សម្តេចតេជោ ៖ អាមេរិក-កម្ពុជា អាចចាត់ទុកថា មានទំនាក់ទំនងល្អ ទោះមានបញ្ហា ខ្លះពីអតីតកាល

ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា និង សហរដ្ឋអាមេរិក រហូតមកដល់បច្ចុប្បន្ននេះ អាចចាត់ទុកថា មានទំនាក់ទំនងដ៏ល្អមួយ ដែលមិនធ្លាប់ មានពីមុនមក បើទោះបីជាមានបញ្ហាខ្លះៗ កើតមានរវាងប្រទេសទាំងពីរ កាលពីអតីតកាលក៏ពិតមែន។ នេះបើយោងតាមគេហទំព័ររបស់ទូរទស្សន៍ជាតិកម្ពុជា។

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូមជនរួមជាតិខ្មែររស់នៅសហរដ្ឋអាមេរិក ៥០០នាក់ មកពីបណ្តារដ្ឋមួយចំនួន សម្តេចតេជោ នាយករដ្ឋមន្រ្តី មានប្រសាសន៍ ថា ប្រវត្តិសាស្រ្តរបស់កម្ពុជា និង អាមេរិក មិនទាន់មានទំហំពាណិជ្ជកម្មរបស់ប្រទេស រហូតដល់រាប់ពាន់លានដុល្លារនោះទេ ពោលទើប តែពេលនេះ ដែលទំហំពាណិជ្ជកម្ម របស់ប្រទេសទាំងពីរ មានជាង៣ពាន់ លានដុល្លារ អាមេរិក ដែលផ្ទុយពីមុនមាន មិនដល់រយលាននោះទេកាលពីអតីតកាល។

សម្តេចតេជោនាយក រដ្ឋមន្រ្តី មានប្រសាសន៍បញ្ជាក់ថា កម្ពុជាចង់បានទំហំពាណិជ្ជកម្ម នៃប្រទេស ទាំងពីរឲ្យកាន់ តែធំជាងនេះទៅទៀត ពោលគឺមិន ចង់ឲ្យមានទំហំពាណិជ្ជកម្មធំ ក្នុងការនាំមុខទំនិញ ពីអាមេរិក ទៅកាន់កម្ពុជានោះទេ ប៉ុន្តែចង់បានទំហំពាណិជ្ជកម្ម ពីកម្ពុជា នាំទៅកាន់ទីផ្សារ សហរដ្ឋអាមេរិក កាន់តែមានទំហំធំឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។

សម្តេចតេជោបន្តថា ក្រៅពីទំនាក់ទំនងជាមួយនិងកម្ពុជា អាមេរិកនៅមានទំនាក់ទំនងជាមួយ និងបណ្តា ប្រទេសអាស៊ានដទៃទៀត ដែល នោះជាការរួមចំណែកដល់ បង្កើនទំនាក់ទំនង របស់បណ្តាប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីកទាំងមូលផងដែរ។

 ជាមួយ និង ការថ្លែងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ពីកត្តាគន្លឹៈសំខាន់ៗ៤ ដែលកម្ពុជាចូលសមាជិករបស់ សមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅថាអាស៊ាន។

សម្តេចតេ ជោមានប្រសាសន៍សង្កត់ធ្ងន់ថា ប្រសិនបើកម្ពុជា មិនចូលរួម ក្នុងវេទិកា អាស៊ាននោះទេ ហើយនៅតែឯង និងប្រសិនបើមានផលប៉ះពាល់ណាមួយ អាស៊ាន៩ប្រទេសគេនឹង អោបដៃឈរមើល ផ្ទុយទៅវិញការដែលចូលអាស៊ាន គឺនឹងទទួលបាននូវអត្ថន័យ និងអត្ថប្រយោជន៍ធំក្នុងកិច្ចការពារ ឯករាជ្យ អធិបតេយ្យរបស់កម្ពុជា៕

សម្តេចតេជោ ៖ អាមេរិក-កម្ពុជា អាចចាត់ទុកថា មានទំនាក់ទំនងល្អ ទោះមានបញ្ហា ខ្លះពីអតីតកាល