សហ​ចៅក្រម​បំបែក​សំណុំ​រឿង​ទាក់ទង​នឹង​អ្នកស្រី អ៊ឹម ចែម ចេញ​ពី​សំណុំ​រឿង​០០៤

សហ​ចៅក្រម​ស៊ើប​អង្កេត​នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ ចេញ​ដីកា​សម្រេច​បំបែក​សំណុំ​រឿង​ទាក់ទង​នឹង អ្នកស្រី អ៊ឹម ចែម ចេញ​ពី​សំណុំ​រឿង​០០៤។ ការ​បំបែក​សំណុំ​រឿង​នេះ សហ​ចៅក្រម​ស៊ើប​អង្កេត​ចាត់​ចេញ​ជា​សំណុំ​រឿង​ថ្មី​មួយ​ទៀត គឺ​សំណុំ​រឿង​០០៤/០១ ឬ​ហៅ​ថា ០០៤ វគ្គ​១។

មន្ត្រី​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា មាន​ប្រសាសន៍​ថា ការ​បំបែក​សំណុំ​រឿង​នេះ គឺ​ដើម្បី​ធានា​ដល់​សិទ្ធិ​របស់​ជន​ត្រូវ​ចោទ ដោយ​គ្មាន​ការ​ពន្យារ​ពេល​ចំពោះ​ការ​កំណត់​បទ​ចោទ​ប្រឆាំង​នឹង​រូប​គាត់៖ «ដោយ​ពិចារណា​ដល់​សេចក្ដី​ជូន​ដំណឹង​ពី​ការ​បិទ​បញ្ចប់​កិច្ច​ស៊ើបសួរ​ប្រឆាំង អ្នកស្រី អ៊ឹម ចែម ដែល​បាន​ចេញ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៥ ខណៈ​ដែល​ការ​ស៊ើប​អង្កេត​ប្រឆាំង​ជន​ជាប់​ចោទ​ផ្សេង​ទៀត ក្នុង​សំណុំ​រឿង​០០៤ កំពុង​បន្ត​នៅ​ឡើយ»

អ្នកស្រី អ៊ឹម ចែម ជា​អតីត​គណៈ​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បាត់ដំបង នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ គឺ​ជា​បុគ្គល​ដែល​សហ​ចៅក្រម​ស៊ើប​អង្កេត​បិទ​បញ្ចប់​ការ​ស៊ើបសួរ និង​ចោទ​ប្រកាន់​មុន​គេ នៅ​ក្នុង​សំណុំ​រឿង​០០៤។ សំណុំ​រឿង​នេះ មាន​ជន​សង្ស័យ​ពីរ​រូប​ផ្សេង​ទៀត គឺ​លោក អោ អាន និង​លោក យឹម ទិត្យ ដែល​កំពុង​ឋិត​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​នៅ​ឡើយ។ ដូច្នេះ ការ​បំបែក​សំណុំ​រឿង​ទៅ​ជា ០០៤/០១ គឺ​អ្នកស្រី អ៊ឹម ចែម មិន​ត្រូវ​រង់ចាំ​រហូត​ដល់​ការ​ស៊ើប​អង្កេត​លើ​ជន​សង្ស័យ​ពីរ​រូប​ចប់​រួច​រាល់​នោះ​ឡើយ។

នីតិវិធី​បំបែក​សំណុំ​រឿង​នេះ គឺ​ដូច​គ្នា​នឹង​សំណុំ​រឿង​០០២ ដែរ។ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង បាន​បំបែក​សំណុំ​រឿង​០០២ ឲ្យ​ទៅ​ជា ០០២ វគ្គ​១ និង ០០២ វគ្គ​២ ដែល​កំពុង​ជំនុំ​ជម្រះ​សព្វថ្ងៃ​នេះ។ សំណុំ​រឿង​០០២ វគ្គ​១ កំពុង​ឋិត​នៅ​ក្រោម​ការ​ប្ដឹង​សាទុក្ខ​នៅ​ឡើយ។ តុលាការ​កំពូល នឹង​បើក​សវនាការ​លើ​បណ្ដឹង​សាទុក្ខ​នេះ​រយៈពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៨ កុម្ភៈ។

លោក នេត្រ ភក្ដ្រា បញ្ជាក់​ថា នៅ​ក្នុង​រយៈពេល​បី​ថ្ងៃ​នេះ អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល គ្រោង​ស្ដាប់​សារណា​ផ្ទាល់​មាត់​លើ​បញ្ហា​នានា ដែល​ភាគី​ពាក់ព័ន្ធ​បាន​លើក​ឡើង​នៅ​ក្នុង​បណ្ដឹង​សាទុក្ខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។