ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តសៀមរាប​៖ ជនសង្ស័យ​ដែល​ជា​ឃាតករ អា​រក​សម្លាប់​ស្ត្រី​រង​គ្រោះ ជា​បុគ្គលិក​ភូមិ​វប្បធម៌​កាលពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិត​ក្នុងផ្ទះ​សំណាក់​យីហោ ប្រាសាទកែវ​នៅ​តា​បណ្តោយ ផ្លូវ​ផ្សា​ញ៉ែ ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ដែល​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​តុលាការ​តាំងពី​ព្រឹក​រហូត​ដល់​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦ ត្រូវ​បាន​តុលាការ​ចេញ​ដីកា​សម្រេច​ឱ្យ​ឃុំខ្លួន​លេខ​២៣៦​និង​២៣៧​ចុះ ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦​ដោយ​ចៅក្រម​ស៊ើបសួរ ចោទ​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន ទៅ​លើ​ជនសង្ស័យ​ទាំង​២​នាក់​។​

លោក ថង សា​គណ ស្នងការ​រង​ទទួល​បន្ទុក​បទល្មើស​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​កោះសន្តិភាព​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឱ្យ​ដឹងផង​ដែរ​ថា ជនសង្ស័យ​មាន​ប្រពន្ធ និង​កូន​៣-៤​នាក់​ទៅ​ហើយ​។ មិនតែប៉ុណ្ណោះ​បច្ចុប្បន្ន គេ​កំពុង​មាន​បញ្ហា​ជាមួយ​ប្រពន្ធដើម និង កំពុង​លែងលះ​គ្នា​ផង​ដែរ តែ​មិន​ទាន់​ដាច់ស្រេច​នៅឡើយ​។​គួរ​រម្លឹក​ផង​ដែរ​ថា នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ ប្រាសាទកែវ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​ស្ត្រី​រង​គ្រោះ​ម្នាក់ ត្រូវ​បាន​ឃាតក​សម្លាប់​អា​រក​យ៉ាង​សាហាវព្រៃផ្សៃ ដោយ​បាន​ល្បួង​ជន​រង​គ្រោះ មក​ចូល​ដេក​ផ្ទះសំណាក់​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ផ្សា​រញ៉ែ ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​ហើយ កាត់​ក្បាល​យក​ទៅ​បាត់​។

ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន ដ៏​សែន​រន្ធត់​នេះ កម្លាំង​សមត្ថកិច្ច​បាន​ប្រឹងប្រែង​យ៉ាង​សស្រាក់សស្រាំ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ មានឈ្មោះ ចាន់ ឆាយ​យ៉ា ហៅ សា​រ៉ាត់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​ម​គ្គុ​ទេស​ទេសចរ​ថៃ មានស្រុក​កំណើត នៅ​ខេត្តបាត់ដំបង ប​ច្ច​ប្បន្ន​រស់នៅ​ភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ដែល​ជា​ឃាតករ​ដៃដល់ បាន​ត្រូវ​បាន​សម​ត្ថិ​កិច្ច​ចម្រុះ​ចាប់​បាន​នៅ​វេលា​ម៉ោង ៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​១៣​ខែកុម្ភៈ នៅផ្ទះ​របស់​ជនល្មើស​និង​ម្នាក់​ទៀត​ឈ្មោះ ណិ​ប សិទ្ធ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មុខរបរ​បើកឡាន​ឱ្យ​ក្រុមហ៊ុន​ចិន មានស្រុក​កំណើត​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូរ ខេត្តកំពត ខាង​កម្លាំង​ប៉េ​អឹ​ម​ឃាត់ខ្លួន​។​ចំណែក​សព​ស្ត្រី​រង​គ្រោះ​មានឈ្មោះ ឡេ​ន សិលា អាយុ​២៤​ឆ្នាំ​បុគ្គលិក​បម្រើ​ការ​នៅ​ភូមិ​វប្បធម៌ មាន​ទីលំនៅ​ក្នុងភូមិ​ខ្នាត ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​។

បច្ចុប្បន្ន​ជនសង្ស័យ​ដៃដល់​និង​អ្នក​បើកឡាន​ឱ្យ​ក្រុមហ៊ុន ចិន​ត្រូវ​បាន​កម្លាំង​ជំនាញ បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៥​ខែកុម្ភៈ​ឆ្នាំ​២០១៦ តាម​បញ្ជា​របស់​ចៅក្រម​ស៊ើបសួរ ឈុ​ន ច​ន្ទ័​សីហា ដែល​បាន​ចេញ​ដីកា​សម្រេច​ឱ្យ​ឃុំខ្លួន​ទាំង​២​នាក់​៕មី