មនុស្ស​២​នាក់​របួស​ធ្ងន់ធ្ងរ​ដោយ​បើក​ម៉ូតូ​២​គ្រឿង​ដោយឡែក​ពីគ្នា ល្បឿន​លឿន​បុក​រថយន្ត​ដូចគ្នា​នៅ​កន្លែង​តែមួយ

​ខេត្តកំពង់ឆ្នាំង​៖ យុវជន​២​នាក់​បាន​រងរបួស​ធ្ងន់ នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ផ្ទួនគ្នា ដោយ ជិះ​ម៉ូតូ​លឿន​ដូចគ្នា​បុក​រថយន្ត​នៅ​ផ្សេងគ្នា នៅលើ​ទីតាំង​តែមួយ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៩ និង​៣០​នាទី​យប់​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៦ លើផ្លូវ​ជាតិ​លេខ​៥ ចំណុច ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថា​៖ មុនពេល​កើតហេតុ មាន​ជនរងគ្រោះ ឈ្មោះ យាំ អាយុប្រមាណ ២៥​ឆ្នាំ មុខរបរ​ជាជាង​ផ្សា​ដែក មាន​ទីលំនៅ ក្នុង​ឃុំ​ពង្រ ស្រុក​រលាប្អៀរ បាន​ជិះ​ម៉ូតូ ម៉ាក​ហុងដា ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ក្នុង​ដំណើរ​ពី​ត្បូង​មក​ជើង​តាម​ផ្លូវជាតិ​លេខ​៥ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​ម៉ាក តូយ៉ូតា កូរ៉ូឡា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2M-8240 បើកបរ​ក្នុង​ដំណើរ​ស្រប​ទិស​គ្នា បាន​បត់​ឆ្វេង​កាត់មុខ​បណ្តាលអោយ​ម៉ូតូ​បុក​រថយន្ត នោះ​ពេញទំហឹង បណ្តាលអោយ​អ្នកបើក​ម៉ូតូ​រងរបួស​យ៉ាងធ្ងន់ធ្ងរ រីឯ​ម៉ូតូ និង​រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ​ដូចគ្នា ហើយ​អ្នកបើកបរ​រថយន្ត​បាន​រត់​គេចខ្លួនបាត់ ។​

​សមត្ថកិច្ច​បាន​បន្ត​អោយដឹងទៀតថា​៖ នៅពេលដែល​សមត្ថកិច្ច​កំពុងធ្វើការ​វាស់វែង​ក​ន្លែ​ង​គ្រោះថ្នាក់ និង​កំពុងមាន​មនុស្ស​ចោមរោម​មើល​ផង​ក៏​ស្រាប់​តែមាន​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ព​-0925 ភព​-2 បើកបរ​ដោយ​ជន​ពុំ​ស្គាល់ឈ្មោះ ក្នុង​ដំណើរ​ពី​ជើង​ទៅ​ត្បូង​តាម​បណ្តោយ ផ្លូវ ជាតិ​ពេលមកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1D-3620 បើកបរ​ដោយ​ឈ្មោះ ខែម សុខា អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង បាន​បើក​យ៉ាង​លឿន​ក្នុង​ដំណើរ​ពី​ត្បូង​មក​ជើង ច្រាសទិស​គ្នា​ក៏បាន​បុក​រថយន្ត​ពេញ ទំហឹង បណ្តាលអោយ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់ធ្ងរ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​បើក​រត់ ជាង​១​គីឡូ ម៉ែត្រ​ទើប​ឈប់ ហើយ​បាន​ចុះ​រត់គេចខ្លួន​បាត់​ដោយ​ទុក​រថយន្ត​ចោល​លើផ្លូវ​ជាតិ​។

ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវបាន​រថយន្ត ដឹក​យកទៅ​សង្គ្រោះ​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ចំណែក​រថយន្ត និង​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​អូស​យកទៅ​រក្សាទុក​នៅ​​អធិការដ្ឋាន​នគរបាល​ក្រុង​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់ រង់ចាំ​ការដោះស្រាយ​តាម​និតិ​វិធី​៕ រិ​ទ្ធិ ជ័យ​

KA-15-02-2015-06 KA-15-02-2015-08 KA-15-02-2015-09 KA-15-02-2015-10