លោក ផៃ ស៊ីផាន៖ បាតុកម្មខ្មែរអាមេរិកាំង ជាការបំផ្លាញផល ប្រយោជន៍ជាតិ និងទំនាក់ទំនង កម្ពុជា អាមេរិក

ភ្នំពេញ៖ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានថ្លែងថា បាតុកម្មរបស់ពលរដ្ឋខ្មែរអាមេរិកាំង ប្រឆាំងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា ក្នុងដំណើរចូលរួមកិច្ចប្រជុំអាស៊ានអាមេរិក នៅសាន់នីលែន កាលីហ្វ័រញ៉ា គឺជាការបំផ្លាញផលប្រយោជន៍ជាតិ និងទំនាក់ទំនងរវាងអាមេរិកនិងកម្ពុជា។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាព្រឹកថ្ងៃអង្គារនេះ លោក ផៃ ស៊ីផាន បានហៅការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរអាមេរិកាំង ថា “កំពុងរស់នៅអតីតកាល” និងមិនបានមើលឃើញពីការរីកចម្រើនរបស់ប្រទេសជាតិ។

កិច្ចប្រជុំកំពូលអាស៊ានអាមេរិក ដែលមានរយៈពេល២ថ្ងៃ ចាប់ផ្តើមនៅថ្ងៃចន្ទទី១៥ ខែកុម្ភៈ ត្រូវនឹងថ្ងៃអង្គារនៅកម្ពុជា។

អ្នកនាំពាក្យរូបនេះ បានថ្លែងថា “សម្តេចអញ្ជើញទៅ (ចូលរួមប្រជុំ) គឺដើម្បីផលប្រយោជន៍ខ្មែរទាំងអស់គ្នា ដើម្បីជំរុញទំនាក់ទំនងខ្មែរជាមួយសហរដ្ឋអាមេរិក។ ដោយសារយើងមើលឃើញគោលនយោបាយមួយដ៏ប្រសើរ ក្នុងការជិតស្នីទហើយនិងបានល្អជាមួយកម្ពុជា។”

លោកបន្តថា “(បាតុកម្ម) បានរំខាន ប៉ុន្តែមិនមែនជាឧបសគ្គអ្វីទេ។ គាត់រស់នៅក្នុងអតីតកាល ពីព្រោះគាត់គឺជាអ្នកភៀសខ្លួន ចេញពីស្រុកខ្មែរទៅ ដោយសារឱកាសភាគច្រើន នៅឆ្នាំ១៩៧៩ គាត់ឆ្លៀតឱកាសហ្នឹង គាត់រត់ចេញទៅ ហើយគាត់រស់នៅក្នុងអតីតកាលហ្នឹងឯង។ គាត់បានមិនដឹងថា កម្ពុជាបានជឿនលឿនដល់កម្រិត ហើយការរៀបចំស្រុករីកចម្រើនរាល់ថ្ងៃ (យ៉ាងដូចម្តេច)?”។

ទោះជាបែបណា លោក ផៃ ស៊ីផាន បានដាក់ការសង្ស័យថា ការធ្វើបាតុកម្មនោះ មានទំនាក់ទំនងជាមួយ គណបក្សប្រឆាំង ផងដែរ។ “គ្រាន់តែ ចំហាយខ្យល់នៅពីក្រោយខ្នង របស់គណបក្សប្រឆាំងហ្នឹងឯង។ កើតមកសម្រាប់តែប្រឆាំង អត់មានដោះស្រាយ និងការដោះស្រាយរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់ រហូតដល់សហរដ្ឋអាមេរិក គេកោតសរសើរ”។

លោកចាត់ទុកផងដែរថា បាតុកម្មនោះ គឺអត់បានប្រយោជន៍អ្វីទាំងអស់ ព្រោះពលរដ្ឋខ្មែរភាគច្រើន គេមិនមាត់មិនក និងក៏មានពលរដ្ឋខ្មែរអាមេរិកាំង មកទទួលនិងជួបពិភាក្សាសំណេះសំណាលជាមួយ សម្តេចតេជោ ផងដែរ៕

លោក ផៃ ស៊ីផាន៖ បាតុកម្មខ្មែរអាមេរិកាំង ជាការបំផ្លាញផល ប្រយោជន៍ជាតិ និងទំនាក់ទំនង កម្ពុជា អាមេរិក