កិច្ច​ស៊ើបសួរ​ប្រឆាំង អ៊ឹម ចែម នៅក្នុង​សំណុំរឿង​០០៤ បានបញ្ចប់​ហើយ​

ភ្នំពេញ: សហ​ចៅក្រម​ស៊ើបអង្កេត នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦ បាន​ជូនដំណឹង​ភាគី​ទាំងអស់​ថា សហ​ចៅក្រម​ស៊ើបអង្កេត យល់ឃើញថា កិច្ច​ស៊ើបសួរ​ប្រឆាំង អ៊ឹម ចែម នៅក្នុង​សំណុំរឿង​០០៤ បានបញ្ចប់​ហើយ​។​

​កិច្ច​ស៊ើបសួរ​ប្រឆាំង អ៊ឹម ចែម បាន​ធ្វើឡើង​បន្ទាប់ពី​ទទួលបាន​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​លើក​ទី ៣ ដែល​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ បានដាក់​នៅ​ថ្ងៃទី​៩ ខែ កញ្ញា ឆ្នាំ ២០០៩​។ បន្ទាប់មក វិសាលភាព​នៃ​កិច្ច​ស៊ើបសួរ ត្រូវបាន​ពង្រីក​តាមរ​យៈ​ដីកា សន្និដ្ឋាន បញ្ជូន​រឿង ឲ្យ​ស៊ើបសួរ​បន្ថែម ដែល​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ បានដាក់​នៅ​ថ្ងៃទី​១៨ ខែ កក្កដា ឆ្នាំ ២០១១ នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៤ នៅ​ថ្ងៃទី​៥ ខែ សីហា ឆ្នាំ​២០១៥ និង​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​សេចក្តីជូនដំណឹង​នៅថ្ងៃនេះ គឺជា​ការបិទ​កិច្ច​ស៊ើបសួរ​ដែល​បាន​ធ្វើឡើង​អស់​រយៈពេល​ជាង ៦ ឆ្នាំ លើ អ៊ឹម ចែម​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម ដែល​បាន​ចោទថា បាន​ប្រព្រឹត្តឡើង​រវាង​ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​១៩៧៩​។ កិច្ច​ស៊ើបសួរ​ប្រឆាំង អោ អាន និង យឹម ទិ​ត្យ នៅក្នុង​សំណុំរឿង ០០៤ នៅតែ​បន្ត​បើក​ការស៊ើបអង្កេត​។ សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ បានដាក់ អោ អាន ឲ្យ​ស្ថិតក្រោម​ការពិនិត្យ​នៅ​​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ ២០១៥ និង​បានដាក់ យឹម ទិ​ត្យ ឲ្យ​ស្ថិតក្រោម​ការពិនិត្យ​នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ ២០១៥៕​