អ្នកវិភាគ៖ ជាសញ្ញានយោបាយ ល្អដែលពុំមានបាតុកម្ម ប្រឆាំងរាជរដ្ឋាភិបាល និងមេបក្សប្រឆាំ ទាំងក្នុងនិងក្រៅប្រទេស

ភ្នំពេញ៖ អ្នកវិភាគសង្គមនយោបាយនៅកម្ពុជា លោក មាស នី បានថ្លែងថា គ្មានបាតុកម្មប្រឆាំង រាជរដ្ឋាភិបាលកម្ពុជា និងបាតុកម្មប្រឆាំង មេបក្សប្រឆាំងនៅកម្ពុជា គឺជាសញ្ញាវិជ្ជមានដ៏ល្អមួយ សម្រាប់នយោបាយនៅកម្ពុជា នាពេលបច្ចុប្បន្ននិងអនាគត។

លោក មាស នី បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ថា កាលពីប៉ុន្មានថ្ងៃមុនសង្កេតឃើញថា ពិតជាមានភាព អសកម្មណាមួយកើតមានឡើងដោយសារតែអាចមានភាពតានតឹងទាំងនៅអាមេរិក និងនៅស្រុកខ្មែរ ដោយសារតែអាចនឹងមានបាតុកម្មប្រឆាំងសម្តេច និងមេបក្ស ប្រឆាំងនៅកម្ពុជា ដោយសារអ្នកគាំទ្របក្សរៀងៗខ្លួន ប្រកាសធ្វើបាតុកម្មការពារតំណាងពួកគេ។

លោកបន្តថា ប៉ុន្តែទិដ្ឋភាពជាក់ស្តែងមិនដូចជាការគិតឡើយ  គឺរក្សាភាពស្ងប់ស្ងៀមបានយ៉ាងល្អទាំងក្នុងនិងក្រៅប្រទេសនៅថ្ងៃទី១៥ កុម្ភៈនេះ។ លោកបន្តថា សម្តេចតេជោស្នើឲ្យខ្មែរ ទាំងអស់រួបរួមសាមគ្គីគ្នា ជាពិសេសសម្តេចថានឹងជួបមេបាតុកម្មនៅ អាមេរិកប្រសិនបើមានបាតុកម្មមែន។

លោកបញ្ជាក់ថា “បើសំដីនេះ ជាការពិត ហើយពេលសម្តេចត្រឡប់មកវិញ អាចហ្នឹងមានការផ្លាស់ប្តូរស្ថានការណ៍នយោបាយនៅកម្ពុជា”។

លោកបន្ថែមថា ក្រោយពីមានបទពិសោធន៍ បាតុកម្មទំលាក់ឯកឧត្តម កឹម សុខាចេញពីអនុប្រធានទី១នៃ រដ្ឋសភាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ក្នុងនោះបង្កឲ្យ តំណាងរាស្រ្តបក្សប្រឆាំង២រូបរងរបួសផងនោះ គឺជាដើមចមនាំឲ្យគណបក្សសង្រ្គោះជាតិភ័យព្រួយពីសុវត្ថិភាព ទើបស្នើឲ្យអាជ្ញាធរមាន សមត្ថកិច្ចជួយការពារសុវត្ថិភាព៕

អ្នកវិភាគ៖ ជាសញ្ញានយោបាយ ល្អដែលពុំមានបាតុកម្ម ប្រឆាំងរាជរដ្ឋាភិបាល និងមេបក្សប្រឆាំ ទាំងក្នុងនិងក្រៅប្រទេស