មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប​គ្រោង​រៀបចំ​បឹង​ពារាំង​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍​និង​មើល​សត្វ​ស្លាប

បឹង​ពារាំង គឺ​ជា​ឈ្មោះ​តំបន់​អភិរក្ស​ត្រី​ពូជ​មួយ​ក្នុង​បឹង​ទន្លេសាប នៅ​ចន្លោះ​ភូមិសាស្ត្រ​សង្កាត់​ជ្រាវ និង​សង្កាត់​ចុងឃ្នៀស ចម្ងាយ​ប្រមាណ ៧​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ពី​ទីក្រុង​សៀមរាប។ បច្ចុប្បន្ន ទីនោះ​មាន​ជីវចម្រុះ និង​ព្រៃ​លិច​ទឹក​ជាច្រើន​ប្រភេទ ដែល​ធ្វើ​ឲ្យ​សត្វ​ស្លាប​ជាច្រើន​កំពុង​ប្រជុំ​គ្នា​រក​ចំណី​លើ​ផ្ទៃ​ទឹក​ដ៏​ធំធេង និង​រស់នៅ​ដូចជា​តំបន់​អភិរក្ស​សត្វ​ស្លាប​ព្រែក​ទាល់​ដែរ។

ទាំង​អាជ្ញាធរ​ខេត្ត​សៀមរាប និង​មន្ត្រី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន កំពុង​សម្លឹង​ឃើញ​ដូច​គ្នា​ថា តំបន់​នោះ​អាច​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​ទៅ​កម្សាន្ត​ជាមួយ​ជីវចម្រុះ និង​ទស្សនា​សត្វ​ស្លាប​បាន។

អាជ្ញាធរ​ខេត្ត​សៀមរាប មាន​គម្រោង​ជួយ​ជ្រោមជ្រែង​សហគមន៍​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ជ្រាវ សង្កាត់​សៀមរាប និង​សង្កាត់​ចុងឃ្នៀស ឲ្យ​បង្កើត​តំបន់​ពារាំង នៃ​បឹង​ទន្លេសាប ក្លាយ​ទៅ​ជា​រមណីយដ្ឋាន​អេកូ​ទេសចរណ៍ ដែល​នឹង​ទាក់ទាញ​ភ្ញៀវ​បរទេស​ទៅ​ទស្សនា​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​នៅ​ពេល​ខាង​មុខ។

អភិបាល​រង​ខេត្ត​សៀមរាប ទទួល​បន្ទុក​ការងារ​ឧទ្យាន និង​កសិកម្ម គឺ​លោក គឹម ឆៃហៀង។ លោក​មាន​ប្រសាសន៍​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ទី​១៤ ខែ​កុម្ភៈ ថា បឹង​ពារាំង ដែល​ស្ថិត​នៅ​ក្នុង​ទន្លេសាប គឺ​ធ្លាប់​មាន​ក្រុមហ៊ុន​ខ្លះ​មក​ស្នើសុំ​វិនិយោគ​ធ្វើ​ជា​ជា​តំបន់​អេកូ​ទេសចរណ៍​ជា​ហូរហែ ក៏ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​សៀមរាប មិន​អនុញ្ញាត​ទេ គឺ​ទុក​ឲ្យ​សហគមន៍​ប្រជាពលរដ្ឋ រៀបចំ​ដើម្បី​រក​កម្រៃ​ពី​អេកូ​ទេសចរណ៍​នេះ។

លោក គឹម ឆៃហៀង បញ្ជាក់​ថា អាជ្ញាធរ​កំពុង​លើក​ទឹក​ចិត្ត​សហគមន៍​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ជ្រាវ សង្កាត់​សៀមរាប និង​សង្កាត់​ចុងឃ្នៀស ឲ្យ​រៀបចំ​វិស័យ​អេកូ​ទេសចរណ៍​នៅ​បឹង​ពារាំង ដើម្បី​រក​ចំណូល​សម្រាប់​សហគមន៍​ទាំង​នោះ៖ «ចំណុច​នោះ​យើង​ប្រហែល​ជា​ត្រូវ​ធ្វើ​កិច្ច​សហការ​ច្រើន​ជាមួយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ ក្រសួង​ទេសចរណ៍ ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន ជាដើម ធ្វើ​ការ​សិក្សា​លម្អិត ព្រោះ​វា​ពាក់ព័ន្ធ​ទៅ​នឹង​ធនធាន​ធម្មជាតិ ហើយ​និង​ជីវចម្រុះ»

បច្ចុប្បន្ន បឹង​ពារាំង ដែល​មាន​ផ្ទៃដី​ទំហំ​ជាង ៣៤០​ហិកតារ កំពុង​ស្ថិត​នៅ​ក្រោម​ការ​អភិរក្ស និង​ការពារ​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប។

អនុប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​សៀមរាប ទទួល​បន្ទុក​ការងារ​អភិរក្ស លោក ស៊ឹម ឈាវឈានវិសិដ្ឋ មាន​ប្រសាសន៍​ថា លោក​កំពុង​តែ​រៀបចំ​តំបន់​នោះ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​ទៅ​កម្សាន្ត​ជីវចម្រុះ និង​សត្វ​ស្លាប។ លោក ឈាវឈានវិសិដ្ឋ បញ្ជាក់​ថា នៅ​បឹង​ពារាំង ក្រៅ​តែ​ពី​មាន​កន្លែង​អភិរក្ស​ត្រី​ពូជ គឺ​នៅ​មាន​កោះ​ជាច្រើន ព្រម​ទាំង​មាន​ដើម​រាំង​ធំៗ​ដែល​ជា​ព្រៃ​លិច​ទឹក​យ៉ាង​ស្រស់​ស្អាត។ បច្ចុប្បន្ន ដោយសារ​តែ​មិន​ទាន់​មាន​ផ្លូវ​ស្អាត ភ្ញៀវ​ទេសចរ​ដែល​ចង់​ទៅ​កម្សាន្ត ត្រូវ​ធ្វើ​ដំណើរ​ដោយ​ជិះ​ម៉ូតូ​កាត់​ព្រៃ​លិច​ទឹក រួច​ហើយ​ជិះ​ទូក​បន្ត​ទៅ​ដី​កោះ៖ «ជា​លក្ខណៈ​អេកូ​ទេសចរណ៍​ធ្វើ​ឲ្យ​ភ្ញៀវ​គាត់​មក​ហ្នឹង គាត់​នឹង​សប្បាយ​ចិត្ត ដោយ​ឃើញ​វាល​ស្រែ ឃើញ​ដំណាំ​ដាំ​ដុះ​របស់​ប្រជាពលរដ្ឋ»

បឹង​ពារាំង ក្រៅ​ពី​មាន​ផ្ទៃ​ទឹក​ទន្លេ​ល្ហល្ហាច​អាច​ឲ្យ​ភ្ញៀវ​ជិះ​ទូក​កម្សាន្ត ក៏​មាន​សត្វ​ស្លាប​រស់នៅ​ជាច្រើន​ប្រភេទ​ដូចជា​សត្វ​ទុង សត្វ​ចង្កៀលខ្យង សត្វ​កុក ទោម ក្រសារ ប្រវឹក និង​ក្អែក​ទឹក ជាដើម។

មន្ត្រី​មន្ទីរ​បរិស្ថាន បាន​អំពាវនាវ​សូម​ឲ្យ​រដ្ឋាភិបាល និង​ក្រសួង​ទេសចរណ៍ ជាដើម ជួយ​ជ្រោមជ្រែង​ក្នុង​ការ​អភិវឌ្ឍ​ផ្លូវ​ទៅ​កាន់​តំបន់​នោះ​ឲ្យ​បាន​ល្អ​ស្អាត ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ជាច្រើន អាច​ចាប់​អារម្មណ៍ និង​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ទីនោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។