ព័ត៌មាន​ជាតិ &raquo បរិស្ថាន

ខេត្តស្វាយរៀង​៖​កម្មករ​កម្មការិនី​រោងចក្រ​ដេរខោ​អាវ​RKT​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តា​យ​សេង​ដួល​បន្លប់​ជា​បន្តបន្ទាប់​៣៩​នាក់​ក្នុង​នោះ​ប្រុស​៣​នាក់​ត្រូវ​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ​ជី​ភូ​ក្រុង​បា​វិត​។ ហេតុការណ៍​ដួល​សន្លប់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​រោងចក្រ​RKT ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តា​យ​សេង​ស្ថិត​ក្នុងភូមិព្រៃ​ផ្តៅ សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ខេត្តស្វាយរៀង​។

បើ​តាម​កម្មការិនី​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖​មុន​ពេល​កើតហេតុ​គឺ​ដល់​ម៉ោង​ចេញ​ហូប​បាយ​ស្រាប់តែ​មាន​ធុំក្លិន​ក្រណាត់ និង​ថប់ដង្ហើម​អត់​ខ្យល់​ក៏​ធ្វើ​ឲ្យ​កម្មករ​កម្ម​ការ​នី​ដួល​សន្លប់​ជា​បន្តបន្ទាប់​ដោយ​មាន​សភាព​ទន់ដៃទន់ជើង​ក្អួតចង្អោរ​និង​ដួល​សន្លប់​ឃើញ​ដូច​ច្នេះ​កម្មករ​កម្ម​ការ​នី​ទាំង​៣៩​នាក់​បាន​ដួល​សន្លប់​ត​គ្នា​ជា​បន្តបន្ទាប់​។ ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​៖​ដោយ​កន្លែង​តូច​មាន​ខ្យល់​ចេញចូល​តិច​តូច​ពេក​ទើប​បណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​កម្មករ​កម្មការិនី​ដូច​ច្នេះ​។

ក្រោយមក​ក្រុមហ៊ុន​បាន​ហៅ​រថយន្ត​សា​មុ​យ​ដឹក​ជន​រង​គ្រោះ​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ​ជី​ភូ ដើម្បី​សង្គ្រោះ​រហូត​មក​ដល់​វេលា​ម៉ោង​៦:០០​ល្ងាច កម្មករ​កម្ម​ការ​នី​បាន​ធូរស្រាល​ខ្លះ​ហើយ​។ មូលហេតុ​នាំ​ឲ្យ​កម្មករ​កម្ម​ការ​នី​ដួល​សន្លប់​នេះ​សាយភាយ​ក្លិន​ក្រណាត់​និង​បន្ទប់​អាគារ​តូច​ចង្អៀត​ខ្វះ​ខ្យល់​អុក​ស៊ី​សែន​។​