ប្លន់​បាន​ម៉ូតូ​យក​មក​ផ្ញើ​នៅ​មន្ទីរពេទ្យ​ជួប​ម្ចាស់

ប្លន់​បាន​ម៉ូតូ​យក​មក​ផ្ញើ​នៅ​មន្ទីរពេទ្យ​ជួប​ម្ចាស់

រាជធានី​ភ្នំពេញ​៖ ស្ត្រី​ម្នាក់​ត្រូវ​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​វាយ​មួយ​ស្នាប់​កាំភ្លើង​បែកក្បាល ប្លន់​យក​ម៉ូតូ​ស្គូ​ពី​១​គ្រឿង​បាន​សម្រេច​ហើយ​គេចខ្លួន​ទៅ​បាត់ ។ ហេតុការណ៍​នេះ​ពិតជា​គួរ​ហួសចិត្ត​មែន ពេល​ដែល​ជន​រង​គ្រោះ​ត្រូវ​បងប្អូន​ដឹក​យក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​វិសាល​សុខ ក៏​ប្រទះ​​ឃើញ​ម៉ូតូ​របស់​គាត់​ដែល​ត្រូវ​ចោរប្លន់​នោះ ឃើញ​ចោរ​កំពុង​ផ្ញើ​នៅ​មន្ទីរពេទ្យ​ខាងលើ ហើយ​ភ្លាម​ៗ​ក្រុម​គ្រួសារ​ក៏​ទំនាក់ទំនង​ទៅ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​ចុះ​មក​ឡោម​ព​ន្ធ័​ភ្លាម​ៗ និង​ធ្វើការ​ឃាត់ខ្លួន​បាន​ម្នាក់ ក្នុង​ចំណោម​បក្សពួក​៤​នាក់ ។ រួម​ទាំង​ដកហូត​បាន​ម៉ូតូ​រង​គ្រោះ​មក​វិញ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ កុម្ភៈ ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​មន្ទីរពេទ្យ​វិសាល​សុខ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌ​ចំកា​មន   ។

បងប្អូន​របស់​ជន​រង​គ្រោះ​ខាងលើ បាន​និយាយ​រៀបរាប់​ប្រាប់​កោះសន្តិភាព​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្គូ​ពី ពណ៌​ខ្មៅ លាយ​ក្រហម ពាក់​ស្លាក​លេខ កណ្តាល 1R-0950 ដោយ​ជិះ​ម្នាក់ឯង​ត្រឡប់​មក​ពី​ធ្វើការ​វិញ ។ ពេល​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​ផ្លូវ​លេខ​៣០៤ ក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន ខណៈ​ដែល​ជន​រង​គ្រោះ​ជិះ​ជិត​ដល់​ផ្ទះ​គាត់​ទៅ​ហើយ ក៏​ស្រាប់តែ​មាន​ចោរ​១​ក្រុម​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​២០១៦ និង​MSX ដោយ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់ បាន​ជិះ​មក​ជិត​រួច​ហើយ​ដក​កាំភ្លើង​ភ្ជង់​ស្ដ្រី​ម្ចាស់​ម៉ូតូ​ឱ្យ​ចុះ​ពីលើ​ម៉ូតូ ។ ប៉ុន្តែ​ពេល​នោះ​ជន​រង​គ្រោះ​បាន​ប្រតាយប្រតប់​ជាមួយ ទើប​ចោរ​វាយ​មួយ​ស្នាប់​កាំភ្លើង​ត្រូវ​ក្បាល បណ្តាល​ឱ្យ​បែក​ហូរ​ឈាម​ស្រោច​ខ្លួន ទើប​យក​ម៉ូតូ​របស់​ជន​គ្រោះ​ជិះ​ចេញ​ទៅ​បាត់​ស្រមោល​តែ​ម្តង ។

បងប្អូន​របស់​ជន​រង​គ្រោះ​បាន​រៀបរាប់​បន្ត​ទៀត​ថា បន្ទាប់​ពី​កើតហេតុ​ពួក​គាត់​បាន​ដឹក​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​វិសាល​សុខ​ភ្លាម​ៗ ហើយ​ខណៈនោះ​ក៏​ប្រទះ​ឃើញ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដែល​ត្រូវ​ចោរប្លន់​បាន​សម្រេច​នោះ ផ្ញើ​នៅ​កន្លែង​មន្ទីរពេទ្យ​នេះ​ដែរ ។ ភ្លាម​ៗ​ពួក​គាត់​ជា​ម្ចាស់​ម៉ូតូ ក៏​ទៅ​សួរនាំ​អ្នក​ផ្ញើ​ថា ម៉ូតូ​នេះ​ជា​របស់​ពី​ណា​គេ ហើយ​អ្នកយាម​ម៉ូតូ​ក៏​បាន​ប្រាប់​ថា មាន​ក្មេង​ស្ទាវ​បួន​ប្រាំ​នាក់​បាន​ជិះ​យក​មក​ផ្ញើ​មុន​នេះ​បន្តិច​ទេ ។ ក្រោយ​សួរនាំ​សន្តិសុខ​ហើយ ជន​រង​គ្រោះ​ក៏​បាន​រាយការណ៍​ទៅ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ដើម្បី​ចុះ​មក​ធ្វើការ​ឡោម​ព័ន្ធ​ចាំ​ចាប់ចោរ​ប្លន់​នោះ ។ មិន​បាន​ប៉ុន្មាន​នាទី​ផង ចោរ​មួយ​ក្រុម​មាន​គ្នា​៤​នាក់ បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​យក​ម៉ូតូ ដែល​ពួក​គេ​យក​មក​ផ្ញើ​នេះ​វិញ ក៏​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ដែល​កំពុង​ត្រៀមចាំ​​បាន​ម្នាក់​ភ្លាម​ៗ ចំណែក​៣​នាក់​ទៀត បើក​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ក្រោយ​ឃាត់​ជនសង្ស័យ​នេះ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​បាន​យក​មក​មូល​ដ្ថា​ន​កងរាជអាវុធហត្ថ​ខណ្ឌ ដើម្បី​សាកសួរ​បន្ត តាម​ចាប់​បក្ខពួក​ផ្សេង​ទៀត​រួម​ទាំង​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ និង​ប្រគល់​ម៉ូតូ​អោយ​ជន​រង​គ្រោះ​វិញ ក្នុង​ពេល​នោះ​ដែរ ៕