ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា នា​ថ្ងៃ​ទី​១៥ កុម្ភៈ នៅ​កាលី​ហ្វ័​រ​នី​ញ៉ា បាន​ទទួល​មេដឹកនាំ​របស់​ប្រទេស​ទាំង​១០​របស់​អាស៊ាន​ជាមួយ​ឆន្ទៈ​យ៉ាង​ច្បាស់​ទប់​ទម្ងន់​របស់​ចិន​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ។

ការ​ជួប​គ្នា​កំពូល​នេះ​មិន​ធ្វើ​នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន​ឡើយ តែ​នៅ SUNNYLANDS DE RANCHO MIRAGE ចម្ងាយ​១៦០​គីឡូម៉ែត្រ ខាងកើត​ទីក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ។ កាលពី​ជិត​៣​ឆ្នាំ​មុន ទីនោះ​ក៏​ជា​កន្លែង​នៃ​ការ​ជួប​គ្នា​កំពូល​ក្រៅផ្លូវការ​រវាង​លោក​អូ​បា​ម៉ា និង​សម​ភាគី​ចិន លោក​ស៊ី ជី​ន​ពីង ដែរ ។

ចំពោះ​រដ្ឋាភិបាល​អា​េ​ម​រិ​ក​យល់​ថា ការ​ជួប​គ្នា​នោះ​គឺជា​មធ្យោបាយ​មួយ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អាស៊ាន​មុន​ការ​ចាក​ចេញពី​សេត​វិមាន​របស់​លោក​អូ​បា​ម៉ា នា​ខែមករា ឆ្នាំ​២០១៧ ។ ការ​ធ្វើ​ដំណើរ​របស់​លោក​អូ​បា​ម៉ា មក​កាន់​វៀតណាម និង​ឡាវ នា​ឆ្នាំ​នេះ​ក៏​សំដៅ​ពង្រឹង​ទំនាក់ទំនង​នេះ​ដែរ ។

អាស៊ាន​ជា​ប្លុក​តូច​មួយ ចាប់តាំងពី​យូរ​មក​ហើយ​ត្រូវ​បាន​ក្រុង​វ៉ា​ស៊ី​ន​តោន​មើល​រំលង ។ ក៏​ប៉ុន្តែ​លោក​អូ​បា​ម៉ា បាន​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្លុក​នេះ​ចាប់តាំងពី​លោក​ឡើង​កាន់​អំណាច​ពី​ឆ្នាំ​២០០៩​មក ព្រោះ​លោក​ចាត់​ទុក​ប្លុក​អាស៊ាន​ថា​ជា​មុំ​ចង្ក្រាន​មួយ​ក្នុង​ចំណោម​មុំ​ចង្ក្រាន​ធ្វើ​ឱ្យ​មាន​តុល្យភាព​ឡើង​វិញ របស់​អា​េ​ម​រិ​ក​ឆ្ពោះទៅ​អាស៊ី​ដែល​លោក​តែងការ​ពារ ។

លោក BEN RHODES ទីប្រឹក្សា​ជំនិត​របស់​ប្រធានាធិបតី​អា​េ​ម​រិ​ក​រំលឹក​ថា ជា​រួម​ប្រទេស​១០​របស់​អាស៊ាន​តំណាង​ឱ្យ​សេដ្ឋកិច្ច​ធំ​ទី​៧​នៃ​ពិភពលោក ។ ប្រទេស​ទាំង​១០​នេះ​ដើរតួ​នាទី​សំខាន់​ក្នុង​បញ្ហា​សន្តិសុខ​សំខាន់​ៗ​ដូច​ជា​សន្តិសុខ​សមុទ្រ ប្រឆាំង​ភេរវកម្ម ឬ​តស៊ូ​ប្រឆាំង​ការ​វាយប្រហារ​ខាង​ព័ត៌មានវិទ្យា ។

ពួក​អ្នកការទូត​អា​េ​ម​រិ​ក​អះអាង​ថា កិច្ចប្រជុំ​កំពូល​នេះ​ពុំ​មែន​ជា​កិច្ចប្រជុំ​កំពូល​ប្រឆាំង​ចិន​ឡើយ ក៏​ប៉ុន្តែ​មហា​យក្ស​អាស៊ី​នេះ​នឹង​ជា​ចំណុច​សំខាន់​នៃ​ការ​ពិភាក្សា​គ្នា ។

ប្រទេស​សមាជិក​អាស៊ាន​ជា​ច្រើន​មាន​ទំនាស់​ដែនដី​យ៉ាងធ្ងន់ធ្ងរ​ជាមួយ​ក្រុង​ប៉េ​កាំ​ង នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ជា​តំបន់​យុទ្ធសាស្ត្រ​សម្រាប់​ពាណិជ្ជកម្ម​ពិភពលោក និង​សម្បូរ​ដោយ​ធនធាន និង​ប្រេងកាត ។ ចិន​បាន​ប្រើ​ប្រតិបត្តិការ​យ៉ាង​ធំ​នៅ​ទីនោះ​ដោយ​ប្រែក្លាយ​បណ្តា​កោះ​ប៉ប្រះ​ទឹក​ទៅ​ជា​កំពង់​ផែ ព្រ​លាន​យន្តហោះ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ ។ ប្រការ​នេះ​ញ៉ាំង​ឱ្យ​មាន​ភាព​តានតឹង​ជាមួយ​បណ្តា​ប្រទេស​ជិតខាង​ដូច​ជា​វៀតណាម កោះ​តៃវ៉ាន់ ហ្វ៊ី​លី​ពី​ន ម៉ា​ឡេ​ស៊ី និង​ព្រុយ​ណេ ។

យោង​តាម​ពួក​អ្នកការទូត​ថា ទិស​ដៅ​មួយ​ក្នុង​ចំណោម​ទិស​ដៅ​នៃ​កិច្ចប្រជុំ​កំពូល​នា​ថ្ងៃ​ទី​១៥ និង​១៦ កុម្ភៈ នេះ​គឺ​ការ​ប្រកាន់​ជំហរ​រួម​មួយ​លើ​រឿង​ដ៏​រសើប​នេះ ។

ទោះបី​យ៉ាងណា ក្រៅពី​សេចក្តីថ្លែងការណ៍​រួម​ជាយថាហេតុ​មួយ​ក្រោយ​កិច្ចប្រជុំ​កំពូល​នៅ​កាលី​ហ្វ័​រ​នី​ញ៉ា​នេះ សេត​វិមាន​ដឹង​ថា ការ​ជួប​គ្នា​នេះ​ដំបូង​គ្រាន់​ជា​រឿង​និមិត្តរូប​មួយ​ប៉ុណ្ណោះ ៕