ជនជាតិ​ដើម​ភាគ​តិច​គ្រឹង​ខេត្ត​រតនគិរី​ត្រៀម​ចុះ​បញ្ជី​ដី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព

ជនជាតិ​ដើម​ភាគ​តិច​គ្រឹង ភូមិ​ស្វាយ ឃុំ​ពយ ស្រុក​អូរជុំ ខេត្ត​រតនគិរី រៀបចំ​ពិធី​លើក​ស្លាក​សហគមន៍ និង​ប្រកាស​សុពលភាព​សហគមន៍​ជា​នីតិ​បុគ្គល ដើម្បី​ត្រៀម​លក្ខណៈ​សម្បត្តិ​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ ទទួល​ស្គាល់​ការ​ស្នើសុំ​ចុះ​បញ្ជី​សហគមន៍​នេះ​ផ្លូវ​ការ។

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​គ្រឹង ភូមិ​ស្វាយ បាន​ប្ដេជ្ញា​ចិត្ត​ថែ​រក្សា​ដីធ្លី​អ្នក​ភូមិ​ឲ្យ​បាន​នៅ​គង់វង្ស ត្រៀម​លក្ខណៈ​ចុះ​បញ្ជី​ដី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព ដើម្បី​រួម​ចំណែក​ថែរក្សា​ប្រពៃណី​វប្បធម៌ អត្តសញ្ញាណ និង​ភាព​ជា​ម្ចាស់​ក្នុង​កិច្ច​ការពារ​ដីធ្លី​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ ក្នុង​តំបន់​ប្រកប​ដោយ​និរន្តរភាព និង​ធ្វើ​ឲ្យ​ជីវភាព​ជនជាតិ​ដើម​ភាគ​តិច​កាន់​តែ​ប្រសើរ។

ការ​ប្ដេជ្ញា​ចិត្ត​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​ប្រកាស​សុពលភាព និង​លើក​ស្លាក​សហគមន៍​នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ នៅ​មុខ​សាលា​ប្រជុំ​ភូមិ​ស្វាយ ដោយ​មាន​សមាជិក​សហគមន៍ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​សង្គម​ស៊ីវិល​ជាង ១០០​នាក់​ចូលរួម។

ប្រធាន​សហគមន៍ លោក ប៊ុន តាប ថ្លែង​បញ្ជាក់​ថា ការ​រៀបចំ​ពិធី​លើក​ស្លាក និង​ប្រកាស​សុពលភាព​សហគមន៍​នេះ ធ្វើ​ឡើង​ដើម្បី​ផ្សព្វផ្សាយ​ជា​សាធារណៈ អំពី​ភាព​ជា​នីតិ​បុគ្គល​របស់​សហគមន៍​ដល់​ស្ថាប័ន​ពាក់ព័ន្ធ និង​ដើម្បី​ឲ្យ​ស្ថាប័ន​ទាំង​នោះ សហការ​ជាមួយ​សហគមន៍​ក្នុង​ការ​រៀបចំ​ដំណើរ​ការ​ត្រៀម​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព។ លោក​កត់​សម្គាល់​ថា កន្លង​ទៅ​នេះ ដីធ្លី និង​ព្រៃ​ឈើ​ជនជាតិ​ដើម​ភាគ​តិច បាន​បាត់បង់​កាន់​តែ​ច្រើន។ កត្តា​នេះ បាន​ជះ​ឥទ្ធិពល​ធ្វើ​ឲ្យ​ផ្នែក​វប្បធម៌​ប្រពៃណី និង​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគ​តិច កាន់​តែ​ស្រុត​ចុះ​ថែម​ទៀត៖ «គាត់​ចុះ​បញ្ជី​សមូហភាព ហើយ​គាត់​មាន​ផល​ប្រយោជន៍​ច្រើន។ គាត់​មាន​ព្រៃ​កប់​ខ្មោច ព្រៃ​អារក្ស ព្រៃ​ប្រភព​ទឹក ព្រៃ​ត្រៀប​បម្រុង រក្សា​អត្តសញ្ញាណ​ពួក​គាត់ ដូចជា​គង រាំ​របាំ ស្រា​ពាង ប្រពៃណី​ពួក​គាត់​នៅ​ទាំងអស់»

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​គ្រឹង ភូមិ​ស្វាយ គឺ​ជា​សហគមន៍​ទី​៤៦ នៅ​ខេត្ត​រតនគិរី ដែល​រួម​គ្នា​បង្កើត​លក្ខន្តិកៈ និង​បទបញ្ជា​ផ្ទៃ​ក្នុង​សហគមន៍ ដាក់​ស្នើសុំ​ទៅ​ក្រសួង​មហាផ្ទៃ ឲ្យ​ទទួល​ស្គាល់​ចុះ​បញ្ជី​សហគមន៍​ជា​នីតិ​បុគ្គល។

នាយក​ប្រតិបត្តិ​អង្គការ​គាំទ្រ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ហៅ​កាត់​ថា អាយ.ស៊ី.អេស.អូ (Indigenous Community Support Organization = ICSO) កត់​សម្គាល់​ថា បច្ចុប្បន្ន​ការ​គ្រប់គ្រង ប្រើប្រាស់ និង​ការ​ប្រតិបត្តិ​នានា​តាម​បែប​ប្រពៃណី​លើ​ដី​ធ្លី ធនធាន​ធម្មជាតិ រួម​ទាំង​ព្រៃ​ឈើ ដូចជា​ការ​ធ្វើ​ចម្ការ​វិល​ជុំ ដី​ព្រៃ​ជំនឿ ដី​កប់​សព អត្តសញ្ញាណ​សិប្បកម្ម​តម្បាញ សិល្បៈ របាំ​វាយ​គង សម្លៀកបំពាក់ និង​ការ​សាមគ្គី​ភាព​មាន​ការ​ប្រឈម និង​កាន់​តែ​ធ្លាក់​ចុះ ឬ​បាត់បង់​ជា​បណ្ដើរៗ​ដោយ​មាន​ការ​អភិវឌ្ឍ និង​លំហូរ​ចូល​វប្បធម៌​ប្រពៃណី​ពី​ខាង​ក្រៅ មក​ក្នុង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កាន់​តែ​ច្រើន។ លោក​ថា ប្រសិន​សហគមន៍​មិន​បាន​គិតគូរ​ចងក្រង​កៀរគរ និង​សាមគ្គី​គ្នា​ដើម្បី​អភិរក្ស​ធនធាន និង​វប្បធម៌​ទាំងអស់​នោះ​ឡើង​វិញ​ទេ វា​នឹង​អាច​បាត់បង់​ទាំង​ស្រុង​ទៅ​ថ្ងៃ​អនាគត៖ «បើ​អនុវត្ត​លក្ខន្តិកៈ និង​បទបញ្ជា​ផ្ទៃ​ក្នុង និង​ការ​បំពេញ​ភារកិច្ច​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ដើម្បី​ធ្វើ​ការងារ​បន្ត​ទៀត​ជាមួយ​មន្ទីរ​ដែនដី ដើម្បី​ស្នើសុំ​ចុះ​បញ្ជី​ដី​ជា​កម្មសិទ្ធិ​សមូហភាព​សហគមន៍»

ដូច​គ្នា​នេះ​ដែរ ប្រធាន​ក្រុមប្រឹក្សា​ស្រុក​អូរជុំ លោក សាក់ សុន ចាត់​ទុក​បញ្ហា​ចុះ​បញ្ជី​ដីធ្លី​សហគមន៍ គឺ​ជា​ប្រការ​សំខាន់ ដើម្បី​ទប់ស្កាត់​ការ​បាត់បង់​ដីធ្លី​ជនជាតិ​ដើម​ភាគ​តិច​ទៅ​ថ្ងៃ​អនាគត។ លោក​ថា ជនជាតិ​ដើម​ភាគ​តិច ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ ដើម្បី​រួម​គ្នា​បង្កើត​ជា​សហគមន៍​នីតិ​បុគ្គល និង​រៀបចំ​លិខិត​បទដ្ឋាន ដើម្បី​ចុះ​បញ្ជី​ដីធ្លី​ជា​កម្មសិទ្ធិ​សមូហភាព៖ «អាស្រ័យ​លើ​ឆន្ទៈ​យើង​បាន​កំណត់។ កាល​ណា​យើង​យល់​ថា​ចុះ​ជា​សមូហភាព សមូហភាព​ហើយ គ្មាន​អ្នក​ណា​បង្ខំ​យើង​ទេ ហើយ​មិន​ថា​នេះ​ជនជាតិ​គ្រឹង ជនជាតិ​ព្រៃ វា​មាន​អត្តសញ្ញាណ​ទៅ​តាម​ផ្លូវ​ច្បាប់ ក៏​ដូច​ទំនៀមទម្លាប់​ដែល​មាន​កន្លង​មក»

នៅ​ខេត្ត​រតនគិរី គម្រោង​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព ធ្វើ​ឡើង​នៅ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ចំនួន ៤០​សហគមន៍ ឋិត​ក្នុង​ស្រុក​ចំនួន​៥ ឃុំ​ចំនួន​១៩ និង​ភូមិ​ចំនួន​៤០។

ទាក់ទិន​ការ​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព អនុប្រធាន​នាយកដ្ឋាន​កិច្ចការ​នយោបាយ​នៃ​ក្រសួង​មហាផ្ទៃ លោក អាំ វាសនា មាន​ប្រសាសន៍​ថា ផ្អែក​តាម​លិខិត​ជូន​ដំណឹង​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស្ដីពី​ការ​យល់ព្រម​ចុះ​បញ្ជី​ឈ្មោះ​សហគមន៍​ភូមិ​ស្វាយ ជា​នីតិ​បុគ្គល សហគមន៍​ត្រូវ​អនុវត្ត​តាម​លក្ខន្តិកៈ​ដែល​បាន​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ និង​ធ្វើ​សកម្មភាព​ក្នុង​ក្របខ័ណ្ឌ​ជា​សហគមន៍​អព្យាក្រឹត មិន​ប្រកាន់​ពូជ​សាសន៍ មិន​ប្រកាន់​សាសនា មិន​ប្រកាន់​និន្នាការ​នយោបាយ មិន​ធ្វើ​សកម្មភាព​បម្រើ ឬ​ជា​ឧបករណ៍​គណបក្ស​នយោបាយ និង​មិន​ស្វែងរក​ប្រាក់​កម្រៃ​ជា​ឯកជន។ លោក​បន្ត​ថា ការ​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព មាន​អត្ថន័យ​ថា សហគមន៍​រួម​គ្នា​រក្សា​ដី​ជា​លក្ខណៈ​សមូហភាព ប៉ុន្តែ​ប្រើប្រាស់​ដី​មាន​លក្ខណៈ​ជា​បុគ្គល៖ «ឥឡូវ​ពេល​នេះ យើង​បាន​លិខិត​ទទួល​ស្គាល់​ពី​ក្រសួង​មហាផ្ទៃ យើង​អាច​និយាយ​បាន​ថា ជា​ស្ពាន​មួយ​ឲ្យ​សហគមន៍​ចុះ​បញ្ជី​ដី​ជា​កម្មសិទ្ធិ​សមូហភាព។ បង​ប្អូន​ជនជាតិ​ដើម​ភាគ​តិច ត​ទៅ​មុខ​ទៀត»

របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត​រតនគិរី ចាប់​ពី​ឆ្នាំ​២០០៩ រហូត​បច្ចុប្បន្ន ការ​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​ខេត្ត​នេះ ទើប​អនុវត្ត​បាន​ពីរ​សហគមន៍​តែ​ប៉ុណ្ណោះ។ ដោយឡែក​មាន​សហគមន៍​ប្រមាណ ១០​សហគមន៍​ទៀត បាន​រៀបចំ​លិខិត​ស្នើសុំ​ទៅ​មន្ទីរ​ពាក់ព័ន្ធ ដើម្បី​បំពេញ​លក្ខខណ្ឌ​ចុះ​បញ្ជី​ដី​ជា​កម្មសិទ្ធិ​សមូហភាព បន្ទាប់​ពី​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​កំណត់​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគ​តិច​ពី​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ចុះ​បញ្ជី​សហគមន៍​នីតិ​បុគ្គល​ពី​ក្រសួង​មហាផ្ទៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។