ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជ​ធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​កាយ​ដី​ដាក់​លូ​រួច​លប់​វិញ​មិន​​រាបស្មើ​ធ្វើ​ឲ្យ​ផ្លូវ​ទាប​ខ្ពស់​បណ្តាល​ឲ្យ​រថយន្ត​របស់​ជនជាតិ​ចិន​មួយ​គ្រឿង ​បើក​មក​ដល់​ធ្លាក់​ជង្ហុក​ធ្វើ​ឲ្យ​ដាច់​កាឡេ​កង់​មុខ​ខាងស្តាំ​អូស​ទៅ​មុខ​១៥​ម៉ែត្រ ទើប​រថយន្ត​អស់​ល្បឿន​ទៅ​មុខ​លែង​រួច ​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៦ ​កុម្ភៈ ចំណុច​ស្តុ​ប​២០០៤ តាម​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍ សែន​ជ័យ ។

មន្ត្រី​នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ចំណុច​ស្តុ​ប​២០០៤​នេះ មាន​ក្រុមហ៊ុន​ជីកដី​កាយ​ដាក់​លូ​រួច​​​ចាក់​​​លុប​ដី​វិញ​ជិត​មួយ​ខែ​​ ប៉ុន្តែ​លុប​មិន​បាន​រាបស្មើ​ដូច​ដើមទេ​ធ្វើ​ឲ្យ​ផ្លូវ​ទាប​ខ្ពស់ ​​កន្លង​មក​មាន​រថយន្ត​និង​ម៉ូតូ​បើកបរ​មិន​មើល​បណ្តាល​ឲ្យ​ជ​ង្ហុក​ដួល​ជា​ញឹកញាប់ តែ​មិន​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ទេ ។ កន្លង​​មក​នគរបាល​ប្រចាំ​គោលដៅ ស្តុ​ប​ក៏​បាន​រាយការណ៍​ទៅ​ក្រុមហ៊ុន​ឲ្យ​មក​ពង្រាប​ថ្នល់​ចំណុច​ខាងលើ​បាន​ឲ្យ​រាបស្មើ​ផង​ដែរ​ចៀសវាង​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្នក​ធ្វើ​ដំណើរ តែ​មិនឃើញ​ក្រុម​ហ៊ុន​មក​ជួសជុល​ឡើង​វិញ​ទេ ។

ប្រភព​ដដែល​បន្ត​ទៀត ​ជាក់ស្តែង​រថយន្ត​ហ្វ័រ​រ៉េ​ន័​រ ពណ៌​ទឹកមាស ​ជិះ​គ្នា​៥​នាក់​ជា​ជនជាតិ​ចិន ធ្វើ​ដំណើរ​តាម​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ពី​កើត​ទៅ​លិច​មក​ដល់​ចំណុច​ខាងលើ​បាន​ធ្លាក់​ជង្ហុក បណ្តាល​ឲ្យ​រថយន្ត​ដាច់​កាឡេ​កង់​មុខ​ខាងស្តាំ​អូស​ប្រមាណ​១៥​ម៉ែត្រ​ទើប​រថយន្ត​អស់​ល្បឿន​ទៅ​មុខ​លែង​រួច តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​ទេ ។

ក្រោយ​ពេល​កើតហេតុ​ អ្នក​ជិះ​ក្នុង​រថយន្ត​បាន​នាំ​គ្នា​ចុះ​ពីលើ​រថយន្ត​​​​ដើរ​ចេញ​ទៅបាត់​អស់ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ​ ត្រូវ​បាន​សមត្ថកិច្ច​​ស្ទួ​ច​​​យក​ទៅ​ដាក់​នៅ​អែប​ចិញ្ចើម​ផ្លូវ​កុំ​ឲ្យ​​ស្ទះចរាចរណ៍ ៕