គយ​កម្ពុជា​ត្រឡប់​ពី​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​ថៃ​

ភ្នំពេញ:  អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បានអោយដឹងថា​៖​អគ្គនាយកដ្ឋាន​គយ​និងរដ្ឋាករ​កម្ពុជា​ទើបបាន​វិលត្រឡប់​ពី​ចូលរួម​​ប្រជុំ​ទ្វេភាគី​ជាមួយ​រដ្ឋបាល​គយ​ថៃដើម្បីពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ជួយ​គ្នា​ទៅវិញទៅមក ក្នុង​កិច្ចការ​គយ​។

លោក គុណ​ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ កម្ពុជា​បាន​ដឹកនាំគណៈប្រតិភូ នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​​ដឹកនាំ ទៅ​ចូល រួម​ប្រជុំទ្វេភាគី​ជាមួយ​រដ្ឋបាល​គយ​ថៃ ដែល​បាន​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១១-១២ ខែ កុម្ភៈ​ឆ្នាំ២០១៦​នៅ​ទីក្រុង​ហួ​ហ៊ី​ន ក្នុង​​គោលបំណង ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និងជួយ​គ្នា​ទៅវិញទៅមក ក្នុង​កិច្ចការ​គយ​។ ក្រៅពីនោះ​កិច្ចប្រជុំ​នេះ ក៏បាន​ពិនិត្យ​និង​​ពិភាក្សា​ចំណុច​ពាក់ព័ន្ធ នឹង​ការងារ​គយ​ដែល​មានចែង​ក្នុង សេចក្តីថ្លែងការណ៍​រួម នៃកិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ចម្រុះ​កម្ពុជា​-​ថៃ​លើក​ទី​២ ក្រោម​ប្រធានបទ “​ភាពជា​ដៃគូដើម្បី​សន្តិភាព និង​វិបុលភាព​” ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​បាងកក​កាលពី​ថ្ងៃទី១៨-១៩ ខែធ្នូ ឆ្នាំ​២០១៥​។​

​ប្រភពព័ត៌មាន​បានអោយ​ដឹងថា​៖ បន្ថែម​លើ​នេះ​អង្គ​ប្រជុំបាន​ឯកភាព​លើ​ចំណុចសំខាន់ៗ​នៃ​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​រវាង​រដ្ឋបាល​គយ​​នៃ​ប្រទេស​ទាំង​២ដូចខាងក្រោម​៖ បង្កើត​ចំណុច​ទំនាក់ទំនង សម្រាប់​ផ្លាស់ប្ដូរ ព័ត៌មាន រវាង​រដ្ឋបាលគយ​ទាំងពីរ​។​

​ចាត់តាំង​មន្ត្រី​គយ​អោយ​ចូលរួម ក្នុង​ក្រុមការងារ​ជាតិ ឬ​ក្រុមការងារ​ចម្រុះ ក្នុងការរៀបចំ​អនុវត្ត​ច្រក​អន្តរជាតិ​ថ្មី ស្ទឹង​បត់​-​ណង​អៀន ជាពិសេស​ការបង្កើត​និងអនុវត្ត “​ការត្រួតពិនិត្យ បញ្ជរ​តែមួយ​” និង “​ទីលាន​ត្រួតពិនិត្យ រួម​ស្របតាមកិច្ចព្រមព្រៀង​មហា​អនុតំបន់​មេគង្គ​។​ត្រៀម​ធនធានមនុស្ស​និង​នីតិវិធីគ្រប់គ្រង​ទំនិញ និង​អ្នកដំណើរ​ឆ្លងកាត់​ព្រំដែន ដោយ​រថភ្លើង (​ឆ្លើយតប​នឹងគម្រោង​ត​ភ្ជាប់​ផ្លូវដែក​ភ្នំពេញ​-​បាងកក​នៅ​ចុ ង​ឆ្នាំ ២០១៦​នេះ​)​។

​ភាគី​គយ​ថៃ​បាន​ឯកភាព ចែករំលែក​បទពិសោធ ការគ្រប់គ្រង​ទំនិញ និង​អ្នកដំណើរឆ្លងកាត់​ព្រំដែន​រវាង​ថៃ​និង​ម៉ាឡេស៊ី​។​ជំរុញ​កិច្ច​​សហការ​លើ​ការងារ បង្កើតនិង​ពង្រីក “​កម្មវិធី​លើកទឹកចិត្ត ពាណិជ្ជករ​ល្អ​បំផុត​” និង “​ប្រតិបត្តិ​ករ​សេដ្ឋកិច្ចមានការ​អនុញ្ញាត​ក្នុងការ​​ផ្ដល់​ប្រព្រឹត្ត​កម្ម ពិសេស​សម្រួល​ដល់​ការធ្វើអាជីវកម្ម​និង​ពាណិជ្ជកម្ម​"​។​

​ពង្រឹង​កិច្ចសហការ​ក្នុងការ ទប់ស្កាត់​និង​បង្ក្រាប​អំពើ​រត់ពន្ធ ជាពិសេស​ការ​គ្រប់ គ្រងទំនិញ​ឆ្លងកាត់​(​ទំនិញ​នាំ​ចូលមក​កម្ពុជា​ដោយ​ប្រើ​ប្រាស់​របប​គយ​ឆ្លងកាត់​ប្រទេសថៃ​)​។​ចំពោះ​វិស័យ​កសិកម្ម​ភាគី​ទាំងពីរ បាន​យល់ព្រម​អោយមាន​កិច្ចប្រជុំពិភាក្សា បន្ថែមទៀត​រវាង​​រដ្ឋបាល​គយ​និង​ស្ថាប័ន​មាន​សមត្ថកិច្ច ពាក់ព័ន្ធផ្សេងទៀត​នៃ​ប្រទេស​ទាំងពីរ​។​ទន្ទឹមនេះ​ភាគី​ថៃ​ក៏បាន​ឯកភាព​លើ​សំណើរបស់​ភាគី​​កម្ពុជា​ក្នុងការ​សម្រួលការ​នាំចេញ​កសិផល របស់​កម្ពុជា​ទៅកាន់ប្រទេស​ទី​បី ដែល​ឆ្លងកាត់​ទឹកដី​ថៃ​។​បាន​ឯកភាព​កំណត់​កិច្ចប្រជុំ​អោយបានទៀងទាត់ ទាំង​ក​ម្រឹត​អគ្គនាយកដ្ឋាន ក៏ដូចជា​ក​ម្រឹត​អង្គភាព​គយ ខេត្ត​/តំបន់ នៅតាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ។​

​ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ អោយ​កាន់តែ​ជិតស្និទ្ធ និង​មាន​ប្រសិទ្ធភាពភាគី​ទាំង​ពីរបាន​ឯកភាព​រៀបចំ​សេចក្ដីព្រាង​អនុស្សារណៈ​ស្ដីពី កិច្ចសហប្រតិ​ប​ត្តិការ​ទ្វេភាគី និង​ជួយ​គ្នា​ទៅវិញទៅមក ក្នុង​កិច្ចការ​គយ ហើយ​គ្រោងនឹង​ចុះហត្ថលេខា​នៅក្នុង​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន ដែល​នឹង​ប្រព្រឹត្តទៅពីថ្ងៃ​ទី​២៥-២៧ ខែឧសភា ឆ្នាំ​២០១៦ នៅ​ទីក្រុង​ភ្នំពេញ ។

​គួរ​បញ្ជាក់ថា​យោងតាម​លំដាប់​អក្ខរក្រម​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​នឹងត្រូវធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​​នៅ​ឆ្នាំ​២០១៦​នេះ ៕

គយ​កម្ពុជា​ត្រឡប់​ពី​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​ថៃ​