ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តព្រៃវែង ៖ យុវ​សិស្ស​ម្នាក់ ត្រូវ​បាន​គេ​លប​ចាក់​ពីក្រោយ​បណ្តាល​ឲ្យ បាត់បង់​ជីវិត ពេល​ដឹក​ដល់​មន្ទីរពេទ្យ ដោយ​មិនដឹង​ពី​មូលហេតុ​។​ហេតុការណ៍​ចាក់​សម្លាប់​សិស្សសាលា ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥៥​នាទី​ព្រឹក ថ្ងៃ​ទី​១៥​ខែកុម្ភៈ​ឆ្នាំ​២០១៥ នៅ​ចំណុច​ខាងក្រៅ​របង​ឈៀង​ខាងកើត វិទ្យាល័យ ព្រៃ​ពោន​ស្ថិត​ក្នុងភូមិព្រៃ​ពោន ឃុំ ព្រៃ​ពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង​។ យុវ​សិស្ស​រង​គ្រោះ​ត្រូវ បាន​គេ​ស្គាល់​ថា​ឈ្មោះ ជុំ រី​ឆាត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​រលួស ឃុំ​ចាម ស្រុក​កំពង់ត្របែក​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា យុវ​សិស្ស​រង​គ្រោះ ត្រូវ​បាន​យុវ​សិស្ស​ម្នាក់​ផ្សេង ទៀត​ដែល​រៀន​ក្នុង​វិទ្យាល័យ​ព្រៃ​ពោន​ជាមួយ​គ្នា​ឈ្មោះ លី សុធី​រៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ប្រើ​កាប៊ី​កាំភ្លើង​លប​ចាក់​ពីក្រោយ ចំ​ខ្នង​ផ្នែក​ខាងឆ្វេង​បណ្តាល​អោយ​រង​របួសធ្ងន់​ហើយ បាន​ស្លាប់ ក្រោយ​ពេល​ដឹក​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្របែក ចំណែកឯ​ជន​បង្ករ ក្រោយ​ពី​លប​ចាក់​យុវជន​រង​គ្រោះ​ហើយ បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក តែ​វត្ថុ​តាង​កាប៊ី កាំភ្លើង នៅ​នឹង​កន្លែង​កើតហេតុ​។

​ទោះជា​យ៉ាងណា​ក៏​ដោយ​ចំពោះ​ហេតុការណ៍ សិស្ស សាលា លប​ចាក់​សិស្សសាលា​ដូច​គ្នា រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត​នេះ សមត្ថកិច្ច​នៅ​មិន ទាន់ អាច​បញ្ជាក់​បាន​ថា បណ្តាល​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ ប៉ុន្តែ​បាន​អះអាង​ថា កំពុង​តាម ប្រមាញ់​ជន​បង្ក​ដើម្បី​យក​មក​ផ្តន្ទាទោស ទៅ​តាម​ផ្លូវច្បាប់​ហើយ​នៅ​ពេល​ចាប់​ជន​បង្ករ​បាន យើង​ក៏​អាច​ដឹង​បាន​ពី​មូលហេតុ​ពិត​ដែរ​។​ដោយឡែក​សាធារណៈ​មតិ​ខ្លះ​បាន​លើក​ឡើង​ថា គ្រាន់តែ​ចង់​ដឹង​ពី​មូលហេតុ​នោះ មិន​ចាំបាច់​រង​ចាំ​រហូត​ដល់​ចាប់​បាន​ជន​បង្ករ​នោះ​ទេ គឺ​គ្រាន់តែ​ចុះ​ទៅ​សាកសួរ​នៅ​ក្នុង​វិទ្យាល័យ ព្រៃ​ពោន​នោះ​ក៏​អាច​ដឹង​ដែរ មិន​ដែល​សុខ​ៗ លប​មក​ចាក់​គេ​លេង​នោះ​ទេ វា​ទាល់តែ​មាន ភ្លើង​ទើប​មាន​ផ្សែង​៕