ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ទីក្រុង​ម៉ាក ៖ អគ្គលេខាធិការ​អង្គការ​សម្ព័ន្ធ​អ៊ិ​ស្លា​ម​ពិភពលោក បាន​កោត​ស​សើរ​និង​ពេញចិត្ត​ចំពោះ​ការ​ដឹកនាំ​ប្រទេស​ប្រកប​ទៅ​ដោយ​សុខ​សន្តិភាព ស្ថេ​រ​ភាព និង​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​អគ្គលេខាធិការ​អង្គការ​សម្ព័ន្ធ​អ៊ិ​ស្លា​ម​ពិភពលោក​បាន​លើក​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ កុម្ភៈ ឆ្នាំ​២០១៦ នៅ​ក្នុង​ជំនួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ទីក្រុង​ម៉ា​កះ ព្រះរាជាណាចក្រ​អា​រ៉ា​ប៊ី​សា​អូឌីត ។

អគ្គលេខាធិការ​អង្គការ​សម្ព័ន្ធ​អ៊ិ​ស្លា​ម​ពិភពលោក​(MWL)​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៦២ ជា​អង្គការ​អ៊ិ​ស្លា​ម​ដ៏​ធំ​មួយ ដែល​មាន​អង្គការ​-​សមាគម​អន្តរជាតិ​ចំនួន​២១​នៅ​ក្រោម​ចំណុះ មា​នទី​តាំងនៅ​ទីក្រុង​ម៉ា​កះ ព្រះរាជាណាចក្រ​អា​រ៉ា​ប៊ី​សា​អូឌីត ។ ជា​ការ​ឆ្លើយ​តប​លោក​Abdullah At-Turki​អគ្គលេខាធិការ​អង្គការ​សម្ព័ន្ធ​អ៊ិ​ស្លា​ម​ពិភពលោក​(MWL)​បាន​ស្នើ​និង​ទទួលយក និង​បាន​សន្យា​បន្ត​ពង្រឹង​ទំនាក់ទំនង​រវាង​អង្គការ​សម្ព័ន្ធ​អ៊ិ​ស្លា​ម​ពិភពលោក ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ការ​កសាង​វិហារ​,​សាលារៀន​,​ចូលរួម​កម្មវិធី​ស្រាយ​បួស​,​ឧបត្ថម្ភ​ការ​បំពេញ​កាតព្វកិច្ច​បុណ្យ​ហា​ជ្ជី ,​អប់រំ​, សិក្ខាសាលា ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​,​បោះពុម្ព​គម្ពីរ​អាល់​គួរ​អាន​ជាដើម ។

នៅ​ក្នុង​ឱកាស​នោះ លោក​អគ្គលេខាធិការ​ក៏​បាន​កោតសរសើរ​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ក្តី​គោរព​ស្រឡាញ់​ពេញចិត្ត​ចំពោះ​ការ​ដឹកនាំ​ប្រទេស ដែល​ធ្វើ​ឱ្យ​មាន​សុខ​សន្តិភាព ស្ថេ​រ​ភាព និង​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ។ មិនតែប៉ុណ្ណោះ បាន​ធ្វើ​ឱ្យ​គ្រប់​សាសនា​នៅ​កម្ពុជា​គ្មាន​ទំនាស់ និង​រើសអើង​នឹង​គ្នា ហើយ​រស់នៅ​ជាមួយ​គ្នា​ដោយ​សុខដុម​រម្យ​នា ៕