ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តស្វាយរៀង ​៖ ​ក្មេង​ប្រុសអាយុ​​​១៣​ខែ​​ម្នាក់​ ចេះ​ដើរ​​​តេះតះទៅ​តោង​ពាងទឹក​នៅ​ជិត​អណ្តូងស្នប់​​ក៏ដាំ​ក្បាល​ចូល​​លង់​​ស្លាប់​ ខ​ណៈ​ដែល​ជីដូន​ជាប់រវល់​​ធ្វើ​ម្ហូប​​បង្ក​ការ​ភ្ញាក់​ផ្អើល​ ​កាល​ពី​​វេលា​ម៉ោង​១១​និង​១៥​នាទី​​ព្រឹក​​ថ្ងៃ​ទី​១៤ ​កុ​ម្ភៈ ​​២០១៦ ស្ថិត​នៅ​ភូមិ​បា​យ៉ាប​ ឃុំ​បា​សាក់​ ស្រុក​ស្វាយ​ជ្រំ​​ ។

​​មន្ត្រី​នគ​របាល​ប៉ុ​ស្តិ៍រ​​ដ្ន​បាល​បា​សាក់​ បានឱ្យ​​ដឹង​ថា ​ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ​ សុខ ​ករុណា​ ​អាយុ​១៣​ខែ ​រស់​​នៅ​​ភូមិ​​​ឃុំ​​​ខាង​លើ ​​​ដោយសារ​ឪពុក​ម្តាយ​ក្មេង​ប្រុស​​រង​គ្រោះ​មាន​ជីវភាព​ក្រីក្រ​​បាន​នាំគ្នា​​ទៅ​ធ្វើ​កម្មករ​កម្ម​ការិ​នី​រោងចក្រ​នៅ​​ភ្នំពេញ​ បាន​ទុក​កូន​​ឱ្យ​នៅ​ជា​មួយ​ជីដូន​​​មើលថែ​ ។​ ​​មុន​ពេល​កើតហេតុ​ ជីដូន​​​ជាប់​​រវល់​ចិតបន្លែ និង​រៀបចំ​ដាំ​ស្ល ដោយ​ទុក​​​ចៅ​​លេង​ក្បែរ​ខ្លួន​ ​​ភ្លេចខ្លួន​​មួយ​ភ្លេច​​​ចៅ​​​ដើរ​ទៅ​លេង​ទឹក​ពាង​ដែល​ដាក់​ខាង​មុខ​អណ្តូងស្នប់​សប់ទឹក​ដាក់​ទុក​ប្រើប្រាស់​​​ក៏​ដាំ​ក្បាល​ធ្លាក់​ចូល​ក្នុង​ពាង​ទឹក​​​គ្មាន​អ្នក​ណា​ឃើញ​​​បណ្តាល​ឱ្យ​លង់​ស្លាប់​​តែ​ម្តង ​។ ​

ក្រោយ​ពី​កើតហេតុ​ សមត្ថកិច្ច​​ចុះ​ទៅ​ពិនិត្យ​​សព ​ឃើញ​ថា​ ពិតជា​លង់ទឹក​ស្លាប់​​ប្រាកដ​មែន​ ​​រួច​ក៏​​ប្រគល់​​សព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ក្រោម​​​ដំណក់​ទឹក​ភ្នែក​​គួរ​ឱ្យ​សង្វេគ​របស់​ជីដូន​ និង​អ្នក​ជិត​ខាង​ ៕