ក្រោយថ្ងៃប្រកាស សាលក្រម ៣ខែក្រោយ លោក សុខ ប៊ុន នឹងមានសេរីភាពវិញ

ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ស៊ លីនណា នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈនេះ បានប្រកាសសាលាក្រម ផ្តន្ទាទោស លោក សុខ ប៊ុន ដាក់ពន្ធនាគារ រយៈពេល៣ឆ្នាំ តែតម្រូវឲ្យអនុវត្តទោស ក្នុងពន្ធនាគាររយៈពេល១០ខែ គិតចាប់ពីថ្ងៃចាប់ខ្លួន ដោយបានពិន័យជាប្រាក់ ចំនួន៦លានរៀល ផងដែរ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលត្រូវផ្តន្ទាទោសកំណត់ក្នុង មាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។

តាមរយៈសាលក្រមផ្តន្ទាទោស ពីសំណាក់លោកស្រីចៅក្រម ស៊ លីនណា លោក សុខ ប៊ុន និងត្រូវមានសេរីភាពវិញ ក្នុងរយៈពេល៣ខែក្រោយ សាលក្រមស្ថាពរនេះ ក៏ព្រោះតែជនជាប់ចោទរូបនេះ បានអនុវត្តទោសចំនួន ៧ខែ ក្នុងពន្ធនាគារកន្លងរួចមកហើយ។

បើតាមមន្រ្តីនៃសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ការប្រកាសសាលក្រមនេះ ត្រូវបានធ្វើឡើងដោយ កំបាំងមុខជនជាប់ចោទ និងតែចំពោះមុខ មេធាវីតែចាត់។ ក្រោយការប្រកាសសាលក្រមភ្លាមៗ ក្រុមអ្នកសារព័ត៌មាន បានព្យាយាមសុំការបញ្ជាក់ ពីលោកមេធាវី ពុធ ធាវី ដែលការពារក្តីឲ្យកញ្ញា សាសា តែពុំអាចទាក់ទងបានទេ ព្រោះលោកពុំមានវត្តមាននៅតុលាការឡើយ។

កាលពីពេលកន្លងមក លោកសុខ ប៊ុន បានចំណាយប្រាក់រហូតដល់ ១០ម៉ឺនដុល្លារ ប្រគល់ទៅឲ្យ កញ្ញាសាសា ជាថ្នូរនឹងការដកពាក្យបណ្ដឹង។ លោក ពុធ ធាវី មេធាវីតំណាងកញ្ញាឯក សុជាតា ហៅសាសា បានបញ្ជាក់ថា លោក សុខ ប៊ុន ពុំអាចរួចខ្លួនបានទេបើទោះបីជាបានសងសំណង ដែលលោកបដិសេធមិនប្រាប់ចំនួន ជាថ្នូរនឹងការដកពាក្យបណ្ដឹងក៏ដោយ ។

លោក សុខ ប៊ុន អតីតមានងារជា ឧកញ៉ា និងជាអតីតប្រធាន ក្រុមអ្នកវាយតម្លៃអចលនទ្រព្យ នៅកម្ពុជា ត្រូវបានជាប់ចោទពីបទហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ហាក់មានបំណងគេចវេះមិនចូលរួមសវនាការ នាព្រឹកថ្ងៃទី២៦ ខែមករា។ បើតាមការបញ្ជាក់ របស់មន្ត្រីអនុរក្ស ពន្ធនាគារព្រៃស បានឲ្យដឹងថា ក្នុងថ្ងៃសវនាការ លោក សុខ ប៊ុន បានសម្រាកព្យាបាលជម្ងឺ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតឬពេទ្យរុស្ស៊ី ដោយសារសម្ពាធឈាមឡើងខ្ពស់។

លោកមេធាវី ពុធ ធាវី បានផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅមុខអគារតុលាការថា កូនក្តីលោកបានសម្រេច ដកពាក្យតាំងពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ មកម្ល៉េះ ទោះបីយ៉ាងណាលោកមេធាវី បានបដិសេធ មិនប្រាប់ចំនួនប្រាក់នៃទឹកប្រាក់ជាថ្នូរនៃការដកពាក្យបណ្ដឹងនោះទេ ។ លោកថា បើទោះបីជា កូនក្តីបានដកពាក្យបណ្ដឹងក៏ដោយ តែលោក សុខ ប៊ុន ពុំអាចរួចខ្លួនបានទេ ព្រោះភស្តុតាង ជាវីដេអូឃ្លីប បង្ហាញយ៉ាងច្បាស់ថា លោកសុខ ប៊ុន និង អង្គរក្ស ពិតជាមានចេតនា ប្រើអំពើហិង្សាលើកូនក្តី ប្រាកដមែន។ ប៉ុន្ដែការសម្រេចយ៉ាងណានោះ វាជាឆន្ទានុសិទ្ធិរបស់លោកស្រីចៅក្រម ស៊ លីនណា ជាអ្នកសម្រេច។

មេធាវីការពារលោក សុខ ប៊ុន បានទទួលស្គាល់ថា លោក សុខ ប៊ុន ពិតជាបានប្រព្រឹត្តអំពើហិង្សា លើកញ្ញាសាសា ប្រាកដមែន ប៉ុន្ដែ ការប្រើអំពើហិង្សានេះ គឺកើតចេញពីកំហុស អចេតនាប៉ុណ្ណោះ ព្រោះតែលោក សុខ ប៊ុន ស្រវឹង។ លោកមេធាវី ស្នើឲ្យតុលាការ ជួយបន្ធូរបន្ថយទោសដល់កូនក្តីផង។ ទោះបីយ៉ាងណា លោក ហ៊ឹង ប៊ុនថន ជាតំណាងអយ្យការ នៅតែស្នើឲ្យតុលាការ រក្សាបទចោទប្រកាន់នេះទុកជាបានការដដែល។

លោក សុខ ប៊ុន អាយុ៣៧ឆ្នាំ មានទីលំនៅផ្ទះលេខ១០៩ ផ្លូវលេខ៩៩ កែងផ្លូវលេខ៤៩៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន បានត្រូវកញ្ញាសាសា ដាក់ពាក្យបណ្តឹង នៅក្រសួងមហាផ្ទៃ ដោយចោទប្រកាន់ពីបទ ប្រើអំពើហិង្សា ដោយភ្ជាប់យកហេតុការណ៍ ដែលកើតឡើងកាលពី រំលងអាធ្រាត ឈានចូលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចក្លឹបកំសាន្ត ឡាហ្គេនបា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាដើមចម ដាក់បន្ទុក ក្នុងការចោទប្រកាន់នេះ៕

ក្រោយថ្ងៃប្រកាស សាលក្រម ៣ខែក្រោយ លោក សុខ ប៊ុន នឹងមានសេរីភាពវិញ
ក្រោយថ្ងៃប្រកាស សាលក្រម ៣ខែក្រោយ លោក សុខ ប៊ុន នឹងមានសេរីភាពវិញ
ក្រោយថ្ងៃប្រកាស សាលក្រម ៣ខែក្រោយ លោក សុខ ប៊ុន នឹងមានសេរីភាពវិញ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត