ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកណ្តាល ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ពាក្យបណ្តឹង​របស់​ក្មេង​ស្រី ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ខែកុម្ភៈ នៅ​វិទ្យាល័យ​ហ៊ុន សែន សេរី​ដីដុះ ស្ថិត​ក្នុងភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ។

បុរស​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ​ឈ្មោះ ភា​ច ស៊ី​ណាត អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​ខ្វា​យ ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ។ រីឯ​ក្មេង​ស្រី​ជាដើម​បណ្តឹង​ឈ្មោះ ឈួ​ន សុ​ផា អាយុ​១៦​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​ព្រែក​ដូង​២ ឃុំ​កំពង់ស្វាយ ។

លោក វង សែ អធិការរង​នគរបាល​ស្រុក​កៀនស្វាយ បានឱ្យ​ដឹង​ថា យោង​តាម​ពាក្យបណ្តឹង​របស់​ក្មេង​ស្រី​រៀបរាប់​ថា ខណៈ​ពេល​នាង​ចេញពី​រៀន​គួរ​នៅ​វិទ្យាល័យ ហ៊ុន សែន សេរី​ដីដុះ ដើរ​សំដៅ​មក​កន្លែង​ទុក​កង់ ស្រាប់តែ​ជន​ខាងលើ​មិនដឹង​ចេញ​មកពីណា​បាន​ស្ទុះ​មក​ចាប់​បី​នាង​ហើយ​វាយ​នាង ។ ខណៈនោះ​នាង​ខំ​រើបម្រះ​និង​ស្រែកហៅ​មិត្តភក្តិ​ឲ្យ​ជួយ ហើយ​ជន​នេះ​ក៏​ដាក់​នាង​ចុះ​រួច​រត់គេច​ខ្លួន​បាត់ តែ ដោយសារ​នាង​ស្គាល់​អត្តសញ្ញាណ​ក៏​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​កំពង់ស្វាយ ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ភ្លាម លោកនាយ​ប៉ុស្តិ៍​កំពង់ស្វាយ ក៏​ដឹកនាំ​កងកម្លាំង​ចុះ​ទៅ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ឈើ​ទាល ធ្វើការ​ស្រាវជ្រាវ​និង​ឈាន​ដល់​ឃាត់ខ្លួន​ជន​ឈ្មោះ ភា​ច សុ​ណាត នៅ​នឹង​ផ្ទះ​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ងៃ​ដដែល រួច​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ។

លោក​អធិការរង​បន្ត​ទៀត​ថា ជនជាប់ចោទ​ហាក់បីដូចជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី ពេល​សមត្ថកិច្ច​សាកសួរ​មិន​បាន​ឆ្លើយ​សារ​ភាព​អ្វី​ទេ តែ​ទោះ​ជាយ៉ាង​ណា យោង​តាម​ពាក្យបណ្តឹង របស់​ក្មេង​ស្រី សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​កាន់​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ទៀត ។