ស្រាវជ្រាវ &raquo ស្រាវជ្រាវ…

សារព័ត៌មាន​បរទេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា មនុស្ស​នៅ​ទូ​ទាំង​ពិភពលោក​ភ្ញាក់ផ្អើល​ដែល​ជាតិពុល​ក្នុង​អាកាសធាតុ​ក្លាយជា​មូលហេតុ​ធ្វើ​ឱ្យ​មនុស្ស​ជាង​៥,៥​លាន​នាក់​ស្លាប់​បាត់បង់​ជីវិត​មុន​អាយុ​នៅ​ក្នុង​ឆ្នាំ​២០១៣ ហើយ​ក្នុង​ចំណោម​នោះ​មាន​ជិត​ពាក់កណ្តាល​ជា​ពលរដ្ឋ​រស់នៅ​ប្រទេស​ឥណ្ឌា និង​ចិន ។

របាយការណ៍​របស់​អ្នក​វិទ្យាសាស្ត្រ​ពី​បណ្តា​ប្រទេស​ជា​ច្រើន​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៣ ជាតិពុល​ក្នុង​អាកាសធាតុ គឺជា​មូលហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋ​ចិន​ស្លាប់​បាត់បង់​ជីវិត​ចំនួន​១,៦​លាន​នាក់ និង​ឥណ្ឌា​១,៤​លាន​នាក់ ។ លោក​ម៉ៃ​ឃើ​ល ប្រូ​អ៊័​រ អ្នក​ស្រាវជ្រាវ​នៅ​មហាវិទ្យាល័យ ប្រ៊ី​ទី​ស កូ​ឡុំ​ប៊ី និយាយ​ថា ជាតិពុល​ក្នុង​អាកាសធាតុ​ជាក​ក្តា​ហានិភ័យ​លំដាប់​ទី​៤ ធ្វើ​ឱ្យ​ពលរដ្ឋ​នៅ​លើ​ពិភពលោក​ស្លាប់​បាត់បង់​ជីវិត និង​ជា​កត្តា​ប្រឈម​មុខ​ផ្នែក​បរិស្ថាន​លំដាប់​ទី​១ បង្ក​ឱ្យ​មាន​អ្នកជំងឺ​ច្រើន​ប្រភេទ ដូច​ជា​ជំងឺ​បេះដូង សរសៃ​ឈាម​ស្ពៀត​ក្នុង​ខួរក្បាល និង​មហារីក​សួត ។

លោក​ម៉ៃ​ឃើ​ល ប្រូ​អ៊័រ និង​ក្រុម​ស្រាវជ្រាវ​បាន​ប្រៀបធៀប​ឱ្យ​ឃើញ​ពី​បញ្ហា​ជាតិពុល​ផ្នែក​អាកាសធាតុ​នៅ​អាស៊ី ជា​ពិសេស​ប្រទេស​ចិន និង​ឥណ្ឌា ដែល​មានការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច ជា​រឿយ​ៗ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក ដូច​គ្នា​នៅ​សហរដ្ឋអាមេរិក និង​អឺរ៉ុប ។ 

តាម​របាយការណ៍​របស់​ក្រុម​អ្នក​ស្រាវ​នៅ​ប្រទេស​ចិន បញ្ជាក់​ថា ជាតិពុល​ក្នុង​អាកាសធាតុ​កើត​ពី​ចំហេះ​នៃ​ធ្យូងថ្ម បាន​សម្លាប់​ពលរដ្ឋ​ក្នុង​ប្រទេស​ចិន​ចំនួន​៣៦៦.០០០​នាក់ នៅ​ក្នុង​ឆ្នាំ​២០១៣ ៕