បទ​អន្តរាគមន៍៖ ស្ថានភាព​មុន​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន​នៅ​សហរដ្ឋ​អាមេរិក

មេ​ដឹក​នាំ​នៃ​ប្រទេស​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ឬ​ហៅ​ថា​អាស៊ាន ទាំង ១០​ប្រទេស រួម​មាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង បាន​អញ្ជើញ​ទៅ​ដល់​ក្រុង​រេនឆូ ម៉ារ៉ាហ្ស (Rancho Mirage) នៃ​រដ្ឋ​កាលីហ្វ័រញ៉ា (California) នៃ​សហរដ្ឋ​អាមេរិក ហើយ ដើម្បី​ចូលរួម​សន្និសីទ​កំពូល​អាស៊ាន-អាមេរិក។

លោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតី​នៃ​សហរដ្ឋ​អាមេរិក ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​នេះ បាន​អញ្ជើញ​ទៅ​ដល់​តាំង​ពី​ថ្ងៃ​សុក្រ ដើម្បី​ត្រៀម​ខ្លួន​ទទួល​ភ្ញៀវ។ កិច្ច​ប្រជុំ​នេះ មាន​រយៈពេល ២​ថ្ងៃ គឺ​ថ្ងៃ​ច័ន្ទ ទី​១៥ និង​ថ្ងៃ​អង្គារ ទី​១៦ ខែ​កុម្ភៈ។

លោក ឡេង ម៉ាលី៖ ជម្រាប​សួរ លោក ជុន ច័ន្ទបុត្រ!

លោក ជុន ច័ន្ទបុត្រ៖ បាទ! សូម​ជម្រាប​សួរ លោក ឡេង ម៉ាលី

លោក ឡេង ម៉ាលី៖ បាទ! ជា​ដំបូង​នេះ ខ្ញុំ​ចង់​ឲ្យ លោក ជុន ច័ន្ទបុត្រ រៀបរាប់​ត្រួសៗ​ជូន​លោក​អ្នក​ស្តាប់​បន្តិច អំពី​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​នេះ ថា​តើ​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​ទាំង​នេះ គេ​នឹង​ជជែក​គ្នា​ពី​រឿង​អ្វី​ខ្លះ?

លោក ជុន ច័ន្ទបុត្រ៖ បាទ! លោក ម៉ាលី មុន​នឹង​ជម្រាប​ជូន​ពី​របៀបវារៈ ខ្ញុំ​ចង់​ឆ្លៀត​ឱកាស​នេះ​រៀបរាប់​បន្តិច​ពី​ព័ត៌មាន​មួយ​ចំនួន​ទាក់ទង​នឹង​កិច្ច​ប្រជុំ​នេះ។

ទី​មួយ ទាក់ទង​នឹង​ទីតាំង​នៃ​កិច្ច​ប្រជុំ។ លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាន​ជ្រើសរើស​យក​មជ្ឈមណ្ឌល​កម្សាន្ត​លំហែ​កាយ​ដ៏​ធំ​មួយ​ឈ្មោះ មជ្ឈមណ្ឌល និង​ឧទ្យាន​សាន់នីឡែនដ៍ (Sunnylands) ទីក្រុង​រេនឆូ ម៉ារ៉ាហ្ស ដែល​ស្ថិត​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា ធ្វើ​ជា​ទីតាំង​នៃ​កិច្ច​ប្រជុំ​នេះ ដោយ​មិន​រៀបចំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន ព្រោះ​លោក​ចង់​ឲ្យ​បរិយាកាស​នៃ​កិច្ច​ប្រជុំ​នេះ​មិន​ផ្លូវ​ការ​ពេក ដើម្បី​ឲ្យ​មេ​ដឹក​នាំ​ទាំងអស់​ងាយ​ពិភាក្សា​គ្នា​ជា​លក្ខណៈ​បើក​ទូលាយ និង​ស្និទ្ធស្នាល​គ្នា​ផង។

បក​មក​សំណួរ​របស់​លោក​វិញ ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នេះ ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​អាស៊ាន និង​សហរដ្ឋ​អាមេរិក នឹង​លើក​យក​ប្រធានបទ​សំខាន់ៗ​មួយ​ចំនួន​មក​ពិភាក្សា។ នៅ​ថ្ងៃ​ទី​មួយ គឺ​ថ្ងៃ​ច័ន្ទ ទី​១៥ កុម្ភៈ នៅ​រដ្ឋ​កាលីហ្វ័រញ៉ា ដែល​ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​១៦ កុម្ភៈ នៅ​ប្រទេស​កម្ពុជា គេ​នឹង​ចាប់​ផ្តើម​ជជែក​គ្នា​រឿង​ត្រជាក់ៗ​ជា​មុន​សិន ដូចជា​បញ្ហា​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​បណ្ដា​ប្រទេស​អាស៊ាន និង​សហរដ្ឋ​អាមេរិក។ ក្នុង​នោះ គេ​នឹង​ពិភាក្សា​គ្នា​ថា តើ​គួរ​ធ្វើ​យ៉ាង​ណា ដើម្បី​បង្កើន​ពាណិជ្ជកម្ម និង​ការ​បណ្ដាក់​ទុន​រវាង​សហរដ្ឋ​អាមេរិក និង​ក្រុម​ប្រទេស​អាស៊ាន?

បន្ទាប់​មក​ទៀត លោក​ប្រធានាធិបតី​អាមេរិក អាច​នឹង​លើក​យក​ប្រធានបទ​ក្តៅៗ និង​រសើប​មួយ​ចំនួន​ទៅ​ពិភាក្សា ដូចជា សារសំខាន់​នៃ​អភិបាលកិច្ច​ល្អ ភាព​ចាំបាច់​ក្នុង​ការ​ឲ្យ​មាន​គណនេយ្យ​ភាព ឬ​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ចំពោះ​ពលរដ្ឋ និង​ជាតិ​របស់​ខ្លួន ព្រម​ទាំង​តម្រូវ​ការ​នៃ​ការ​គោរព​ច្បាប់ ជាដើម។ លោក​បាន​ជ្រាប​ហើយ​ថា នៅ​មុន​កិច្ច​ប្រជុំ​នេះ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​ប្រទេស​អាស៊ាន និង​សហរដ្ឋ​អាមេរិក បាន​ស្នើ​ឲ្យ លោក អូបាម៉ា លើក​យក​បញ្ហា​គោរព​សិទ្ធិ​មនុស្ស ទៅ​ដាក់​ចូល​ក្នុង​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​នេះ។

នៅ​ថ្ងៃ​បន្ទាប់ គឺ​ថ្ងៃ​អង្គារ ទី​១៦ កុម្ភៈ គេ​នឹង​ពិភាក្សា​គ្នា​អំពី​បញ្ហា​សន្តិសុខ​ក្នុង​តំបន់ ការ​សហការ​គ្នា​ដើម្បី​ប្រឆាំង​ភេរវកម្ម ការ​ទប់ស្កាត់​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ប្រែប្រួល​អាកាសធាតុ ជាដើម។ បញ្ហា​ទំនាស់​រវាង​ប្រទេស​មួយ​ចំនួន​នៃ​សមាគម​អាស៊ាន ជាមួយ​នឹង​ប្រទេស​ចិន លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ក៏​អាច​នឹង​ត្រូវ​គេ​លើក​យក​ទៅ​ពិភាក្សា​ដែរ។

លោក ឡេង ម៉ាលី៖ ស្តាប់​ទៅ​កិច្ច​ប្រជុំ​នេះ​មាន​ការ​ជជែក​គ្នា ដែល​អាច​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​នេះ​មែន​ទេ​លោក?

លោក ជុន ច័ន្ទបុត្រ៖ ប្រាកដ​ណាស់​លោក! តាម​ពិត ក្រៅ​តែ​ពី​បាន​ផល​ចំណេញ​ដល់​ប្រទេស​ជាតិ​រៀងៗ​ខ្លួន​ពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​មហា​អំណាច​នេះ ជា​លក្ខណៈ​បុគ្គល​វិញ ពួក​មេ​ដឹក​នាំ​អាស៊ាន​នេះ​មួយ​ចំនួន ក៏​ទទួល​បាន​ផល​ចំណេញ​សម្រាប់​ខ្លួន​ឯង និង​ក្រុម​បក្ស​របស់​ខ្លួន​ដែរ។

លោក ឡេង ម៉ាលី៖ លោក​ចង់​មាន​ន័យ​ថា​ម៉េច​ចំណុច​នេះ?

លោក ជុន ច័ន្ទបុត្រ៖ បាទ! នរណា​ក៏​ដឹង​ដែរ​ថា មេ​ដឹក​នាំ​អាស៊ាន​មួយ​ចំនួន ជា​មេ​ដឹក​នាំ​ផ្ដាច់​ការ។ ខ្លះ​បាន​ឡើង​កាន់​អំណាច​ដោយ​ការ​ធ្វើ​រដ្ឋ​ប្រហារ ខ្លះ​ដោយ​ការ​បន្លំ​សន្លឹក​ឆ្នោត។ មេ​ដឹក​នាំ​ខ្លះ​ទៀត ជាប់​ពាក់ព័ន្ធ​នឹង​របប​ប្រល័យ​ពូជ​សាសន៍។ ខ្លះ​មាន​ឈ្មោះ​ល្បី​ពេញ​ពិភពលោក​ក្នុង​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​មាន​បាត​ដៃ​ប្រឡាក់​ឈាម​ក្នុង​ការ​កាប់​សម្លាប់​ក្រុម​អ្នក​ប្រឆាំង ជាដើម។

ពួក​គាត់​ខ្លះ ប្រសិន​បើ​មិន​កំពុង​កាន់​អំណាច​តំណាង​ប្រជាជាតិ​មួយ​នោះ​ទេ បែប​មិន​សង្ឃឹម​ថា​សុំ​វីសា (VISA) ចូល​ស្រុក​អាមេរិក បាន​ឡើយ។ ដូច្នេះ ទោះ​ជា​សម្បក​ក្រៅ​គាត់​រិះគន់​អាមេរិក ឬ​ក៏​អួតអាង​ថា​មិន​ត្រូវ​ការ​អាមេរិក ក៏ដោយ​ចុះ ពួក​គាត់​មួយ​ចំនួន ត្រូវ​ការ​ណាស់​ការ​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ ជាពិសេស​ពី​ប្រទេស​មហា​អំណាច ដូចជា​សហរដ្ឋ​អាមេរិក នេះ​ជាដើម។

ការ​បាន​មក​ចាប់​ដៃ ឬ​អង្គុយ​រួម​តុ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បែប​នេះ គឺ​ជា​ការ​លើក​មុខ​លើក​មាត់​មួយ​កម្រ​នឹង​មាន ហើយ​ប្រព័ន្ធ​ឃោសនា ព្រម​ទាំង​ក្រុម​អ្នក​គាំទ្រ​របស់​ពួក​គាត់ ក៏​ប្រហែល​ជា​មិន​ភ្លេច​នឹង​ឆក់​យក​ឱកាស​មាស​នេះ​ទៅ​ឃោសនា​អួតអាង បង្ហាញ​រូបភាព​ពី​សកម្មភាព​ទាំង​នេះ​យ៉ាង​គគ្រឹកគគ្រេង ដើម្បី​កេង​ចំណេញ​នយោបាយ​ទេ។

លោក ឡេង ម៉ាលី៖ ឥឡូវ​នេះ ខ្ញុំ​ចង់​សួរ​លោក​អំពី​ព្រឹត្តិការណ៍​នៅ​ក្រៅ​កិច្ច​ប្រជុំ​វិញ​ម្តង។ គម្រោង​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង នោះ យ៉ាង​ណា​ដែរ​មក​ដល់​ថ្ងៃ​ប្រជុំ​មែន​ទែន​នេះ?

លោក ជុន ច័ន្ទបុត្រ៖ គម្រោង​ការ​ពួក​គាត់ គឺ​នៅ​តែ​ដដែល ហើយ​ប្រហែល​ជា​គេ​ប្រមូល​បាន​មនុស្ស​ច្រើន​ជាង​ការ​ដែល​គេ​រំពឹង​ទុក​ផង។ សូម​ជម្រាប​ផង​ដែរ​ថា មិន​មែន​តែ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង ទេ ដែល​គ្រោង​ធ្វើ​បាតុកម្ម​នោះ ពលរដ្ឋ​វៀតណាម ថៃ ឡាវ និង​ហ្វីលីពីន ដែល​រស់នៅ​សហរដ្ឋ​អាមេរិក នេះ ក៏​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​មេ​ដឹក​នាំ​នៃ​ប្រទេស​កំណើត​របស់​ខ្លួន​ដែរ។ ក៏ប៉ុន្តែ​បើ​តាម​ដំណឹង បាតុកម្ម​របស់​កម្ពុជា អាច​ធំ​ជាង​បាតុកម្ម​របស់​ជនជាតិ​ដទៃ​ទៀត។ ហើយ​យប់​មិញ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ប្រាប់​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង នៅ​ក្នុង​ការ​ជួប​ជុំ​មួយ​ថា លោក​អាច​នឹង​ចុះ​ជួប​ក្រុម​បាតុករ​ជនជាតិ​ខ្មែរ​នោះ​ផង បើ​ក្បួន​រថយន្ត​របស់​លោក​បើក​កាន់​ក្បួន​បាតុករ ហើយ​បើ​អាមេរិក ជួយ​ធានា​សុវត្ថិភាព​ជូន​លោក។

នៅ​មាន​ជនជាតិ​ចម្រុះ​សាសន៍​ដទៃ​ទៀត ជាពិសេស​ពលរដ្ឋ​អាមេរិកាំង ដែល​មាន​ដើម​កំណើត​ពី​អាមេរិក-ឡាទីន ក៏​គ្រោង​ធ្វើ​បាតុកម្ម​ដែរ។ ពួក​គាត់​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង លោក អូបាម៉ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នេះ​តែ​ម្តង។

លោក ឡេង ម៉ាលី៖ ពួក​គាត់​មិន​ពេញ​ចិត្ត​នឹង លោក អូបាម៉ា ពី​រឿង​អី​ដែរ?

លោក ជុន ច័ន្ទបុត្រ៖ បាទ! ពួក​គាត់​ខ្លះ​តវ៉ា​ជាមួយ​នឹង​រដ្ឋាភិបាល​អាមេរិកាំង ពី​រឿង​គោល​នយោបាយ​ចាប់​បញ្ជូន​ជន​អន្តោប្រវេសន៍​ណា​ដែល​ប្រព្រឹត្ត​បទល្មើស​កម្រិត​ធ្ងន់​នៅ​សហរដ្ឋ​អាមេរិក ឲ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។ ពួក​គេ​ទាមទារ​ឲ្យ លោក អូបាម៉ា លុប​ច្បាប់​នេះ​ចោល។ ខ្លះ​ទៀត តវ៉ា​អំពី​រឿង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ឆ្លង​ដែន​ប៉ាស៊ីហ្វិក ឬ​ក៏​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក ដែល​គេ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ធី.ភី.ភី (TPP)។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក នេះ​ដែរ។ នៅ​ក្នុង​ការ​ជួប​ជុំ​មួយ​នៅ​យប់​មិញ​នេះ​ជាមួយ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក នេះ អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​បែង​ចែក​មួយ​ក្នុង​សមាគមន៍​អាស៊ាន។

លោក ឡេង ម៉ាលី៖ បាតុកម្ម​នោះ​ចាប់​ផ្ដើម​ឬ​នៅ លោក ជុន ច័ន្ទបុត្រ?

លោក ជុន ច័ន្ទបុត្រ៖ អូ! បាទ​នៅ​ទេ... ពេល​នេះ​នៅ​ក្រុង​រេនឆូ ម៉ារ៉ាហ្ស នេះ ទើប​តែ​ម៉ោង ៤​ភ្លឺ​ព្រឹក​ថ្ងៃ​ច័ន្ទ ទេ។ ម៉ោង​នៅ​ទីនេះ យឺត​ជាង​ម៉ោង​នៅ​កម្ពុជា ១៥​ម៉ោង។ ប្រហែល​ជា​ម៉ោង ១ ឬ​ម៉ោង ២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​អង្គារ ម៉ោង​នៅ​កម្ពុជា ឯណោះ ទើប​បាតុកម្ម​នេះ​ចាប់​ផ្ដើម។

ដូច្នេះ ដំណឹង​អំពី​បាតុកម្ម​នោះ ខ្ញុំ​នឹង​រាយការណ៍​ជូន​ក្នុង​កម្មវិធី​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ នេះ។

លោក ឡេង ម៉ាលី៖ បាទ! អរគុណ លោក ជុន ច័ន្ទបុត្រ! យើង​នឹង​រង់ចាំ​ស្តាប់។ សូម​លា​លោក​តែ​ត្រឹម​នេះ​សិន។

លោក ជុន ច័ន្ទបុត្រ៖ បាទ! អរគុណ លោក ឡេង ម៉ាលី។ សូម​ជម្រាប​លា!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។