លោក​សុខ ប៊ុន ជាប់ពន្ធនាគារ​យ៉ាងយូ​រ​៣​ខែ​ទៀត

​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម​ហើយ នៅ​ថ្ងៃទី​១៥ កុម្ភៈ​នេះ ជុំវិញ​សំណុំរឿង កញ្ញា​សា​សា និង​លោក សុខ ប៊ុន​។ តុលាការ​បានសម្រេច​ផ្តន្ទាទោស លោក សុខ ប៊ុន ឲ្យ​ជាប់ពន្ធនាគារ ៣ ឆ្នាំ តែ​ជនជាប់ចោទ​រូបនេះ ត្រូវបាន​តុលាការ ដាក់​ឲ្យ​អនុវត្ត​ទោស តែ​១០ ខែ​ប៉ុណ្ណោះ​។

​ស្ថិតនៅក្រោម​សេចក្តីសម្រេច​របស់លោក​ស្រី ស៊ លីន​ណា ចៅក្រម​ជំនុំ​ជម្រះក្តី​នៃ​សាលាដំបូង​រាជា​ធានី​ភ្នំពេញ លោក សុខ ប៊ុន ត្រូវបាន​ផ្តន្ទាទោស ឲ្យ​ជាប់ពន្ធនាគារ រយៈពេល ៣ ឆ្នាំ ពីបទ «​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​» នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦ ។ ប៉ុន្តែ លោក សុខ ប៊ុន ត្រូវបាន​តុលាការ​ដាក់​ឲ្យ​អនុវត្ត​ទោស​ត្រឹមតែ​១០ ខែ​ប៉ុណ្ណោះ​។

​គិតពី​ថ្ងៃ​១៨ ខែកក្កដា ឆ្នាំ​២០១៥ មកដល់ពេលនេះ លោក សុខ ប៊ុន បាន​អនុវត្ត​ទោស​របស់ខ្លួន បាន​ប្រមាណ​ជា ៧ ខែ​ហើយ​។ ដូច្នេះ ជនជាប់ចោទ​រូបនេះ ត្រូវ​ស្ថិតក្នុង​ពន្ធនាគារ​ប្រមាណ​ជា ៣​ខែ​បន្ថែមទៀត​យ៉ាងយូរ នឹង​អាចមាន​សេរីភាព​ឡើងវិញ​។

​ក្រៅពី​ផ្ទ​ន្ទា​ទោស​ដាក់ពន្ធនាគារ លោក សុខ ប៊ុន ក៏ត្រូវ​បាន​ពិន័យ​ឲ្យ​បង់ប្រាក់​ចំនួន ៦​លាន រៀល​ផងដែរ​។ យ៉ាងណាក៏ដោយ ទាក់ទង​នឹង​សំណង​រដ្ឋប្បវេណី ទាំង​ភាគី​ដើមចោទ និង​ចុងចោទ សុទ្ធតែ​រក្សា​ភាពអាថ៌កំបាំង ដោយ​គ្មាន​ភាគី​ណា​ឆ្លើយបំភ្លឺ​នោះទេ​។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ក្រោយពី​សេចក្តីសម្រេច​របស់​តុលាការ កញ្ញាឯក សុជាតា ហៅ​សា​សា ព្យា​យា​មមិន​បកស្រាយ​អ្វី​ទាំងអស់ ដោយ​កញ្ញា បានត្រឹមតែ​ពោល​ពាក្យ​ថា អ្វី​គ្រប់យ៉ាង កញ្ញា​ប្រគល់ជូន​មេធាវី​របស់ខ្លួន​ជា​អ្នកដោះស្រាយ​។ ជនរងគ្រោះ​រូបនេះ​បានបញ្ជាក់​បែបនេះ​ថា​៖«​ឥឡូវ​ខ្ញុំ​មក​រស់នៅ​ខេត្តសៀមរាប​។ អ៊ីចឹង​ខ្ញុំ​មិនដឹង​អ្វី​ទាំងអស់ បើ​ចង់ដឹង ទល់​តែ​ទាក់ទង​មេធាវី​របស់ខ្ញុំ​»​។

​មេធាវី​ការពារ​ក្តី​របស់​កញ្ញា​សា​សា លោក ពុធ ធា​វី នៅតែ​រក្សា​សិទ្ធិ​មិន​លាតត្រដាង​ពី​សំណង​រដ្ឋប្បវេណី​ដដែល​។ លោក គ្រាន់តែ​សម្តែង​ការយល់ស្រប​ចំពោះ​សេចក្តីសម្រេច​របស់​តុលាការ ដោយ​លោក​អះអាងថា ការកាត់ក្តី អាច​ទទួលយកបាន​។ មេធាវី​រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​យល់ថា ការសម្រេច​របស់​តុលាការ​គឺ​សមរម្យ ព្រោះ​លោក សុខ ប៊ុន ក៏​គាត់​មានការ​ភ្ញាក់រឭក​ខ្ពស់ ក្នុង​ការចូល​សារភាព​ចម្លើយ​ដែរ​។ ចំពោះ​រឿង​សំណង​ប៉ុន្មាន​នោះ ខ្ញុំ​មិនអាច​បញ្ជាក់​បានទេ​»​។

​សូម​រម្លឹកថា កាលពី​យប់​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ ២០១៥ កញ្ញា​សា​សា អតីត​ពិធី​ការិនី​ទូរទស្សន៍ CTN និង​លោក សុខ ប៊ុន អតីត​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ប៉ះពារ​ពាក្យសម្តី​លើ​គ្នា​ទៅវិញទៅមក នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។ ការប៉ះទង្គិច​ពាក្យសម្តី​គ្នា បាន​បណ្តាល​ឲ្យ​ភាគី​លោក សុខ ប៊ុន វាយដំច្រំធាក់​លើ​កញ្ញា​សា​សា យ៉ាងដំណំ​។ ដោយមាន​អន្តរាគមន៍​ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក សុខ ប៊ុន បាន​ស្ម​គ្រ​ចិត្ត ដាក់​កាយ​ចូល​សារភាព​ចម្លើយ ហើយ​ក្រោយមក​ក៏​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ ៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​