ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

តាម​ការ​អញ្ជើញ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​យ៍ មហា​ចក្រី សិរិ​ន​ថន (Maha Chakri Sirindhorn) នៃ​ព្រះរាជាណាចក្រ​ថៃ នឹង​យាង​មក​បំពេញ​ព្រះរាជ​ទស្សនកិច្ច​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៤ កុម្ភៈ ២០១៦ ។

ក្នុងអំឡុងពេល​ព្រះរាជ​ទស្សនកិច្ច ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​យ៍ មហា​ចក្រី សិរិ​ន​ថន នឹង​យាង​បង្គំ​គាល់​ព្រះករុណា ព្រះបាទ​សម្តេច
ព្រះ​​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជួប​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​យ៍ មហា​ចក្រី សិរិ​ន​ថន នឹង​អញ្ជើញ​/​យាង​ធ្វើ​ជា​អធិបតី​ក្នុង​ព្រះ​រាជពិធី​បញ្ចុះ​បឋមសិលា​សាងសង់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ នៅ​ខេត្តកំពង់ស្ពឺ ។

ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​យ៍ មហា​ចក្រី សិរិ​ន​ថន និង​លោក​បណ្ឌិត​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា នឹង​យាង​/​អញ្ជើញ​ជា​អធិបតី​ក្នុង​ព្រះរាជ​ពិធី​ប្រគល់​អគារ​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល នៅ​ខេត្តកំពង់
ធំ ។

ក្រៅពី​នេះ ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​យ៍ មហា​ចក្រី ស​រិ​ន​ថន នឹង​យាង​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​សម្ពោធ​មណ្ឌល​សុខភាព​នៅ​ខេត្តរតនគិរី និង​ស្លាក​ឈ្មោះ​ថ្មី​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល​នៅ​ខេត្តកំពង់ធំ​។ បន្ថែម​ពី​នេះ ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​យ៍ មហា​ចក្រី សិរិ​ន​ថន ក៏​នឹង​យាង​ទត​សាលា​បឋម​សិក្សា​មួយ​ចំនួន​នៅ​តាម​ខេត្ត​នានា ។