តុលាការ​ខ្មែរក្រហម នឹង​បន្ត​សវនាការ​លើ​ ​បណ្តឹងសាទុក្ខ​នៅក្នុង​សំណុំរឿង ០០២/០១

ភ្នំពេញ: ​អង្គជំនុំជម្រះ​តុលាការ​កំពូល​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) នឹង​បន្ត​សវនាការ​លើ​​បណ្តឹងសាទុក្ខ​នៅក្នុង​សំណុំរឿង ០០២/០១ ចាប់ពី​ថ្ងៃទី​១៦ រហូតដល់​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ ២០១៦ ហើយ​ថ្ងៃ​​ទី​១៩ ខែកុម្ភៈ គឺជា​ថ្ងៃ​បម្រុង ប្រសិនបើ​ត្រូវការ​ពេលវេលា​បន្ថែម​។ ការបន្ត​សវនាការ​លើ​បណ្តឹងសាទុក្ខ​នេះ​ធ្វើឡើង​​បន្ទាប់ពី​បាន​ផ្អាក​ដោយសារតែ​កង្វះ​ការការពារ​ក្តី​ស្របច្បាប់​សមស្រប​សម្រាប់ នួន ជា ដែលបណ្តាលមកពី​សហ​​មេធាវី​ការពារ​ក្តី​អន្តរជាតិ​របស់គាត់ មិនបាន​ចូលរួមសវនាការ​លើ បណ្តឹងសាទុក្ខ​ដែល​បានរៀបចំ​ឡើង កាលពី​ថ្ងៃទី​១៧-១៩ ខែវិច្ឆិកា ឆ្នាំ ២០១៥ ហើយ​សហ​មេធាវី​ជាតិ​របស់គាត់​ក៏បាន​ចាក​ចេញពី​បន្ទប់សវនាការ​ដែរ បើទោះបីជា​​មានការ បង្គាប់​របស់​អង្គជំនុំជម្រះ តុលាការ​កំពូល​ឱ្យ​បន្ត​មាន​វត្តមាន​យ៉ាងណាក៏ដោយ​។​

​លោក នេត្រ ភក្ត្រា មន្ត្រី​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ថ្លែងថា នៅក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​សបា្តហ៍​នេះ អង្គជំនុំជម្រះ​តុលាការ​កំពូល មាន​គម្រោង​ស្តាប់​សា​រណា​ផ្ទាល់មាត់​លើ​បញ្ហា​នានា ដែល​បានលើកឡើង​នៅក្នុង​បណ្តឹងសាទុក្ខ ដែល​ធ្វើឡើង​ដោយ​ភាគី​ពាក់ព័ន្ធ​នានា​។ សវនាការ​នេះ ពាក់ព័ន្ធ​នឹង​បណ្តឹងសាទុក្ខ​របស់​សហ​ព្រះរាជអាជ្ញា នួន ជា និង ខៀវ សំផន ប្រឆាំងនឹង​សាលក្រម​របស់​អង្គជំនុំជម្រះ​សាលាដំបូង​ក្នុង​សំណុំរឿង​០០២/០១ ដែល​បាន​​ប្រកាស​ថ្ងៃទី​៧ សីហា ឆ្នាំ​២០១៤​។ បណ្តឹងសាទុក្ខ​នេះ មាន​ទំហំធំធេង និង​ស្មុគស្មាញ ប្រសិនបើ​ប្រៀបធៀប​នឹង​​កិច្ចដំណើរការ​នីតិវិធី​ដទៃទៀត ពាក់ព័ន្ធ​ទៅនឹង​អំពើ​ឃោរឃៅ​ដ៏​ធ្ងន់ធ្ងរ ដែល​រង​ការចោទប្រកាន់​នោះ​។

​គួររំលឹកថា នៅក្នុង​សេចក្តីសម្រេច​របស់ខ្លួន​កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ ២០១៥ អង្គជំនុំជម្រះ​តុលាការ​​កំពូល​បាន​ណែនាំ​អង្គភាព​គាំពារ​ការពារ​ក្តី​ឱ្យ​ចាត់តាំង​មេធាវី​បម្រុង​សម្រាប់ នួន ជា​។ នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ ២០១៥​អង្គភាព​នេះ​បាន​ជ្រើសតាំង​មេធាវី ផាត់ ពៅ​ស៊ា​ង អតីត​សហ​មេធាវី​ជាតិ​ការពារ​ក្តី​ឱ្យ​លោកស្រី អៀង ធី​រិ​ទ្ធ ធ្វើជា​
​សហ​មេធាវី​ការពារ​ក្តី​ត្រៀម​បម្រុង​សម្រាប់ នួន ជា​។

​មន្ត្រី​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ថ្លែងថា នៅក្នុង​សវនាការ លើ​បណ្តឹងសាទុក្ខ​នេះ លោក​មេធាវី ផាត់ ពៅ​ស៊ា​ង នឹងមាន​វត្តមាន​ក្នុង​សាល​សវនាការ​។
​លោក​បានឱ្យដឹងថា​មេធាវី ការពារ​ក្តី​បម្រុង​សម្រាប់ នួន ជា មាន​តួនាទី ១-​តួនាទី​របស់​សហ​មេធា​វី​ត្រៀម​​បម្រុង​សម្រាប់ នួន ជា ពុំមែន​មក​ជំនួស​តួនាទី​របស់​សហ​មេធាវី​ការពារ​ក្តី នួន ជា ដែល​ត្រូវបាន​ជ្រើសតាំង​រួចហើយ​​នោះទេ ប៉ុន្តែ​គ្រាន់តែ​ជា​តួនាទី​សម្រាប់​ផ្តល់ជំនួយ​ផ្នែក​ច្បាប់​សមស្រប​ដល់ នួន ជា ក្នុងអំឡុងពេល​សវនាកា​រ ក្នុង​
​ករណី​ដែល​សហ​មេធាវី​ដែល​ត្រូវ បាន​ជ្រើសតាំង​នេះ ខកខាន​មាន​វត្តមាន​ក្នុង​បន្ទប់​សវនាការ នៅពេលដែល​សវ​នា​​ការបន្ត​ឬ​ចាក​ចេញពី​បន្ទប់​សវនាការ​នៅ​អំឡុងពេល​សវនាការ​លើ​បណ្តឹងសាទុក្ខ​២-​សហ​មេធាវី​ត្រៀម​បម្រុង​សម្រាប់ នួន​ជា នឹងមាន​វត្ត​មាននៅ​រាល់ សវនាការ​នៃ​បណ្តឹងសាទុក្ខ​ក្នុង​សំណុំរឿង ០០២/០១ និង​ឯករាជ្យ​ពី​ក្រុម​មេធាវី​ការ​​ពារ​ក្តី នួន ជា បច្ចុប្បន្ន និង​ពុំ​ត្រូវ ពិគ្រោះ​ពិភាក្សា​ជាមួយ ឬ​ទទួល​ការណែនាំ​ពី នួន ជា លើកលែងតែ​មានការ​បង្គាប់​​ពី​អង្គជំនុំជម្រះ​តុលាការ​កំពូល​។ ៣-​សហ​មេធាវី​ត្រៀម​បម្រុង​សម្រាប់ នួន ជា បន្ទាប់ពី​មានការ​ស្នើសុំ​សម​ហេតុផល នឹងត្រូវ​ទទួលបាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ស្វែងយល់​ដោយ​ខ្លួនឯង​ទៅលើ​សំណុំ​រឿងនេះ និង ៤-​សហ​មេធាវី ត្រៀម​បម្រុង​សម្រាប់ នួន ជា ពុំ​ត្រូវ​បានផ្តល់​សិទ្ធិ​ឱ្យ​ការពារ​ក្តី នួន ជា ឡើយ ដរាបណា​មានការ​ណែនាំ​ពី​អង្គ​ជំនុំ​​ជម្រះ​តុលាការ​កំពូល​ឱ្យ​ទទួលយក​ការការពារ​ក្តី​នេះ​។
​នៅក្នុង​កាលវិភាគ​រប​ស់​ខ្លួន អង្គជំនុំជម្រះ​តុលាការ​កំពូល បានផ្តល់​ពេលវេលា​ឱ្យទៅ​ក្រុម​មេធាវី​ការពារ​ក្តី នួន ជា ប៉ុន្តែ​ពេលវេលា​ដែល​ត្រូវ​បានផ្តល់​នេះ​នឹងត្រូវ​ដកហូត​វិញ ប្រសិនបើ នួន ជា នៅតែ​គោរព​តាម​ការសម្រេច​​ចិត្ត​របស់ខ្លួន​ក្នុងការ​ណែនាំ​មេធាវី​គាត់​មិន​ឱ្យមាន​វត្តមាន​នៅក្នុង​អំឡុងពេល​សវនាការ ឬ​មិន​ឆ្លើយតប​ទៅនឹង​សំណួរ​​របស់​ចៅក្រម ឬ​គ្រប់ភាគី ហើយ​សវនាការ​លើ​បណ្តឹង​សាទុក្ខ​នឹង​បន្ត​ដំណើរការ​ទៅតាម​វគ្គ​នីមួយៗ ដូចដែល​បាន​​កំណត់​នៅក្នុង​កាលវិភាគ​។
​សំណុំរឿង​០០២/០១ គឺជា​ការជំនុំជម្រះ​លើកទីមួយ នៃ​ការជំនុំជម្រះ​យ៉ាងតិច​ពីរ​ប្រឆាំងនឹង ខៀវ សំផន អតីត ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង នួន ជា អតីត​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា​។ បទ​ចោទ​នៅក្នុង​​សំណុំរឿង ០០២/០១ គឺ​ផ្តោតលើ​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ដែល​រង​ការចោទប្រកាន់​ក្នុងអំឡុងពេល​ជម្លៀស​នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ខែមេសា ឆ្នាំ ១៩៧៥ និង ការផ្លាស់​ទី​ដោយ​បង្ខំ​បន្ត​បន្ទាប់ពី​តំបន់​ដទៃទៀត រួមទាំង ការ​​កាប់សម្លាប់​ដែល​រង​ការចោទប្រកាន់​នៅ​ទួល​ពោធិ៍​ជ្រៃ ក្នុង​ខេត្តពោធិ៍សាត់​។ នៅ​ថ្ងៃទី ៧ ខែ សីហា ២០១៤ អង្គ​​ជំនុំជម្រះ​សាលាដំបូង រកឃើញថា ជនជាប់ចោទ​មាន​ពិរុទ្ធភាព​ពីបទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ និងបានសម្រេច​ប្រកាស​ទោស​ដាក់ពន្ធនាគារ​ជនជាប់ចោទ​ទាំងពីរ​អស់​មួយជីវិត​។ នួន ជា និង ខៀវ សំផន បានធ្វើ​បណ្តឹងសាទុក្ខ​​ប្រឆាំងនឹង​សាលក្រម​របស់​អង្គជំនុំជម្រះ​សាលាដំបូង ដោយ​ម្នាក់ៗ​បាន​លើក​ទឡ្ហីករណ៍​បណ្តឹងសាទុក្ខ​រៀងៗ​ខ្លួន​
​ចំនួន ២២៣ និង ១៤៨​។ បន្ថែម​លើ​នេះ សហ​ព្រះរាជអាជ្ញា​បានដាក់​បណ្តឹងសាទុក្ខ​ដោយ​កម្រិត​ត្រឹមតែ​ស្វែងរក​​ដំណោះស្រាយ​ដែល​ប្រកាស​ដោយ​អង្គជំនុំជម្រះ​តុលាការ​កំពូល​ទាក់ទង​នឹង​ភាព​អាចអនុវត្ត​បាន​នូវ​ទម្រង់​ពង្រីក​​បន្ថែម​នៃ​សហ​ឧក្រិដ្ឋកម្ម​រួម ដែល​ហៅថា “​សហ​ឧក្រិដ្ឋកម្ម​រួម​ទម្រង់​ទី III” (JCE III) នៅ​ចំពោះមុខ អ​.​វ​.​ត​.​ក​៕​