លោ​កស ថា​វី ៖ ការ​លុបឈ្មោះ​លោក​ញ៉ែម អេ​ន ​មិនបាន​បម្រើ​ការងារ​នៅ​សាលាខេត្ត​ជិត​២​ឆ្នាំ​

ភ្នំពេញ:  អតីត​អភិបាលរង​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ (​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ) និង​ជា​អតីត​អ្នក​ថតរូប​នៅ​គុក​ទួលស្លែង លោក ញ៉ែម អេ​ន ត្រូវបាន​ក្រសួងមហាផ្ទៃ​សម្រេច​លុបឈ្មោះ​ចេញពី​មន្ត្រីរាជការ​សាលាខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ការ​លុបឈ្មោះ​នេះ ត្រូវបាន​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បញ្ជាក់ថា ដោយសារតែ​លោក​ញ៉ែម អេ​ន មិនបាន​បម្រើ​ការងារ​នៅ​សាលាខេត្ត​ជិត​២​ឆ្នាំ​។​

​    ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ បានចេញ​សេចក្តីប្រកាស​សម្រេច​លុប​ឈ្មោះ លោក​ញ៉ែម អេ​ន​ចេញពី​មន្ត្រីរាជការ​បម្រើ​ការងា​រ​នៅ​ខេត្ត​ឧ​ត្ត​ម​មានជ័យ​។​
​មូលហេតុ​ដែល​ក្រសួងមហាផ្ទៃ​សម្រេច​លុបឈ្មោះ ញ៉ែម អេ​ន នេះ គឺ​ដោយសារតែ​គាត់​មិនដែល​ទៅ​បម្រើ​ការងារ​នៅ​សាលាខេត្ត ហេតុនេះ​បានជា​ខាង​ខេត្ត ស្នើ​មក​ក្រសួង ហើយ​ក្រសួង​ក៏​សម្រេច​លុបឈ្មោះ​ចេញ​តែម្តងទៅ ហើយ​ការ​លុបឈ្មោះ​ចេញពី​មន្ត្រីរាជការ​នៅ​សាលាខេត្ត​ឧ​ត្ត​រ​មានជ័យ គឺ​មិនមែន​មានតែ​លោក​ញ៉ែម អេ​ន តែ​ម្នាក់​ទេ គឺមាន​មន្ត្រី​មួយចំនួនទៀត​ក៏​ក្រសួងមហាផ្ទៃ​លុបឈ្មោះ​ចេញពី​មន្ត្រីរាជការ​ផងដែរ​។
​លោ​កស ថា​វី អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​មានប្រសាសន៍​បញ្ជាក់ ថា ករណី​លោក​ញ៉ែម អេ​ន នេះ ដោយសារតែ​គាត់​បាន​សម្រាក​ពី​ការងារ ហើយ​បាន​ផ្ទេរ​ការងារ​ពី​អភិបាលរង​ស្រុក​អន្លង់វែង ឲ្យ​មក​បំរើ​ការងារ​នៅ​សាលាខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​រយៈពេល​ជិត​២​ឆ្នាំ លោក​ញ៉ែម អេ​ន មិន​បានមក​ធ្វើ​ការងារ​ទេ​។ ដូចនេះ ការគ្រប់គ្រង​មន្ត្រីរាជការ​ស៊ីវិល គឺ​ទាមទារ​លក្ខខណ្ឌ​ឲ្យ​មក​មានមុខ​ក្នុង​ការបមរើ​ការងារ​។ ហើយ​សាលាខេត្ត​បានធ្វើ​លិខិត​ទៅ​លោក​ញ៉ែម អេ​ន ៣​ទៅ​៤​ដង​ហើយ តែ​គាត់​មិន​ព្រម​មក​ធ្វើការ ហើយ​ក្រសួង​បាន​ផ្អាក​ប្រាក់បៀវត្ស ហើយ​បន្ត​នីតិវិធី គឺ​ខាង​សាលាខេត្ត​បានធ្វើ​លិខិតអញ្ជើញ​គាត់​ទៀត ដើម្បី​ឲ្យ​គាត់​ចូលមក​ធ្វើការ ប៉ុន្តែ​គាត់​នៅតែ​មិន​ព្រម​ចូលមក​ធ្វើការ​ទៀត រហូតមកដល់​ពេលនេះ ក៏​គាត់​អត់​ចូលមក​ធ្វើការ ហើយ​ខេត្ត​ត្រូវ​រាយការណ៍​តាម​ការណែនាំ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​
​លោក​បាន​បញ្ជាក់ទៀតថា ការគ្រប់គ្រង​មន្ត្រីរាជការ​កុំ​ឲ្យ​បាត់​មុខ ហើយ​សាលាខេត្ត​បាន​រាយការណ៍​សុំ​គោលការណ៍​ដឹកនាំ​ពី​ក្រសួងមហាផ្ទៃ ហើយ​ក្រសួង​ក៏បាន​ចេញ​សេចក្តីសម្រេច​កាត់ឈ្មោះ​លោក​ញ៉ែម អេ​ន ចេញពី​ក្នុង​បញ្ជី​គ្រប់គ្រង​ហើយ​។​