ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ចាម​ ៖ ភាគី​​ខាង​រថយន្តក្រុង​ រួម​និង​អ្នក​ទារ​ភាស៊ី​៤​នាក់ ក្នុង​នោះ​មាន​​ស្ត្រី​ម្នាក់ ត្រូវ​​​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​​នគរបាល​ខេត្ត ចាប់​បញ្ជូន​មក​កាន់​សាលាដំបូង​ខេត្ត​ កាលពី​ព្រឹក​ថ្ងៃ​ទី១៥ កុម្ភៈ ២០១៦ ដោយសារ​តែ​បាន​ផ្ទុះ​ហិង្សា ​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ​កុម្ភៈ ត្រង់​ចំណុចភូមិ​ព្រៃ​ទទឹង ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ដោយសារ​តែ​មិន​​​បង់ថ្លៃ​ភាស៊ី​រថយន្ត​​ ។

លោក​វរ​សេនី​យ៍​​ទោ កែវ ស៊ា​ង​ហ៊​ន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរ​ប្រាប់​ឱ្យ​​ដឹងថា ​​រថយន្តក្រុងដឹក​អ្នកដំណើរ​១​គ្រឿង ​បាន​ឈប់​នៅ​លើ​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុច​ឃ្លាំង​ទឹកបរិសុទ្ធ​ ហុង ហ័​រ នៅ​ភូមិព្រៃ​ទទឹង ឃុំ​ជ្រៃ​វៀន កាលពី​វេលា​ម៉ោង​៨​ និង​៥៥​នាទី​ព្រឹក ថ្ងៃ​ទី​១២ ​កុម្ភៈ ខណៈ​នោះ​ ស្រាប់តែ​មានឈ្មោះ ឆេ​ង សំណាង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី​៨ សង្កាត់​កំពង់ចាម ក្រុង​​កំពង់ចាម ជា​អ្នក​យក​ភាស៊ី​ប្រចាំ​ចំណតរថយន្ត​ផ្សារ​ព្រៃ​ទទឹង បាន​ជិះ​ម៉ូតូ​ទៅ​ទារ​លុយ​ថ្លៃ​ចំណតភាស៊ី​ ។

លោក​​បន្ត​ថា បន្ទាប់​មក​ស្រាប់តែ​ឃើញ​បក្សពួក​៣​នា​ក់បង​ប្អូន ​ក្នុង​នោះ​ ១-​ឈ្មោះកេ​ត សីហា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ២​-ឈ្មោះ កេ​ត បញ្ញា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​៣-ឈ្មោះ​កេ​ត នារី ភេទ​ស្រី អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ទទឹង ​បាន​ជិះរ​ថយន្ត​ទៅ​តាម​សួរ​នាំ​​ម្ចាស់​ចំណតរថយន្ត ។ បន្ទាប់​មក ​ស្រាប់​មាន​ផ្ទុះ​ហិ​ង្សា​កើតឡើង ដោយ​ទាំង​៣​នាក់បង​ប្អូន​នេះ ​បាន​ព្រួត​វាយ​យ៉ាង​ចាស់ដៃ ទៅ​លើ​ឈ្មោះ​សំណាង ក៏​វាយ​ទៅ​​វាយ​មក ​ជា​ហេតុ​បណ្តាល​ម្នាក់​ក្នុង​ចំណោម​៣​នាក់​នោះ​​បែកក្បាល ហើយ​ត្រូវ​​​សមត្ថកិច្ច​ចាប់​បញ្ជូន​មកកាន់​ស្នងការ​ដ្ឋាន នគរបាល​ខេត្ត​ទាំង​៤​នាក់​តែ​ម្តង​ ។