ទូតអង់គ្លេស ប្រចាំកម្ពុជានឹង សម្ភោធដាក់ឲ្យ ប្រើប្រាស់សៀវភៅ មគ្គុទេ្ទសក៍មុខរបរ ឬអាជីពពេល អនាគតថ្ងៃ១៧កុម្ភៈ

ភ្នំពេញ៖ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា នឹងសម្ភោធដាក់ឲ្យ ប្រើប្រាស់សៀវភៅ មគ្គុទេ្ទសក៍មុខរបរ ឬអាជីពនៅពេលអនាគត ក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា នៅថ្ងៃពុធ ទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៦ខាងមុខ។

ពិធីនេះ ក្រោមអធិបតីភាព លោក  Lord Puttnam បេសកជនពិសេសទទួលបន្ទុកពាណិជ្ជកម្មរបស់ លោកនាយករដ្ឋមន្រ្តីអង់គ្លេស  និង លោក Amaury de Saint Blanquat អ្នកគ្រប់គ្រងទូទៅនៅ St. Blanquat & A. និងជាអ្នកផលិតសៀវភៅផងដែរ។

សៀវភៅមគ្គុទេ្ទសក៍នេះ រៀបរាប់ពីកង្វះខាតមុខរបរ ឬអាជីពឈានមុខចំនួន២០លើផ្នែក STEM នៅកម្ពុជា ក្នុងរយៈពេល ១០ឆ្នាំខាងមុខ ដោយមានការរៀបរៀង ប្រកបដោយភាពទាក់ទាញបំផុត មានបញ្ចូលព័ត៌មានទាក់ទងនឹងការអប់រំ និងបណ្ដុះបណ្ដាល ដែលនិស្សិតអាចសិក្សាបាន និងកម្រិតប្រាក់ខែដែល ពួកគេរំពឹងនឹង ទទួលបានផងដែរ។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានថ្លែងថា "ការជ្រើសរើសអាជីពដែលត្រឹមត្រូវ មានន័យថា ទទួលបានការសិក្សាត្រឹមត្រូវ ប៉ុន្តែព័ត៌មាននៅខ្វះខាត នៅឡើយ នៅក្នុងរង្វង់ការអប់រំនៅកម្ពុជា។ ដោយសហការជាមួយស្ថានទូតអង់គ្លេស យើងព្យាយាមលុបបំបាត់ចន្លោះប្រហោងផ្នែកព័ត៌មាននេះ ហើយសៀវភៅនេះ នឹងក្លាយជាមគ្គុទ្ទេសក៍មួយសម្រាប់សិស្ស និស្សិត ស្វែងយល់ប្រសើរជាងមុនទាក់ទងនឹងជម្រើសនៃការសិក្សា និងអាជីពការងាររបស់ខ្លួន"។

លោក Bill Longhurst ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា មានថ្លែងថា " ពលរដ្ឋវ័យក្មេងជាច្រើនមិនបានជ្រើសរើសអាជីពលើវិស័យ STEM ពីព្រោះពួកគេគិតថា មុខវិជ្ជាទាំង នេះមានការពិបាកខ្លាំង មិនទទួលបានការគោរព ឬពួកគេមិនអាចទទួលបានប្រាក់ខែខ្ពស់។ ប៉ុន្តែកម្ពុជាត្រូវការបន្ថែមនូវចំនួន វិស្វករ វេជ្ជបណ្ឌិត អ្នកបង្កើតបណ្ដាញ និងអ្នកស្ថិតិច្រើននាក់ទៀត ដើម្បីការអភិវឌ្ឍន៍ប្រទេស"៕