អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បង្គាប់​ឲ្យ​អាជីវករ​រុះរើ​តូប​លក់ដូរ​ចេញ​ពី​មាត់​ឆ្នេរ

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បង្គាប់​ឲ្យ​អាជីវករ​រុះរើ​តូប​លក់ដូរ​ចេញ​ពី​មាត់​ឆ្នេរ

រូបឯកសារ៖ ទិដ្ឋភាព​ឆ្នេរ​សមុទ្រ​នៅ​ក្រុង​ព្រះសីហនុ ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ​២០០៦។ (AP/ហេង ស៊ីនិត)អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ស្នើ​ឲ្យ​អាជីវករ ​ដែល​កំពុង​ធ្វើ​អាជីវកម្ម​លក់​ដូរ​នៅ​តាម​ឆ្នេរ​សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ​ រុះរើ​សំណង់​អាជីវកម្ម​របស់​ពួក​គេ​ចេញ​ពី​លើ​ដី​ចំណី​ឆ្នេរ​ក្នុង​តំបន់​ឆ្នេរ​ចំនួន​បី​កន្លែង​ក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ ដោយ​ទុក​ពេល​ឲ្យ​មួយ​ខែ។ ភ្នំពេញ—

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ស្នើ​ឲ្យ​អាជីវករ ​ដែល​កំពុង​ធ្វើ​អាជីវកម្ម​លក់​ដូរ​នៅ​តាម​ឆ្នេរ​សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ​ រុះរើ​សំណង់​អាជីវកម្ម​របស់​ពួក​គេ​ចេញ​ពី​លើ​ដី​ចំណី​ឆ្នេរ​ក្នុង​តំបន់​ឆ្នេរ​ចំនួន​បី​កន្លែង​ក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ ដោយ​ទុក​ពេល​ឲ្យ​មួយ​ខែ។​ នេះ​បើ​យោង​ទៅតាម​សេចក្ដី​ប្រកាស​ព័ត៌មាន ដែល​ចេញ​ដោយ​អភិបាល​ខេត្ត​ព្រះសីហនុ​ កាល​ពី​ថ្ងៃ​សុក្រ​ ហើយ​ដែល VOAទទួល​បាន​នៅ​ថ្ងៃ​អាទិត្យ​នេះ។

អាជីវករ​ដែល​កំពុង​ធ្វើ​អាជីវកម្ម​លក់ដូរ​ នៅ​ឆ្នេរ​អូរត្រេះ​ ឆ្នេរ​អូរ​ឈើ​ទាល​ (ទល់មុខ​ដី​ក្រុមហ៊ុន​ សុខា​ អូតែល​ អតីត​ដី​អារីស្តុន)​ និង​ឆ្នេរ​មុខ​ព្រះ​រាជ​ដំណាក់​ចាស់​កំពង់​សោម​ នឹង​មាន​ពេល​រយៈពេល​មួយ​ខែ​ សម្រាប់​ការ​រុះរើ​ ដែល​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​ ១៣ ខែ​កុម្ភៈ​ ដល់​ថ្ងៃទី​១៣ ខែ​មីនា​ ឆ្នាំ​២០១៦។

ការ​ស្នើ​ឲ្យ​រុះរើ​នេះ​ធ្វើ​ឡើង​ ខណៈ​ដែល​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​ និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​ និង​សាលាខេត្ត​ព្រះសីហនុ​ គ្រោង​រៀប​ចំ​កែលំអ​ និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​ខ្សាច់​ក្នុង​ខេត្ត​ព្រះសីហនុ​ ដើម្បី​ធានា​បាន​នូវ​ការ​គ្រប់​គ្រង​ និង​រក្សា​បរិស្ថាន​ប្រកបដោយ​និរន្តរភាព។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលា​ខេត្ត​ព្រះសីហនុ​ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ អភិបាល​ខេត្ត យន្ត​ មីន​ កាល​ពី​ថ្ងៃ​ទី១២​ ខែ​កុម្ភៈ​ បាន​បញ្ជាក់​ពី​ចំណាត់​ការ​របស់​អាជ្ញាធរ​យ៉ាង​ដូច្នេះ​ថា៖​«ផុត​កំណត់​កាល​បរិច្ឆេទ​នេះ​ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ នឹង​ចាត់​វិធានការ ​ចុះ​រុះរើ​ ដោយ​មិន​ទទួល​ខុសត្រូវ​រាល់​ការ​ខូចខាត​នោះ​ទេ»។

អ្នកស្រី​ ភឿក សុខេន​ វ័យ​៥២ឆ្នាំ​ តំណាង​អាជីវករ​លក់​ដូរ​ក្នុង​តំបន់​ឆ្នេរ​អូរឈើទាល ទល់​មុខ​ដី​ក្រុម​ហ៊ុន​ សុខា​អូតែល​ ថ្លែង​ប្រាប់​VOA​ថា​ អាជីវករ​ជាង​១០០​នាក់​នៅ​ក្នុង​តំបន់​នេះ មាន​ការ​ព្រួយបារម្ភ​ចំពោះ​ការ​បាត់​បង់​របរ​រកស៊ី​របស់​ពួក​គេ។

«ពួក​ខ្ញុំ ​កំពុង​មាន​ការ​ព្រួយបារម្ភ​មែន​ទែន។​ ខ្លះ​ចាស់ៗ​ទៅ​ គាត់​ស្លុត​ខ្លាំង​ដល់​សន្លប់​ដល់​អី។​ យើង​កំពុង​ព្រួយបារម្ភ អ្ហា​រឿង​សុខភាព​របស់​ប្រជាពលរដ្ឋ។​ ហើយ​អម្បាញ់មិញ​ យាយ​គាត់​អាយុ​៧០ជាង​ គាត់​ភ័យ​ គាត់​ឡើង​សន្លប់»។

អ្នកស្រី​ ភឿក​ សុខេន​ បន្ត​ថា​ ក្រុម​អាជីវករ​ទាំងនោះ​ នឹង​ទៅ​តវ៉ា​នៅ​សាលា​ខេត្ត​ព្រះសីហនុ​ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ហើយ​នៅ​ថ្ងៃ​ទី១៨​ ខែ​កុម្ភៈ​ ក្រុម​អាជីវករ​នឹង​ធ្វើ​ដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ​ ដើម្បី​ដាក់​ញត្តិ​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន។

អ្នកស្រី​បញ្ជាក់​ថា​ អាជីវករ​នឹង​ស្នើ​រដ្ឋាភិបាល​ឲ្យ​ផ្ដល់​ដី​ឲ្យ​ពួកគេ​ជួល​ និង​ធ្វើ​ការ​កែលំអ​ទីតាំង​ទាំងនោះ​ ដោយ​មិន​ចាំបាច់​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ណាមួយ​មក​អភិវឌ្ឍន៍​សួន​ច្បារ​នោះ​ឡើយ។

«អូន​ សោភ័ណភាព​ល្អ​ អូន​ដឹង​ទេ?​ សោភ័ណភាព​ គឺ​កើត​ចេញ​ពី​មនុស្ស​គ្រប់​គ្នា។ ទោះ​បី​ថា​ ឲ្យ​ទៅ​អ្នក​មាន​អំណាច ​មាន​លុយ​ ក៏​អ្នក​មាន​អំណាច​មាន​លុយ​ហ្នឹង​ ជួល​អ្នក​ក្រី​ក្រ​ទៅ​ឈូស​ឆាយ​ ទៅ​ធ្វើ​អញ្ចឹង​ដែរ។​ ដូច្នេះ​ បើ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​លក់​ដូរ​ ពួក​ខ្ញុំ​ក៏​មាន​លទ្ធភាព​ នឹង​អាច​ឈូស​ឆាយ​ឲ្យ​ស្មើ​ ឲ្យ​ស្អាត​ អភិវឌ្ឍ​តំបន់​ឆ្នេរ​ឲ្យ​ស្អាត​ដែរ។​ យើង​អត់​ចង់​ឲ្យ​នៅ​ភាព​អនាធិបតេយ្យ​ ឬ​ក៏​ភាព​មិន​ល្អ​សម្រាប់ឆ្នេរ​របស់​យើង​ទេ។​ យើង​ជា​កូន​ខ្មែរ​ ឆ្នេរសមុទ្រ​របស់​យើង​ ល្បី​អញ្ចឹង​ យើង​ក៏​ចង់​ឲ្យ​ល្បី​ដែរ»។

អ្នក​ស្រី​បន្ថែម​ថា​ ទីតាំង​ដែល​ត្រូវ​អាជ្ញាធរ​ឲ្យ​រុះរើ​នេះ​គឺ​ជា​ទីតាំង​ ដែល​ធ្លាប់​រង​ការ​ឈូស​ឆាយ​ បង្ក​ឲ្យ​មាន​ខូចខាត​ជាច្រើន​ពី​ខាង​ក្រុមហ៊ុន​ សុខា ​អូតែល​ កាល​ពី​ឆ្នាំ​២០០៦។

អ្នកស្រី​មាន​ប្រសាសន៍​ថា​ ទំហំ​នៃ​ការ​ខូចខាត​កាល​ពី​ពេល​នោះ​ គឺ​មាន​ចាប់​ពី​ ១០០០០​ដុល្លារ​អាមេរិក​ រហូត​ដល់​ជិត​១០០០០០​ម៉ឺន​ដុល្លារ​អាមេរិក​ សម្រាប់​អាជីវករ​ម្នាក់ៗ។​

ក្រុម​អាជីវករ​៣២​នាក់​ ​ដែល​រង​ការ​ខូចខាត​ ត្រូវ​បាន​ក្រសួង​មហា​ផ្ទៃ​សម្រប​សម្រួល​ឲ្យ​ទទួល​យក​ប្រាក់​សំណង​៣៥០០​ដុល្លារ​អាមេរិក​ តែ​ពួកគេ​មួយ​ចំនួន​បាន​បដិសេធ​សំណង​នេះ។

នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ ពួកគេ​ និង​អាជីវករ​ដទៃ​ទៀត ​ទាម​ទារ​មិន​ចាក​ចេញ​ទៅ​ណា​ផ្សេង​ឡើយ។

លោក ប្រាក់​ វិសាល​ អនុប្រធាន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ទទួល​បន្ទុក​កិច្ចការ​អភិវឌ្ឍន៍​ទីកន្លែង​ទេសចរណ៍​ ថ្លែង​ថា ​អាជ្ញាធរ​ខេត្ត​នឹង​ចាត់​វិធានការ​ទៅ​តាម​សេចក្ដីប្រកាស​ព័ត៌មាន ​ដែល​ផ្ដល់​ជូន​ទៅ​ដល់​អាជីវករ​ទាំង​នោះ។

«ជា​ការ​ពិត​ទៅ​ អា​ហ្នឹង​វា​ជា​សិទ្ធិ​របស់​គាត់​ទេ។​ គាត់​ទាម​ទារ​ អា​ហ្នឹង​ជា​សិទ្ធិ​របស់​គាត់​ ពីព្រោះ​ថា​ បើសិនជា​យើង​ទុក​ឆ្នេរ​អញ្ចឹង​ ឲ្យ​វា​មាន​សំណង់​ដែល​ជាប់​នឹង​មាត់​ទឹក​អញ្ចឹង​ យើង​មាន​ឆ្នេរ​ណា​សម្រាប់​ដើរ​កំសាន្ត​ ឬក៏​ភ្ញៀវចុះ​ទៅ​ទស្សនា​ ឬ​ក៏​មុជទឹក​អី​អញ្ចឹង។​ ហើយ​ពួកគាត់​ទាំង​អស់​គួរ​តែ​ដឹង​ហើយ​ថា​ ដី​ចំណី​ឆ្នេរ​ ជា​ដី​សាធារណៈ​របស់​រដ្ឋ។​ នៅ​ពេល​ណា​រដ្ឋ​ត្រូវ​ការ​រៀប​ចំ​កែលំអ ​អភិវឌ្ឍន៍​អី គឺ​ត្រូវ​តាម​តែ​អនុវត្ត​ទៅតាម​គោលការណ៍»។

លោក​បញ្ជាក់​ថា​ តូប​ថ្មី​ដែល​នឹង​រៀបចំ​ឡើង​ដោយ​សាលា​ខេត្ត​ នឹង​ត្រូវ​ដាក់​ឲ្យ​ឆ្ងាយ​ពី​គ្នា​ ចម្ងាយ​២៥​ម៉ែត្រ​ ទៅ​៣០​ម៉ែត្រ​ និង​ស្ថិត​នៅ​ឆ្ងាយ​ពី​ការ​ជន់​ជោរ​របស់​ទឹក​សមុទ្រប្រមាណ​ពី៣០​ ទៅ​៥០​ម៉ែត្រ​ ផ្អែក​ទៅតាម​ស្ថានភាព​ភូមិសាស្ត្រ​របស់​ឆ្នេរ​នីមួយៗ។

លោក​ ប្រាក់​ វិសាល​ បាន​ពន្យល់​បន្ថែម​ពី​ផែនការ​នៃ​ការ​រៀបចំ​ឆ្នេរ​ក្នុង​បី​ទីតាំង​នោះ​ យ៉ាង​ដូច្នេះ​ថា៖

«តាម​ផែនការ​របស់​គណៈកម្មការ​ជាតិ​តំបន់​ឆ្នេរ​ហ្នឹង​ គឺ​ គេ​បាន​សិក្សា​ ហើយ​និង​ធ្វើ​Master Plan (ប្លង់មេ) ​នៅ​កន្លែង​ហ្នឹង​ហើយ។​ នៅ​ពេល​ណា​ដែល​ពួកគាត់​ចេញ​ទៅ គេ​នឹង​លើក​ផ្លាក។ មាន​ន័យ​ថា​ ឆ្នេរ​ត្រូវ​ទុក​ឲ្យ​ទូលាយ​ ដើម្បី​ឲ្យ​ភ្ញៀវ​គាត់​ទៅ​ទស្សនា​ ឬ​ក៏​ចុះ​ទៅ​មុជទឹក​បាន​ស្រួល​ ហើយ​មាន​កន្លែង​ចត​រថយន្ត​ មាន​បន្ទប់​ទឹក​ មាន​ខ្ទុះ សម្រាប់​ពេល​មាន​ភ្លៀង​ មាន​អី​អញ្ចឹង​ អាច​ទៅ​ជ្រក​ ទៅ​អី​អញ្ចឹង​ទៅ​ណាស់»។

លោក​ឲ្យដឹង​បន្ថែម​ថា​ ការ​រៀប​ចំ​ឆ្នេរ​ក្នុង​ទីតាំង​ទាំង​បី​នេះ​ គឺ​សម្រាប់​ការ​ត្រៀម​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ដើម​ខែ​ធ្នូ​ ឆ្នាំ​២០១៦។​

លោក បន្ថែម​ថា​ សាលា​ខេត្ត​នឹង​រក​ដៃ​គូ​មក​គ្រប់គ្រង​ដំណើរការ​នៃ​ការ​រៀបចំ​ឆ្នេរ​នេះ​ឡើង​វិញ។

លោក​ ឯក​ វិធាន​ វ័យ​៣៦​ឆ្នាំ​ តំណាង​ក្រុម​អាជីវករ​ដែល​មាន​តូប​លក់​ដូរ​៦២​តូប​នៅ​ក្នុង​តំបន់​ឆ្នេរ​អូរត្រេះ ថ្លែង​ថា​ អាជីវករ​ក្នុង​តំបន់​នេះ​ និង​តំបន់​ពីរ​ផ្សេង​ទៀត​ក៏​គ្រោង​នឹង​ស្នើ​ទៅ​លោក​អភិបាល​ខេត្ត​ យន្ត​ មីន​ ឲ្យ​ពិចារណា​ពី​វិធានការ​នេះ​ឡើងវិញ​ផង​ដែរ។​

លោក​បញ្ជាក់​ថា​ អាជីវករ​ក្នុង​តំបន់​ឆ្នេរ​អូរត្រេះ​ ក៏​ទាមទារ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អាជីវករ។

«យើង​សុំ​អភិវឌ្ឍន៍​ខ្លួន​ឯង។​ យើង​នឹង​ចេញ​លុយ​ធ្វើ​ដោយ​ខ្លួន​ឯង​ ហើយ​ឲ្យ​តែ​រដ្ឋ​ឲ្យ​ថយ​យ៉ាងម៉េច​ យើង​ធ្វើ​អញ្ចឹង។ ប៉ុន្តែ​ យើង​មិន​អាច​ឲ្យ​រុះ​ចេញ​ បាន​រដ្ឋ​អ្នក​ធ្វើ​រៀប​ចំ​ គឺ​យើង​មិន​ព្រម​ទេ​បាទ។​ យើង​អត់​ព្រម​ដាច់​ខាត»។

លោក​បន្ត​ថា​ ចំនួន​អាជីវករ​ដែល​គ្រោង​នឹង​ទៅ​តវ៉ា​ គឺ​មាន​ប្រមាណ​២៥០នាក់។

លោក​អះអាង​បន្ថែម​នៅ​ក្នុង​ការ​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ ក៏​នឹង​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ ​ដែល​រង​ការ​រំលោភបំពាន​ដី​ធ្លី​ផង​ដែរ៕