ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានី​ភ្នំពេញ ​៖ ទាំង​២​នាក់​ឪពុក​និងកូន​​​រង​របួស​ធ្ងន់​និង​ស្រាល​ ​​ត្រូវ​​រថយន្ត​បញ្ជូន​ទៅ​​​​ព្យា​បាល​​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​​ម៉ូតូ​​​បុក​ជា​មួយ​​​រថយន្ត​ដឹក​ទំនិញ​​​ចំ​ពីមុខ​ពេញទំហឹង​ ​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ​​កុ​ម្ភៈ ​នៅ​តាម​បណ្តោយផ្លូវជាតិ​លេខ​៥​ ​​ស្ថិត​នៅ​ក្នុងភូមិ​ក្រោយ​គោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫ​ស្សី​កែវ ​។

រថយន្ត​​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ​​ជា​រថយន្ត​របស់​ក្រុមហ៊ុន​​​ ​បើកបរ​ដោយ​ឈ្មោះ​ កៃ សា​វឿ​ន ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ ​ស្នាក់​នៅ​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន​ ។
អ្នក​រង​របួស​​ទាំង​២នាក់ ​ម្នាក់​ជា​ឪពុក​​ឈ្មោះ​ ខាត់ ឃឿ​ន ​​អាយុ​៤៨​ឆ្នាំ​​ និង​​ម្នាក់​ទៀត​ជា​កូនស្រី​ ​ឈ្មោះ ឃឿ​ន សា​រ៉​ន​​ ​អាយុ​១៨​ឆ្នាំ ។​ អ្នក​ទាំង​​២នាក់​ឪពុកនិង​កូន​​មាន​ទីលំនៅ​ខេត្តស្វាយរៀង ជិះ​ម៉ូតូ​ម៉ាក​ហុងដា ​ធុន​សេ​១២៥ ​ពណ៌​ខ្មៅ​​ មួយ​គ្រឿង​ ។​

តាម​ព័ត៌មាន​​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​ទាំង​២​នាក់​ឪពុក​និង​កូន ​ជិះ​ម៉ូតូ​មួយ​គ្រឿង ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​ល្បឿន​លឿន​ ​លុះ​​មក​ដល់​​ចំណុច​​កើតហេតុ​​​​​បុក​​ជាមួយ​រថយន្ត​ដឹក​ទំនិញ​​​បើក​ឆ្លងផ្លូវ​​​បណ្តាល​ឱ្យ​​ដួល​ម៉ូតូ​​​រង​របួស​​ទាំង​២នាក់​ឪពុក​និង​កូន​ស្រី​​តែ​ម្តង ​។

​ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​​​ចុះ​ទៅ​ដល់​​កន្លែង​កើត​ហេតុ​​វាស់វែងរួច​​នាំ​យក​​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សារ​ទុកនៅ​ប៉ុស្តិ៍​ន​គរ​បាល​រដ្ឋបាល​គីឡូម៉ែត្រ​លេខ​៦ ​ដើម្បី​ដោះស្រាយ​​​តាម​​ច្បាប់ ៕