ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៥ គណៈ​អភិបាល​ខណ្ឌទួលគោក ដឹកនាំ​ដោយ​លោក​អភិបាលរង​ខណ្ឌ បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ផ្ទះ​មួយ​កន្លែង​ដែល​បាន​បើក​ហ្គេ​ម​ស្ទូចត្រី​ដុះ​ស្លែ ជា​ច្រើន​ឆ្នាំ ហើយ​រឹបអូស​បាន​ទូ​ហ្គេ​ម និង​សម្ភារៈ​ពាក់​ព​ន្ធ័​មួយ​ចំនួន​ទៀត ។ ផ្ទះ​បើក​ហ្គេ​ម​ដុះ​ស្លែ​មួយ​កន្លែង​នេះ មាន​ទីតាំង​ស្ថិត​នៅ ផ្ទះ​លេខ​៤ ភូមិ​១៣ ផ្លូវ​លេខ​២៦៥ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ក្រោយ​ពី​កងកម្លាំង​ខណ្ឌ​ដឹកនាំ​ដោយ​លោក​អភិបាលរង រួម​ជាមួយ​កម្លាំង​សង្កាត់ បាន​ចុះ​បង្ក្រាប​ទីតាំង​បើក​ហ្គេ​ម​ខាងលើ​រួច​មក ប្រមូល​បាន​ទូ​ហ្គេ​ម​២​ទូ និង​សម្ភារៈ​ពាក់​ព​ន្ធ័​មួយ​ចំនួន​ទៀត​ទាំង​យប់ ។

ចំណែកឯ​ម្ចាស់​អាជីវកម្ម បាន​រត់គេច​ខ្លួន​បាត់​ស្រមោល នៅ​សល់​តែ​នារី​ម្នាក់​ដែល​ជា​បុគ្គលិក​បម្រើ​ការ​នៅ​ទីនោះ​តែ​ប៉ុណ្ណោះ ហើយ​ក៏​បាន​ត្រូវ​ដោះ​លែង​ទៅ​វិញ រីឯ​ទូ​ហ្គេ​ម និង​សម្ភារៈ​ដែល​រឹបអូស​បាន លោក​អភិ​រង​ខណ្ឌ​បាន​ឲ្យ​កងកម្លាំង​ដឹក​ជញ្ជូន​ទៅ​រក្សា​ទុក​នៅ​ខណ្ឌទួលគោក ដើម្បី​រង់ចាំ​លោក​អភិបាល​ខណ្ឌ សម្រេច​ពេលវេលា​ក្នុង​ការ​កម្ទេច​ចោល ។ ប្រភព​ច្បាស់ការ​មួយ​បាន​ប្រាប់​ថា ម្ចាស់​អាជីវកម្ម​នេះ​ទំនង​មាន​ខ្សែ​ក្រាស់​ហើយ​បានជា​ដុះ​ស្លែ​យូរ​ដូច្នេះ ។

លោក​អភិបាលរង​ខណ្ឌ​បាន​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា ប្រសិនបើ​ម្ចាស់​អាជីវកម្ម​ដែល​បាន​បើក​ហ្គេ​ម ទាំងអស់​នៅ​ក្នុង​ខណ្ឌទួលគោក មក​ដល់​ថ្ងៃនេះ​មិន​ព្រម​បញ្ឈប់​ទេ​នោះ លោក​នឹង​មាន​វិធានការ​ក្ដៅ​ជាង​នេះ​ទៅ​ទៀត​ព្រោះ​ប្រភេទ​ហ្គេ​ម ស្ទូចត្រី​នេះ​បាន​ពង្វក់​ដល់​អារម្មណ៍​កុមារ និង​យុវវ័យ​ខ្លាំង​ណាស់ ជា​ពិសេស​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ក្នុង​ការ​សិក្សា​របស់​ពួក​គេ​ជា​ខ្លាំង​ថែម​ទៀត​ផង ៕