សំណុំរឿង​លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ ប្រព្រឹត្ត​ហិង្សា​លើ​កញ្ញា​ សា​សា​ តុលាការ​សម្រេច​ឲ្យ​ឧកញ៉ា​សម្បូរ​ទ្រព្យ​មាន​សេរីភាព​០៣​ខែ​ទៀត​

​ដោយ​គ្មាន​សំអាង​ហេតុ​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ​ និង​គ្មាន​វត្តមាន​ជនជាប់ចោទ​ ព្រមទាំង​គ្មាន​វត្តមាន​មេធាវី​ ប៉ុន្តែ​មាន​តែ​ក្រុម​អ្នក​សារព័ត៌មាន​ចូលរួម​ស្តាប់​សេចក្តីសម្រេច​របស់​តុលាការ​ក្នុង​អង្គ​សវនាការ​ជំនុំជម្រះ​នោះ​ នៅ​វេលា​រសៀល​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​ លោកស្រី​ ស៊​ លី​ន​ណា​ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស​ទៅ​លើ​លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ ដែល​ជាប់​ឈ្មោះ​ជា​ជនជាប់ចោទ​ក្នុង​សំណុំរឿង​ប្រព្រឹត្ត​អំពើ​ហិង្សា​ទៅ​លើ​កញ្ញា​ ឯក​ សុជាតា​ ហៅ​ សា​សា​ កាលពី​ថ្ងៃ​ទី​០២​ ខែកក្កដា​ ឆ្នាំ​២០១៥​នោះ​ ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​៣​ឆ្នាំ​ តែ​អនុវត្តន៍​ទោស​ក្នុង​ពន្ធនាគារ​ត្រឹម​កំណត់​១០​ខែ​ ក្រៅពី​នោះ​ជា​ទោស​ព្យួរ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៦​លាន​រៀល​ ។​

​យោង​តាម​ការ​សម្រេច​របស់​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​បែប​នេះ​ និង​យោង​តាម​កាលបរិច្ឆេទ​នៃ​ការ​ឃុំខ្លួន​លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ បណ្តោះអាសន្ន​ដាក់​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នោះ​ គឺ​មាន​ន័យ​ថា​ នៅ​សល់​រយៈពេល​ត្រឹមតែ​០៣​ខែ​ទៀត​ប៉ុណ្ណោះ​ លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ នឹង​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ ។​

​គួរ​រំលឹក​ជូន​ថា​ លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ នាយក​ក្រុមហ៊ុន​ TEHO-SBG​ Development​ Co.,​ Ltd.​ ត្រូវ​បាន​ស្ថាប័ន​តុលាការ​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​០២​ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​រាជធានី​ភ្នំពេញ​ ទៅ​លើ​កញ្ញា​ ឯក​ សុជាតា​ ហៅ​ សា​សា​ អតីត​ពិធី​ការិនី​ស្ថានីយ៍ទូរទស្សន៍​ CTN​ និង​ត្រូវជា​កូនស្រី​របស់​លោក​ឧកញ៉ា​ អ៊ុត​ ធី​ ខណៈ​លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ ដែល​ក្លាយ​ខ្លួន​ជា​ជន​ត្រូវ​ចោទនា​ពេល​នោះ​ បាន​គេចខ្លួន​ទៅ​បរទេស​ ។​ ប៉ុន្តែ​បន្ទាប់​ពី​មាន​ប្រតិកម្ម​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១៥​ លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ ក៏​បាន​វិល​ត្រឡប់​ចូលខ្លួន​ឲ្យ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ និង​ត្រូវ​បាន​លោក​ លាង​ សំណាត់​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ដាក់​ពន្ធនាគារ​នា​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​ ។​

​ក្រោយមក​ ប្រភព​ព័ត៌មាន​មួយ​ចំនួន​ដែល​អាច​ពិចារណា​បាន​ឲ្យ​ដឹង​ថា​ មានការ​សម្របសម្រួល​រវាង​លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ ជា​ជនជាប់ចោទ​ និង​កញ្ញា​ សា​សា​ ជាដើម​បណ្តឹងរដ្ឋប្បវេណី​ ដើម្បី​ឲ្យ​កញ្ញា​ សា​សា​ ដក​ពាក្យបណ្តឹង​វិញ​ ជា​ថ្នូរ​នឹង​ការ​ចំណាយ​ប្រាក់​យ៉ាងច្រើន​ ទើប​ស្ថានភាព​នៃ​ការ​វិនិច្ឆ័យ​សេចក្តី​របស់​ស្ថាប័ន​តុលាការ​មាន​លក្ខណៈ​ធូរស្រាល​ដូច្នេះ​ ៕​

សំណុំរឿង​លោក​ឧកញ៉ា​ សុខ​ ប៊ុ​ន​ ប្រព្រឹត្ត​ហិង្សា​លើ​កញ្ញា​ សា​សា​ តុលាការ​សម្រេច​ឲ្យ​ឧកញ៉ា​សម្បូរ​ទ្រព្យ​មាន​សេរីភាព​០៣​ខែ​ទៀត​

Related