ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

លោក​អេ​ហ៊ូ​ដ អូ​ល​ម័​រ ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ​នា​ថ្ងៃ​ទី​១៥ កុម្ភៈ ដែល​លោក​ក្លាយជា​អតីត​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រា​អែ​ល​ដំបូង​គេ​ទទួលទោស​ជាប់គុក​ក្រោយ​តុលាការ​កាត់ទោស​ដាក់គុក​លោក​១៩​ខែ​ពី​បទ​ពុក​រលួយ និង​រារាំង​តុលាការ​មក ។

អាយុ​៧០​ឆ្នាំ លោក​អូ​ល​ម័​រ នាយក​រដ្ឋមន្ត្រី​អុ​ី​ស្រា​អែ​ល​ពី​ឆ្នាំ​២០០៦ ទៅ​២០០៩ ហើយ​រយៈពេល​យូរ​មួយ​ជា​បុរស​ខ្លាំង​នៃ​ជីវភាព​នយោបាយ​អ៊ី​ស្រា​អែ​ល​ត្រូវ​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ MAASIYAHU DE RAMLEH នា​ភាគ​កណ្តាល​អុ​ី​ស្រា​អែ​ល ។ លោក​នឹង​មាន​វាសនា​ដូច​អតីត​ប្រធានាធិបតី​លោក MOSHE KATZAV ដែល​ទទួលទោស​ជាប់គុក​៧​ឆ្នាំ​ពី​បទ​ចាប់រំលោភ ។

លោក​អូ​ល​ម័​រ នឹង​ស្ថិត​ក្នុង​ពន្ធនាគារ​រយៈពេល​១៨​ខែ​ពី​បទ​ទទួល​សំណូក​ក្នុង​ក្រប​ខណ្ឌ​នៃ​គម្រោង​អចលនទ្រព្យ HOLYLAND នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម ពេល​លោក​ធ្វើ​អភិបាលក្រុង​នេះ​រវាង​ឆ្នាំ​១៩៩៣ ទៅ​២០០៣ ។ ទោស​នេះ​ត្រូវ​បន្ថែម​ទម្ងន់​កាលពី​ស​ប្តា​ហ៍​មុន​ជាប់គុក​១​ខែ​បន្ថែម​ទៀត​ពី​បទ​រារាំង​តុលាការ ។ ទោស​បន្ថែម​នេះ​មក​ពី​ការ​ប៉ុនប៉ង​របស់​លោក​អូ​ល​ម័​រ​បញ្ចុះបញ្ចូល​បណ្តា​អតីត​លេខាធិការ​របស់​លោក និង​នារី​ដែល​លោក​ទុកចិត្ត​ម្នាក់​លោកស្រី SHULA ZACKEN កុំឱ្យ​ធ្វើ​សាក្សី​ប្រឆាំង​រូប​លោក ។ នារី​រូប​នេះ​ត្រូវ​គេ​ថត​សំឡេង​បាន​ពេល​នាង​កំពុង​តែ​ទាមទារ​ប្រាក់​ជា​ថ្នូរ​នឹង​ការ​បិទ​មាត់​នាង​ក្នុង​រឿង HOLYLAND ព្រមទាំង​ក្នុង​សំណុំរឿង​ពុក​រលួយ​ទី​២​មួយទៀត ។

ម្យ៉ាងវិញទៀត លោក​អូ​ល​ម័​រ ទទួល​ការ​កាត់ទោស​កាលពី​ខែឧសភា ឆ្នាំ​២០១៥ ដាក់គុក​៨​ខែ​ពី​បទ​ទទួល​ប្រាក់​ជា​ច្រើន​សិប​ពាន់​ដុល្លារ ពី​ពាណិជ្ជករ​អា​មេ​រិ​ក​លោក MORRIS TALANSKY ពេល​លោក​ជា​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម ។ រឿង​នេះ​ត្រូវ​បន្ត​ពិនិត្យ​នៅ​សាលាឧទ្ធរណ៍​ដែល​នៅ​ពុំ​ទាន់​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​កា​រស​ម្រេ​ចិត្ត​នៅឡើយ ៕