ហេតុអ្វី​នាង​មិន​ស្មោះ​នឹង​ខ្ញុំ ?

Doliprane TVC

ឆ្នាំនេះ​ខ្ញ្ញុំ​មាន​អាយុ ២៥ ឆ្នាំ ជា​មន្ត្រីរាជការ​ថ្នាក់​ខណ្ឌ​ម្នាក់​នៅ​ខែត្រ​ព្រៃវែង ។ ខ្ញុំ​ជាម​នុស្ស​ចូលចិត្ត​ជួយ​គេ ពេលខ្លះ​រហូតដល់​អស់​ប្រាក់​ពី​ខ្លួន​ក៏មាន ។ កាលពី​ឆ្នាំទៅ​ខ្ញុំ​បាន​ស្គាល់​នារី​ម្នាក់​មើលទៅ​នាង​ជា​មនុស្ស​ស្លូតបូត​គួរឱ្យ​ចាប់ចិត្ត ។ ពេល​បុណ្យចូលឆ្នាំ​ខ្មែរខ្ញុំ​បាន​ព្យាយាម​ទាក់ទង​នាង​បានសម្រេច យើង​ទាំងពីរ​ក៏បាន​ចាប់ផ្តើម​ស្រឡាញ់គ្នា ។​ ​ក្រោយ​រយៈពេល​មួយខែ​នៃ​ការ​ស៊ើបដំណឹងទើប​ខ្ញុំ​ដឹងថា​នាង​ជា​ស្ត្រីមេម៉ាយ​មានកូន​ស្រី​ម្នាក់​អាយុ ៦ ឆ្នាំ ។ ដោយសារ​ការអាណិតអាសូ​រខ្ញុំ​ក៏​ព្រម ទទួលយក​ដោយ​មិន​សួរដេញដោល​រឿងនេះ ។ ទំនាក់ទំនង​ស្នេហា​របស់​យើងក៏​ឈានដល់​ពិធី​ភ្ជាប់ពាក្យ​តាម​ប្រពៃណី ។ ក្រោយ​ភ្ជាប់ពាក្យ​ឪពុកម្តាយ​នាង​ក៏អនុញ្ញាតឱ្យ​ខ្ញុំ​រើម​កនៅ​ក្នុងផ្ទះ​របស់​ពួកគាត់ ។ ដោយសារ​ឪពុកម្តាយ​នាង​មាន​អាយុ​ច្រើន ប្អូនស្រី​របស់​នាង​កំពុង​សិក្សា រីឯ​នាង​ក៏​មិនទាន់​រកបាន​ការងារ​ធ្វើដូច្នេះ​ប្រាក់​ចំណាយ​នៅក្នុង​គ្រួសារ​គឺ​ខ្ញុំ​ជា​អ្នករ៉ាប់រង ។

​មិនយូរប៉ុន្មាន​គូ​ដណ្តឹង​ខ្ញុំ​ក៏​រកបាន​ការងារ​ជា​បុគ្គលិក​ភោជនីយដ្ឋាន​មួយ ទោះជា​ខ្ញុំ​ជំទាស់ក៏​នាង​នៅតែ​មិន​ស្តាប់ ។ ការងារ​របស់​នាង​តម្រូវ​ឱ្យចេញ​នៅ​ម៉ោង ១១ យប់ ។ យប់​មួយ​ខ្ញុំ​គេង​ជ្រុល​ពេលទៅដល់​កន្លែងធ្វើការ​របស់​នាង​គេ​ប្រាប់ថា​នាង​បាន​ឡើង​រថយន្ត​ទៅជា​មួយ​បុរស​ម្នាក់ ។ ខ្ញុំ​ទូរស័ព្ទ​ទៅនាង​បែរជា​ខឹង ហើយ​ថា​នាង​ជិះ​ដោយសារ​រថយន្ត​របស់​មិត្តភក្តិ ប៉ុន្តែ​ពេល​ខ្ញុំ​មកដល់​ផ្ទះ​ជាង​មួយ​ម៉ោង​នៅតែ​មិនឃើញ​នាង​មកដល់ ។ ព្រឹក​ឡើង​នាង​ប្រាប់ថារថយន្ត​បែក​កង់ ។ ខ្ញុំ​មិន​សួរនាំ​អ្វី​ទៀត ប៉ុន្តែ​ខ្ញុំ​ចាប់ផ្តើម​តាមដាន​នាង ទន្ទឹមនឹង​ការស្នើ​ឱ្យ​នាង​ឈប់​ធ្វើការ​ងារ​នេះ ។

​យប់​មួយពេល​កំពុងធ្វើការ​នា​ង​ទូរស័ព្ទ​ប្រាប់ថា​មេ​របស់​នាង​ស្នើឱ្យ​ថែម​ម៉ោង​ដល់​ម៉ោង ៣ កន្លះ​យប់ ។ ថ្វីបើ​យប់នោះ​មាន​ភ្លៀង​ធ្លាក់​ខ្ញុំ​នៅតែ​តាមដាន​នាង ។ បញ្ហា​ពិតជា​ដូច​ការ​ស្មាន​របស់ខ្ញុំ​មែន​គឺ​នាង​បាន​ឡើងផ្ទះសំណាក់​ជាមួយ​បុរស​ម្នាក់​ដែលមាន​រថយន្ត ។ ស្អែក​ឡើង​ខ្ញុំ​ប្រាប់​ឪពុកម្តាយ​នាងហើយ ​បាន​សួរ​នាង​ថា​«​ហេតុអ្វី​ធ្វើបែបនេះ ? អូន​មិន​អាណិត​បង​ក៏​គួរតែ​អាណិតកូន​ផង !» ។ នាង​និយាយ ថា​«​កូន​របស់ខ្ញុំ​មិនមែន​កូន​បង​ឯង​ឯណា !» ខឹង​ពេក​ខ្ញុំ​ក៏​ចុះ​ចេញពីផ្ទះ​នាង ។ មិនបាន​ពីរ​ថ្ងៃ​ផង​នាង​ក៏​ទូរស័ព្ទ​មកសុំ​ទោស ហើយ​ឪពុកម្តាយ​របស់​នាង​ក៏​មក​តាម​ខ្ញុំ​ឱ្យ​វិល​ទៅវិញ ។ ព្រោះតែ​ចិត្តមេត្តា​ខ្ញុំ​ក៏​យល់ព្រម ហើយ​នាង​ក៏​រក​ការងារ​ធ្វើ​ថ្មី ។

​ការ​ប្រចណ្ឌ ការមិនទុកចិត្ត និង ការសង្ស័យ​នាំឱ្យ​ខ្ញុំ​នៅតែ​តាមដាន​នាង ។ បញ្ហា​ដដែល​បាន​កើតឡើង​ម្តងទៀត​លើក​នេះ​ខ្ញុំ​សម្រេចចិត្ត​ចុះ​ចេញពីផ្ទះ​រហូត ប៉ុន្តែ​នាង​យំ​ហើយ​ថា​វា​ជា​រឿង​ចៃដន្យ​គឺ​ពេល​ចេញពី​ធ្វើការ​ក៏​ចូលរួម​ពិធី​ខួបកំណើត​មិត្តភក្តិ ស្រាប់តែ​ជួប​អតីត​មិត្ត​រួម​ថ្នាក់​ដូច្នេះ​ពួកគេ​ក៏​បបួល​ទៅ​ហូប​ស៊ុប ។ នាង​បាន​រៀបរាប់​យ៉ាងច្រើនធ្វើឱ្យ​ខ្ញុំ​រារែក​ក្នុងការ​ដកខ្លួន​ចេញពី​ជីវិត​របស់​នាង ។ នៅសល់តែ​ប៉ុន្មាន​ខែ​ទៀតពិធី​រៀបការ​របស់​យើង​នឹង​មកដល់​ខ្ញុំ​ពិតជា​ពិបាក​ខ្លាំងណាស់ មិនដឹងថា​ត្រូវ​សម្រេចចិត្ត​យ៉ាងណា ? សូមជួយ​ផ្តល់​ជា​យោបល់​ផង ។​

​ចំពោះ​បុរស​មាន​វិបត្តិ
​ដំបូង​«​ប្រជាប្រិយ​»​សូមឱ្យ​ប្អូន​ពិនិត្យ​លើ​ខ្លួនឯង​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ទាក់ទិន​នឹង​ការប្រព្រឹត្ត​របស់ខ្លួន​ក្នុងនោះ​មានដូចជា​ការជួយ​ដល់​អ្នកដទៃរហូតដល់​អស់ប្រាក់​ពី​ខ្លួន​ក៏មាន​ប្រាក់ចំណូល​របស់​ប្អូន​តើ​គ្រប់គ្រាន់​ដែរ​ឬ​អត់ ? និង ការបំពេញ​ចិត្ត​នាង ( ក្នុងនេះ​ក៏​រាប់បញ្ចូល​ទាំង​រឿង​លើ​គ្រែ​ផងដែរ ) តើ​ប្អូន​ធ្វើបាន​កម្រិតណា ? ។​ល​។ ហេតុអ្វី​បានជា​«​ប្រជាប្រិយ​»​និយាយ​បែបនេះ ? ព្រោះថា​កត្តា​ទាំងនេះហើយ​អាច​បណ្តាលឱ្យ​អនាគត​ភរិយា របស់​ប្អូន​ធ្វើ​រឿង​មិនល្អ​តាម​អ្វីដែល​ប្អូន​បាន​រៀបរាប់​ដោយសារ​ប្រហែល ជា​នាង​គិតថា​ត្រូវ​រកប្រាក់​បន្ថែម​ដើម្បី​ជួយ​ដោះស្រាយ​ជីវភាព​គ្រួសារ ឬ ថា នាង​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​បុរស​ដទៃ​ក៏​ព្រោះតែ​ប្អូន​មិនបាន​ផ្តល់សេចក្តីសុខ​គ្រប់គ្រាន់​ដល់​នាង ? ជាង​នេះ​ប្អូន​គឺជា​មនុស្ស​មានចិត្ត​មេត្តា និង តែងតែ​មិន​ដេញដោល​ដល់​បញ្ហា​ខ្លះ​ដែល​នាង​បានធ្វើ​កន្លងមកនេះ​ក៏​ជា​កត្តាមួយ​ជំរុញ​ឱ្យ​នាង​មានគំនិត​អាង​ថា​ប្អូន​នឹង​លើកលែងទោស​ឱ្យ​នាង​បើ​ទោះ ជា​នាង​បាន​ប្រព្រឹត្ត​កំហុស ។

​​និយាយ​ពី​អនាគត​ភរិយា​របស់​ប្អូន​វិញ​ម្តងតាម​សំណេរ​របស់​ប្អូន ប្អូន​ក៏ ប្រហែលជា​ជឿជាក់ថា​នាង​ជាម​នុស្ស​បោកប្រាស់​ហើយ​ប្អូន​ក៏​យល់ថា នាង កំពុងតែ​មានរឿង​លាក់បាំង​នឹង​ប្អូន​ដែរ ។ បន្ទាប់ពី​ប្អូន​រកឃើញ​កំហុស​របស់ នាង​ហើយ​សួរ​នាង​នោ បញ្ជាក់ថា​នាង​ពិតជា​បាន​ប្រព្រឹត្ត​ខុស ។ ពាក្យចាស់​លោក​ពោលថា «​មាន​មួយ​ប្រាកដ​ជាមាន​ពីរ​»​ដូច្នេះ​នាង​ប្រហែលជា​មិនទាន់​រាងចាល​នោះទេ គឺ​នាង​ចេះតែ​ប្រព្រឹត្ត​ម្តង​ហើយ​ម្តងទៀត ។

«​ប្រជាប្រិយ​»​សូមឱ្យ​ប្អូន​ពិចារណា​ឡើងវិញ​ចំពោះ​រឿង​កើតឡើង​លើកចុងក្រោយ ញ្រេះ​ការ​ជប់លៀង​ខួបកំណើត​ភាគច្រើន​គេ​ធ្វើ​នៅពេល​យប់ ដូច្នេះនាង​ចូលរួម​ពិធី​ខួបកំណើត​របស់​មិត្តភក្តិ​នៅពេល​យប់​គឺជា​រឿង​ធម្មតា ។ ម្យ៉ាងទៀត​ការដែល​បាន​ជួប​មិត្តភក្តិ​ចាស់​ក្នុង​ពិធីជប់លៀង​មួយ​ក៏​មិនមែនជា​រឿង​ចម្លែក​ដែរ និង ការអញ្ជើញ​ពី​មិត្ត​ចាស់​ទៅ​ហូប​ស៊ុប​ក៏​មិន​ប្រាកដថា​ពួកគេ​ប្រព្រឹត្ត​រឿង​អសីលធម៌​ក្បត់ចិត្ត​ប្អូន​ឡើយ ។ ដូច្នេះ​បញ្ហា​ដែល​បានកើតឡើង​លើកចុងក្រោយ​នោះ​អាច​ចាត់ទុកជា​រឿង​យល់ច្រឡំឬ យ៉ាងហោចណាស់​ក៏ត្រូវ​គិតថា​ជា​រឿង​ដែល​កំពុង​ស្ថិតក្នុង​ភាពអាថ៌កំបាំង ។​

​សរុបមកតាម​យោបល់​«​ប្រជាប្រិយ​» ប្អូនប្រុស​គួរតែ​បន្ត​ទំនាក់ទំនងល្អជា​មួយ​នាង ហើយ​ត្រូវ​ពិចារណា​ស្វែងរក​កំហុស ឬ ភាពអវិជ្ជមាន​របស់ខ្លួនឯង​ឱ្យបាន​គ្រប់​រឿង​គ្រប់​បញ្ហា​ថា តើ​អ្វីដែល​ប្អូន​ធ្លាប់​បានធ្វើ​វា​គឺជា​រឿង​ត្រឹមត្រូវ ឬ សម​តាម​បំណង​របស់​នាង​ហើយ​ឬ​នៅ ។ ប្អូន​គួរតែ​បំភ្លេចចោល រាល់​បញ្ហា​ដែល​កើតឡើង​រវាង​ប្អូន និង នាង​ប៉ុន្តែ​ប្អូន​ត្រូវ​ប្រយ័ត្ន​ហើយ​តាមដាន​នាង​បន្ត ៕