បង្កើត​សហគមន៍​រទេះគោ ទាក់ទាញ​ភ្ញៀវទេសចរ​

Doliprane TVC

​រទេះគោ​គឺជា​យានជំនិះ និង​ជា​ឧបករណ៍​ដឹកជញ្ជូន​ផល​កសិកម្ម អស់​រយៈពេល​ជា​យូរលង់​ណាស់​មកហើយ​។​ បច្ចុប្បន្ន មធ្យោបាយ​ដឹកជញ្ជូន​នេះ បាន​បាត់បង់​ជា​បណ្តើរៗ​ ដោយ​ជំ​​នួ​ស​មកវិញ​នូវ​គ្រឿងចក្រ​មាន​ឡាន និង​គោយន្ត​ជាដើម​។​ នៅ​តំបន់​អង្គរ មធ្យោបាយ​​ដឹកជញ្ជូន​នេះ នៅមាន​ប្រើប្រាស់​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ នៅឡើយ តែ​ក៏​មិនមាន​គ្រប់​​ផ្ទះ ឬ​ច្រើន​លើសលុប​ដូច​សម័យបុរាណ​នោះដែរ ទើប​អាជ្ញាធរ​អប្សរា​បង្កើត​វា​ឡើ​វិញ​។​

​ដើម្បី​រួមចំណែក​ថែរក្សា​ការប្រើប្រាស់​ឧបករណ៍​ខ្មែរ​បុរាណ និង​រក្សា​ទំនៀម ទម្លាប់​ប្រពៃណី​ឲ្យ​បាន​គង់វង្ស ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ព្រមទាំង​ទាញ​ផលប្រយោជន៍ ពី​ឧបករណ៍​ទាំងនេះ សម្រាប់​ការចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃ ទើប​អាជ្ញាធរ​ជាតិ​អប្សរា តាម រយៈ​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សហគមន៍ និង​បេតិកភណ្ឌ​អង្គរ ហៅ​កាត់​ថា ACHA សហការ​ជាមួយ​ប្រទេស​ញូ​វ​ហ្សេ​ឡែ​ន បាន​ដឹកនាំ​បង្កើត​សហគមន៍​ជិះរទេះ​គោ​ឡើង​។​

​សហគមន៍​នេះ បាន​ប្រើប្រាស់​រទេះគោ​ដែល​អ្នកស្រុក​ប្រើប្រាស់​ប្រចាំថ្ងៃ មក​ដឹក ជញ្ជូន ភ្ញៀវ​ទេសចរណ៍ ហើយ​បាន​កម្រៃ​ផ្តល់​មក​ម្ចាស់​រទេះគោ និង​សហគមន៍​របស់​ពួកគាត់​។​សហគមន៍​នេះ បាន​បង្កើតឡើង នៅ​ឆ្នាំ​២០១០ ក្នុងភូមិ​រហាល និង​ភូមិ​ស្រះស្រង់​ខាងជើង​។​

បង្កើត​សហគមន៍​រទេះគោ ទាក់ទាញ​ភ្ញៀវទេសចរ​

លោក ទស្ស សុមនា​ថ ប្រធាន​នាយកដ្ឋាន​ស្តីទី​នៃ​នាយកដ្ឋាន​រៀបចំ​ដែនដី​និងលំនៅដ្ឋាន ក្នុង​ឧទ្យាន​អង្គរ បាន​មានប្រសាសន៍ថាៈ ការបង្កើត​គម្រោង​នេះ​ឡើង គឺដើម្បី​ជួយ​រក​ចំណូល ដោយផ្ទាល់​ពី​វិស័យ​ទេសចរណ៍ ឲ្យ​បាន​ដល់ដៃ​ប្រជាពលរដ្ឋ យើង​ជួយ​គាត់​រៀបចំ​ជា​ក្រុម​ឡើង ហើយ​ឲ្យ​ក្រុម​គាត់​ដំណើរការ​ដោយ​ខ្លួនឯង​។ យើង​ជួយ​គាត់​ផ្នែក​បច្ចេកទេស ដូចជា​រៀបចំ​បញ្ជីស្នាម រៀបចំ​អង្គប្រជុំ និង​ជួយ​ផ្សព្វ ផ្សាយ​ទៅកាន់​ភ្នាក់ងារទេសចរណ៍ សណ្ឋាគារ ក្រុមហ៊ុន​ឯកជន​ជាដើម​។​

លោក ឈុំ សឿត អនុប្រធាន​សហគមន៍​រទេះគោ បញ្ជាក់ថា ក្នុង​សហគមន៍​របស់​​យើង មាន ២០​រទេះគោ​។ ក្នុងការ​ដឹកជញ្ជូន​ភ្ញៀវ​ម្តងៗ​យើង​យក​កម្រៃ​៧​ដុល្លារ ដោយ​​ចំណូល​នោះ​ត្រូវបាន​បែងចែក​ជា​៣​ចំណែក គឺ​ម្ចាស់​រទេះគោ​បាន​៥​ដុល្លារ​គណៈកម្មការ​​គ្រប់គ្រង ​១​ដុល្លារ និង​សម្រាប់​ជួយ​សហគមន៍​១​ដុល្លារ​។​

​លោក សម កុសល បុគ្គលិក​បច្ចេកទេស​នៃ​គម្រោង​ACHA ទទួលបន្ទុក​សម្រប សម្រួល​គម្រោង​ទេសចរណ៍​ជិះរទេះ​គោ​នេះ​បាន​បញ្ជាក់ថា គម្រោង​របស់​យើង​បាន​ព្យាយាម ជួយ​ដល់​អ្នកស្រុក​ឱ្យមាន​លទ្ធភាព​ទាញយក​ប្រាក់ចំណូល​ដោយផ្ទាល់​ពី​ភ្ញៀវទេសចរ តាមរយៈ​ការលក់​ផលិតផល​ទេសចរណ៍ សេវាកម្ម​ទេសចរណ៍​នេះឯង​។​ដូច្នេះ បច្ចុប្បន្ន ភ្ញៀវទេសចរ​បរទេស​បាន​មកលេង​ដល់ផ្ទះ​អ្នកស្រុក​តែម្តង​។​

​លោក កុសល បាន​រៀបរាប់ថា សព្វថ្ងៃនេះ​យើង​ព្យាយាម​ជួយ​ផ្សព្វផ្សាយ​បន្ថែមទៀត​តាមរយៈ​ការបោះពុម្ពផ្សាយ​ខិ​ត្ត​បណ្ណ ទំនាក់ទំនង​ទៅ​ក្រុមហ៊ុន​ឯកជន​។ យើង​ក៏មាន​គម្រោង​លើក​បដា​ធំ​មួយ​នៅត្រង់​ផ្លូវ​ចូល​សហគមន៍​ដើម្បី​ឲ្យ​ភ្ញៀវទេសចរ ដែល​មកដល់​កន្លែង​នេះ ហើយ​ស្គាល់​សហគមន៍​កាន់តែច្បាស់​៕ សុថា​ត់​

បង្កើត​សហគមន៍​រទេះគោ ទាក់ទាញ​ភ្ញៀវទេសចរ​