ​មួយ​ខ្នង​បាន​ក្លាយជា​ចំណី​អគ្គិ​ភ័យ​ ខ​ណៈ​ពេល​ដែល​ប្តី​ប្រពន្ធ​រវល់​ទៅ​​ចម្ការ​​ទុក​កូន​ឲ្យ​នៅ​ចាំផ្ទះ​​ ត្រូវ​កូនប្រុស​អាយុ​៤​ឆ្នាំ​លេង​ដែកកេះ​ដុត​ឆេះ​​​ហ្មត់​កាលពី​​វេលា​ម៉ោង​៣និង​៤០​នាទី​រសៀលថ្ងៃ​ទី​១៤ ​ខែ​កុ​ម្ភៈ ​ឆ្នាំ​២០១៦ ​នៅ​ភូមិ​ព្រ​ហ​ស្ត​ក្បាល ​ឃុំ​ផ្ទះ​រុង ​ស្រុក​ភ្នំក្រវាញ ។

​​លោក​នាយ​នគរ​​បាល​​ប៉ុស្តិ៍រដ្ឋបាល​បាន​ឲ្យ​ដឹង​ថា ​ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​ធ្វើ​អំពី​ឈើ​ប្រក់​ស្បូវ ​ជញ្ជាំង​ស្បូវ​ ​មាន​ទំហំ​​៣​ម៉ែ​ត្រគុណ​​៤​ម៉ែ​ត ​ដែល​ម្ចាស់ផ្ទះ​ឈ្មោះ​រើ​ន រ៉េ​ត​អាយុ​២៨​ឆ្នាំ​ ប្រពន្ធ​ឈ្មោះ​ ង៉ែត រ​ដ្ឋា ​អាយុ​២៦​ឆ្នាំ​ មានកូន​ក្នុង​បន្ទុក​ចំនួន​​៣​នាក់​(​ស្រី​២​នាក់​)​ ជា​អ្នក​ធ្វើស្រែ​​​ចម្ការ​ ​។ ​នៅ​ថ្ងៃ​​កើតហេតុ ឪពុក​ម្ដាយ​រវល់​ទៅ​​ធ្វើ​ចម្ការ​​ និង​​ទុក​កូន​ៗ​ទាំង​៣​នាក់​ឲ្យ​នៅ​ចាំផ្ទះ ​​ហើយ​ពួក​គេ​បាន​នាំ​គ្នា​លេង​ដែកកេះ​​​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​តែ​ម្ដង ​។

​ផ្ទះ​នេះ​ឆេះ​លឿន​បំផុត​ដោយសារ​ជញ្ជាំង​និង​ដំបូល​ស្បូវ​មិន​អាច​ឱ្យ​​អ្នក​ជិតខាង​ណា​ជួយ​ពន្លត់​បាន​ឡើយ​ ​ប៉ុន្តែ​សំណាងល្អ​មិន​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ ។​ លោក​មេ​ប៉ុស្តិ៍​ឲ្យ​ដឹង​ទៀត​ថា បើ​តាម​ការ​សាកសួរ​ពី​ម្ចាស់ផ្ទះ​ គឺ​អីវ៉ាន់​ដែល​មាន​ក្នុងផ្ទះ​ទាំង​ប៉ុន្មាន​ត្រូវ​​ភ្លើង​​ឆេះ​ខូចខាត​ ​មាន​ដូច​ជា ​អា​គុយ​សូ​ឡា​១​ ​ទូរ​ស័ព្ទ​២​ ​ទូរទស្សន៍​១​ ​ដំឡូង​មី​ស្ងួត​១០​កា​រុង​ ​អង្ករ១កា​​រុង​ និង​លុយ​ខ្មែរ​ចំនួន​១០​លាន​រៀល ​។

​ករណី​នេះ​អាជ្ញាធរ​មូលដ្ឋាន​បាន​រាយការណ៍​ជូន​ទៅ​ថ្នាក់​ស្រុក​ខេត្ត​ និង​សាខា​កាកបាទក្រហម​រួចរាល់​ហើយ​ ដើម្បី​បាន​ជ្រាប​ជា​ព័ត៌មាន ​និង​ជួយ​ដោះស្រាយ​ទៅ​តាម​ការ​ជាក់ស្ដែង​ ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​រស់​ក្រោម​ដំបូល​របស់​រាជរដ្ឋាភិបាល​ដែល​មាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន​ ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ៕ ​