សាលាក្តីខ្មែរក្រហម បន្តបើកសវនការ បណ្តឹងសាទុក្ខ សំណុំរឿង ០០២/០១ ថ្ងៃស្អែក

 ភ្នំពេញ៖ អង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នឹងបន្តសវនាការលើបណ្តឹង សាទុក្ខនៅក្នុងសំណុំរឿង ០០២/០១ ចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០១៦ ហើយថ្ងៃទី១៩ ខែកុម្ភៈ គឺជាថ្ងៃបម្រុង ប្រសិនបើត្រូវការពេលវេលាបន្ថែម។

យោងតាមសេចក្តីប្រកាសព័តមានបានឲ្យដឹងថា ការបន្តសវនាការលើបណ្តឹងសាទុក្ខនេះ ធ្វើឡើងបន្ទាប់ពីបានផ្អាកដោយសារតែកង្វះ ការការពារក្តីស្របច្បាប់ សមស្របសម្រាប់ នួន ជា ដែលបណ្តាមកពីសហមេធាវីការពារក្តី អន្តរជាតិរបស់គាត់ មិនបានចូលរួមសវនាការលើ បណ្តឹងសាទុក្ខដែលបានរៀបចំឡើង កាលពីថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ ២០១៥ ហើយសហមេធាវីជាតិរបស់គាត់ក៏បានចាកចេញពីបន្ទប់សវនាការដែរ បើទោះបីជាមានការ បង្គាប់របស់អង្គជំនុំជម្រះ តុលាការកំពូលឱ្យបន្តវត្តមានយ៉ាងណាក៏ដោយ។

លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម បញ្ជាក់ថា« នៅក្នុងរយៈពេលបីថ្ងៃនៃសបា្តហ៍នេះ អង្គជំនុំជម្រះតុលាការកំពូល មានគម្រោងស្តាប់សារណាផ្ទាល់ មាត់លើបញ្ហានានាដែលបានលើកឡើងនៅក្នុងបណ្តឹងសាទុក្ខដែលធ្វើឡើងដោយភាគីពាក់ព័ន្ធនានា។ សវនាការនេះ ពាក់ព័ន្ធនឹងបណ្តឹងសាទុក្ខរបស់ សហព្រះរាជអាជ្ញា នួន ជា និង ខៀវ សំផន ប្រឆាំងនឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងក្នុងសំណុំរឿង០០២/០១ ដែលបានប្រកាសកាលពីថ្ងៃទី៧ សីហា ឆ្នាំ២០១៤»។

លោកបន្តថា បណ្តឹងសាទុក្ខនេះ មានទំហំធំធេង និងស្មុគស្មាញ ប្រសិនបើប្រៀបធៀបនឹង កិច្ចដំណើរការនីតិវិធីដទៃទៀត ពាក់ព័ន្ធទៅនឹងអំពើឃោរឃៅ ដ៏ធ្ងន់ធ្ងរដែល រងការចោទប្រកាន់នោះ។

គួររម្លឹកថា នៅក្នុងសេចក្តីសម្រេចរបស់ខ្លួន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០១៥ អង្គជំនុំជម្រះតុលាការកំពូលបាន ណែនាំអង្គភាពគាំពារការពារក្តីឱ្យចាត់តាំង មេធាវីបម្រុងសម្រាប់ នួន ជា។ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៥អង្គភាពនេះបានជ្រើសតាំងមេធាវី ផាត់ ពៅស៊ាង អតីតសហមេធាវីជាតិការពារក្តីឱ្យលោកស្រី អៀង ធីរិទ្ធ ធ្វើជាសហមេធាវីការពារក្តីត្រៀមបម្រុងសម្រាប់ នួន ជា។

 មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមបានថ្លែងថា នៅក្នុងសវនាការ លើបណ្តឹងសាទុក្ខនេះ លោកមេធាវី ផាត់ ពៅស៊ាង នឹងមានវត្តមានក្នុងសាលសវនាការ។ លោក ថាមេធាវី ការពារក្តីបម្រុងសម្រាប់ នួន ជា មានតួនាទី ១-តួនាទីរបស់សហមេធាវីត្រៀមបម្រុងសម្រាប់ នួន ជា ពុំមែនមកជំនួសតួនាទីរបស់សហមេធាវីការពារក្តី នួន ជា ដែលត្រូវបានជ្រើសតាំងរួចហើយនោះទេ ប៉ុន្តែគ្រាន់តែជាតួនាទីសម្រាប់ផ្តល់ជំនួយផ្នែកច្បាប់សមស្របដល់ នួន ជា ក្នុងអំឡុងពេលសវនាការ ក្នុងករណីដែលសហ មេធាវីដែលត្រូវ បានជ្រើសតាំងនេះ ខកខានមានវត្តមានក្នុងបន្ទប់សវនាការ នៅពេលដែលសវនាការបន្តឬចាកចេញ ពីបន្ទប់សវនាការនៅអំឡុង ពេលសវនាការលើ បណ្តឹងសាទុក្ខ២-សហមេធាវីត្រៀមបម្រុងសម្រាប់ នួនជា នឹងមានវត្តមាននៅរាល់ សវនាការនៃបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០១ និងឯករាជ្យពីក្រុមមេធាវី ការពារក្តី នួន ជា បច្ចុប្បន្ន និងពុំត្រូវ ពិគ្រោះពិភាក្សាជាមួយ ឬទទួលការណែនាំពី នួន ជា លើកលែងតែមានការបង្គាប់ពីអង្គជំនុំជម្រះតុលាការកំពូល។ ៣-សហមេធាវី ត្រៀមបម្រុងសម្រាប់ នួន ជា បន្ទាប់ពីមានការស្នើសុំសមហេតុផល នឹងត្រូវទទួលបានពេលវេលាគ្រប់គ្រាន់ក្នុងការស្វែងយល់ដោយខ្លួនឯងទៅលើសំណុំរឿងនេះ និង ៤-សហមេធាវី ត្រៀមបម្រុងសម្រាប់ នួន ជា ពុំត្រូវបានផ្តល់សិទ្ធិឱ្យការពារក្តី នួន ជា ឡើយ ដរាបណាមានការណែនាំពីអង្គជំនុំជម្រះ តុលាការកំពូលឱ្យទទួលយក ការការពារក្តីនេះ។

គួរបញ្ជាក់ថា សំណុំរឿង០០២/០១ គឺជាការជំនុំជម្រះលើកទីមួយនៃការជំនុំជម្រះយ៉ាងតិចពីរប្រឆាំងនឹង ខៀវ សំផន អតីត ប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ និង នួន ជា អតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជា។ បទចោទនៅក្នុងសំណុំរឿង ០០២/០១ គឺផ្តោតលើបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដែលរងការចោទប្រកាន់ក្នុង អំឡុងពេលជម្លៀសនៅទីក្រុងភ្នំពេញ ក្នុងខែមេសា ឆ្នាំ ១៩៧៥ និង ការផ្លាស់ទីដោយបង្ខំបន្តបន្ទាប់ពីតំបន់ដទៃទៀត រួមទាំង ការកាប់សម្លាប់ដែលរងការចោ ទប្រកាន់នៅទួលពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់៕

សាលាក្តីខ្មែរក្រហម បន្តបើកសវនការ បណ្តឹងសាទុក្ខ សំណុំរឿង ០០២/០១ ថ្ងៃស្អែក